ដោយៈ សុផានីតា / កោះកុង៖ លោកអភិបាលរងស្រុកមណ្ឌលសីមា អះអាងថា ខ្លួនកំពុងជំរុញដល់តំណាងក្រុមហ៊ុនប្រមូលសំរាម ចាំបាច់ពន្លឿន ចុះប្រមូលសំរាម តាមខ្នងផ្ទះ និងទីសាធារណៈ គ្រាមានការរិះគន់ ពីប្រជាពលរដ្ឋ ថាយឺតយ៉ាវក្នុងការ ប្រមូល សំរាម ដោយទុកសំរាមជិត ១ ខែទៅហើយ។

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀល ថ្ងៃទី២៨ ខែកញ្ញានេះថាៈ លោកបានកំពុងណែនាំឱ្យក្រុមហ៊ុនអេកូឡូខល់ សឺលូសិន ត្រូវបង្កើនការចុះប្រមូលសំរាម ឱ្យបានទាន់ពេលវេលា ខណៈកាកសំណល់សំរាម គ្រប់ប្រភេទ នៅពាសពេញមុខផ្ទះរបស់ពលរដ្ឋ​។

បើតាមលោកអភិបាលរងស្រុកមណ្ឌលសីមា ក្រុមហ៊ុនប្រមូលសំរាមនេះ ទើបតែចូលមក វិនិយោគប្រមូលសំរាម ដោយអាជ្ញាធរ បានសហការជាមួយក្រសួងបរិស្ថាន កន្លងទៅ។ ករណីប្រមូលសំរាម មិនទៅតាមលក្ខខណ្ឌ ក្នុងកិច្ចសន្យា វាអាចនឹងខូចឈ្មោះក្រុមហ៊ុន។ ម៉្យាងទៀត លោកក៏ស្នើសុំដល់ក្រុមហ៊ុនរើសបន្ថែមបុគ្គលិក កម្មករ និងរថយន្តដឹកសំរាម ដើម្បីឱ្យការប្រមូលសំរាមទាន់សភាពការណ៍ ចៀសវាងការរិះគន់ពីប្រជាពលរដ្ឋ។

លោក សុន លីណា តំណាងក្រុមហ៊ុនអេកូឡូខល់ សឺលូសិន បានអះអាងថាៈ កន្លងទៅ រថយន្តដឹកសំរាម បានខូចខាត និងជួសជុល ទើបប្រមូលសំរាម ពុំសូវទាន់ពេលវេលា។ តែឥឡូវនេះ លោកបានចាត់បុគ្គលិក ចុះប្រមូលសំរាមទៅតាមទីតាំងគោលដៅនីមួយៗ ទោះត្រូវធ្វើការថែមម៉ោងក៏ដោយ។

តំណាងក្រុមហ៊ុនប្រមូលសំរាម បានថ្លែងថាៈ ដាច់ខែកញ្ញា ក្រុមហ៊ុនជ្រើសរើសបុគ្គលិក កម្មករបន្ថែម ដើម្បីបង្កលក្ខណៈប្រមូលសំរាម បានទាន់ពេលវេលា ដែលក្រុមហ៊ុន បានធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ។

កន្លងទៅ មានឈ្មោះ លោក ហុង ពៅ ជាពលរដ្ឋ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង លើកឡើងតាមហ្វេសប៊ុក កាលពីថ្ងៃទី២៧ ខែកញ្ញា ថា មកយកលុយ ខែសីហា មកដល់ពេលនេះ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ មិនទាន់ឃើញក្រុមហ៊ុន មកយកសោះ សំរាមស្អុយហើយ ក្មេងតូចៗក៏ច្រើន។ មែនទែនទៅ កាកសំណល់សំរាមទាំងនេះ ត្រូវបានក្រុមហ៊ុនខកខានប្រមូលជិត ១ ខែទៅហើយ។

លោក ហុង ពៅ បានបន្ថែមថាៈ ក្នុងនាមលោក ជាប្រជាពលរដ្ឋ សំណូមពររដ្ឋបាល សាលាស្រុក ជួយកំណត់ក្រុមហ៊ុនប្រមូលសំរាម យកក្នុងមួយសប្តាហ៍ ឱ្យបាន ២ ដង យ៉ាងតិច កុំទុកយូពេកនាំឱ្យសំរាមស្អុយ បរិស្ថានមិនល្អ នាំឱ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ៕ V / N