ដោយៈ ប.ខុន / ភ្នំពេញៈ ក្រោយពីព្យុះទី១៦ ឡើងគោក លើភាគកណ្តាលរបស់ ប្រទេសវៀតណាម ដោយបន្តដំណើរទៅប្រទេសថៃ ក្នុងកម្រិតជាវិសម្ពាធ បន្ទាប់ពីដើរ កាត់ពីលើប្រទេសឡាវ ក្នុងកម្រិតជាកូនព្យុះ រួចមក ព្យុះទី១៧ ឈ្មោះ កូឡាប (KULAP) ដែលបានកើតមាន ពេលបន្ទាប់ពីព្យុះណូរុ នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគអគ្នេយ៍ ប្រទេសជប៉ុន បានបន្តដំណើរទៅភាគឦសាននោះ ពេលនេះ (២៨កញ្ញា) មានវិសម្ពាធមួយទៀត បានកើតមាននៅក្នុងសមុទ្រប៉ាស៊ីហ្វិក ភាគឦសាន នៃប្រទេសហ្វីលីពីន ដែលអាចនឹងវិវត្តទៅជាព្យុះទី១៨ នៅពេលបន្ទាប់ពីព្យុះទី១៦ អស់ឥទ្ធិពល។

តាមការព្យាករព្យុះទី១៨ ដែលនឹងកើតមាន នៅពេលខាងមុខនេះ មិនដើរចូលសមុទ្រ ចិនខាងត្បូងទេ គឺមានដំណើរតាមគន្លងផ្លូវព្យុះទី១៥ ឈ្មោះ តាលាស់ (TALAS) ស្របនឹងដំណើរ របស់ព្យុះទី១៧ ឈ្មោះកូឡាប ដែលកំពុងស្ថិតនៅក្នុងកម្រិតជា sTS ដោយបន្តដំណើរទៅភាគឦសាន។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ថានៅថ្ងៃទី២៨ និង ២៩ ខែកញ្ញា ប្រទេសកម្ពុជា បន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ។ ព្យុះនេះ នឹងចូលលើប្រទេសវៀតណាម ភាគកណ្ដាល នៅវេលាម៉ោង ១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិតជា (STS) រួចបន្ថយឥទ្ធិពលទៅជា វិសម្ពាធ (TD) ដើរលើតំបន់អាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពល ទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មក ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។

សេចក្តីជូនដំណឹងខាងលើ បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ នៅថ្ងៃទី២៨ និងទី២៩ ខែកញ្ញា បណ្ដាខេត្តក្នុងភូមិសាស្ត្រ ជាប់ព្រំដែនថៃ អាចមានភ្លៀង ក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់ ក្នុងកំរិតពីតិចទៅបង្គួរ។ បន្ទាប់ពីនោះ ភ្លៀងអាចធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យម ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ ។ នៅថ្ងៃទី២៨ និងទី២៩ ខែកញ្ញា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ទៅ ភ្លៀងអាចធ្លាក់ក្នុងកំរិតពីខ្សោយទៅបង្គួរ។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ ។ អាចមានភ្លៀង ក្នុងកំរិតពីមធ្យម ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង លាយឡំ និងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។

យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានសូមអាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៍មាន និងបន្តប្រុង ប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕/V