ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ព្រំដែនកម្ពុជានិងថៃនៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីប្រាប់រស្មីកម្ពុជាថ្ងៃទិ២៨ខែកញ្ញាឆ្នាំ២០២២ថា ស្ថានភាពខាងជើងទឹកបានហក់ហក់ឡើងខ្លះ ខាងត្បូង ខាងលិចនៅធម្មតា។

លោក យ៉ត រ៉ាត ប្រធានក្រុមក្រុមប្រឹក្សាស្រុកថ្មពួក បានឲ្យដឹងថា នៅទិសខាងជើង គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែ កញ្ញា នេះ ស្ថានភាពជំនន់ទឹកភ្លៀងដែលហូធ្លាកពីប្រទេសថៃមកតាមដងអូរកំបុតក្បាលស្ទឹងស្វាយចេក ក្នុងឃុំគោគរមៀត បានកើនឡើងពីជាង១.៦ ដល់៤. ៨០មហើយ ក្នុងនោះ ធារទឹកបានខ្ជាក់ពីពោះអូរដោយអន្លើចូលវាលស្រែចម្ការ ទីធ្លារនានា ។

លោកបានបន្តថា ក្នុងនោះទឹកស្ទឹងមានហូរចូលទីធ្លារសាលាបឋមសឹក្សាអូរបុតផងដែរ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋជាឪពុកម្តាយអាណាព្យាបាលសិស្សានុសិស្សឬកូនចៅទាំងឡាយមើលថែរក្សាកូនចៅតូចៗ ក៏ដូចជាបង្ការប្រយ័ត្នមនុស្សចាស់និងស្ត្រីមានផ្ទៃពោះ ។

លោក យង់ យឺន អភិបាលរងស្រុកថ្មពួកនិងក្រុមការងារកាលពីម្សិលមិញបាន ចុះត្រួតពិនិត្យ ជំនន់ទឹកភ្លៀងជន់លិចទីធ្លារសាលាបឋមសិក្សាគោកខ្ពស់ ក្នុងនោះទឹកបានហូរបុកដាច់ទំនប់ខ្នងអាងតាដោកនៅភូមិដឺនិងភូមិគោកខ្ពស់ ឃុំគោកកឋិន ទទឹង៦ម៉ែត្រហើយ ប៉ុន្តែមកទល់ថ្ងៃនេះ ទឹកបានស្រកខ្លះវិញហើយ ។

ចំណែកអាជ្ញាធរនៅស្រុកស្វាយចេក និង សុ្រកអូរជ្រៅ បានអោយដឹងថា នាថ្ងៃទី២៨ខែកញ្ញាថា នៅចំណុចគោលដៅនានាតាមបណ្តោយព្រំដែនកម្ពុជានិងថៃ ដែលតែងទទួលរបបទឹកជំនន់និងជំនន់ទឹកភ្លៀងពីខាងទឹកដីថៃ ដូចជាម្តុំច្រករបៀងចម្ការគ ស្រុកស្វាយចេក ច្រករបៀងអូរបីជាន់ ទំនប់ដាច់ស្រុកអូរជ្រៅ អូរជ្រៅប៉ែកខាងត្បូង អូរខៃដន ក្រុងប៉ោយប៉ែត មិនមានទឹកហូរមកទេ ។

លោកវរសេនីយ៍សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចលេខ៨១៥ -ម៉ាឡៃបានដឹងនាថ្ងៃដដែលថា អូរព្រំដែននៅម្តុំអូរល្ហុង ភូមិសន្តិភាព ទន្សាយអើត ខ្លាងាប់ភូមិបន្ទាយទី១ឃុំទួលពង្រ និងអូរព្រំដែនទៅត្បូងក្នុងភូមិសាស្ត្រឃុំអូរសំព័រ អូរសំព័រ អូរស្ររឡៅ ម៉ាឡៃ(ស្ពានច្រកព្រំដែនម៉ាឡៃ-ណងព្រឺដែលតែងតែលិច) ដល់ឃុំបឹងបេង ព្រំប្រទល់ឃុំសិរីមានជ័យស្រុកសំពៅលូនស្រុកសំពៅលូនខេត្តបាត់ដំបង ក៏មិនមានជំនន់ទឹកភ្លៀងនិងទឹកជំនន់ថ្មីមកដែរ តែលោកបារម្ភថា នៅពេលនេះ មេឃមានភ្លៀងធ្លាក់បន្តបន្ទាប់ក្នុងភូមិសាស្ត្រស្រុក ភូមិសាស្ត្រស្រុកសំពៅលូននិងនៅទឹកដីថៃដែលមានសណ្ឋានដីខ្ពស់ជាង វានឹងនឹងមានទឹកហូរធ្លាក់មកនៅពេលបន្ទាប់ជាមិនខាន ៕