​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (BBC) ៖ ប្រាក់​យ័ន​របស់​ចិន​បាន​ឈាន​ដល់​កម្រិត​ទាប​បំផុត​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​ដែល​កំពុង​ឡើងថ្លៃ​។​

​ប្រាក់​យ័ន ដែល​ត្រូវបាន​ជួញដូរ​ជា​អន្តរជាតិ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ទិន្នន័យ​ដំបូង​អាច​រកបាន​ក្នុង​ឆ្នាំ ២០១១​។​រូបិយវត្ថុ​ក្នុង​ស្រុក​របស់​ចិន​ក៏​បាន​ឈាន​ដល់​ចំណុចខ្សោយ​​បំផុត​របស់​ខ្លួន​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ ២០០៨ ផងដែរ​។​

​រឿង​នេះ​កើតឡើង ខណៈ​ប្រាក់​ដុល្លារ​បន្ត​ឡើង​ថ្លៃធៀប​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​ផ្សេងទៀត បន្ទាប់​ពី​ធនាគារកណ្តាល​អាម៉េរិក​បាន​ដំឡើង​អត្រា​ការប្រាក់​ម្តងទៀត​កាលពីដើម​ខែ​នេះ​។​

​ទន្ទឹមនឹងនេះ​ដែរ​កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​សំខាន់ៗ​នៅ​ទូទាំង​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។​

​ស​ន្ទ​ស្សន៍ Nikkei របស់​ជប៉ុន​បាន​បិទ​ទាប​ជាង ១,៥ ភាគរយ ខណៈ​ស​ន្ទ​ស្សន៍ Kospi នៅ​កូរ៉េ​ខាងត្បូង​បាន​បិទ​នៅថ្ងៃនេះ ដោយ​ធ្លាក់​ចុះ ២,៤ ភាគរយ​។ ស​ន្ទ​ស្សន៍ Hang Seng របស់​ហុងកុង​គឺ​ទាប​ជាង ២,៨ ភាគរយ​។​

​ធនាគារ​កណ្តាល​របស់​ចិន​កំពុង​ព្យាយាម​បន្ថយ​ការធ្លាក់​ចុះ​តម្លៃ​ប្រាក់​យ័ន ដោយ​ធ្វើឱ្យ​វា​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ក្នុង​ការប្រៀបធៀប​នឹង​លុយ​ដុល្លារ​។ ធនាគារ​ប្រជាជន​ចិន (PBOC)​ក៏​បាន​កាត់បន្ថយ​​ចំនួន​រូបិយប័ណ្ណ​បរទេស​ដែល​ធនាគារ​នានា​ត្រូវ​រក្សា​ទុក​ផង​ដែរ​។​

​វិនិយោគិន​ជាច្រើន​យល់ឃើញថា ប្រាក់​ដុល្លារ​ជា​កន្លែង​សុវត្ថិភាព​ក្នុង​ការដាក់​ប្រាក់​របស់​ពួកគេ នៅពេល​មាន​បញ្ហា​។​

​នោះ​បាន​ជួយ​រុញ​តម្លៃ​របស់​វា​ធៀប​នឹង​រូបិយប័ណ្ណ​ផ្សេងទៀត រួម​ទាំង​ប្រាក់​ផោន​របស់​អង់គ្លេស ដែល​ឈាន​ដល់​កម្រិត​ទាប​គ្រប់ពេល​មិន​ធ្លាប់​មាន​ធៀប​នឹង​ប្រាក់​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​។​

​កាលពី​ថ្ងៃ​ពុធ​ផងដែរ ប្រាក់​ដុល្លារ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​ក្នុង​រយៈពេល ២០ ឆ្នាំ​ធៀប​នឹង​ក្រុម​រូបិយប័ណ្ណ​ពិភពលោក​ឈាន​មុខ​គេ​។​

​ការធ្លាក់ចុះ​នៃ​ប្រាក់​យ័ន​គឺជា​ឧទាហរណ៍​មួយទៀត​នៃ​ការធ្លាក់​ចុះ​នៃ​រូបិយវត្ថុ ដោយសារ​តែ​ប្រាក់​ដុល្លារ​ដ៏​រឹងមាំ​។​

​វា​ក៏​និយាយ​អំពី​ផ្លូវ​ខុស​គ្នា​ខ្លាំង​ផងដែរ ដែល​ចិន​និង​សហរដ្ឋ​អាម៉េរិក​កំពុង​អនុវត្ត​ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ស្រុក​។​

PBOC បាន​កំពុង​បន្ធូរបន្ថយ​អត្រា​ការប្រាក់​ដើម្បី​ធ្វើឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុង​សេដ្ឋកិច្ច​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដខ​ណៈ​ធនាគារកណ្តាល​អាម៉េរិក​កំពុង​ដំឡើង​​អត្រា​ការប្រាក់​យ៉ាង​ខ្លាំងក្លា​ក្នុង​ទិសដៅ​ផ្ទុយ​ពី​ចិន ខណៈ​ខ្លួន​ព្យាយាម​គ្រប់គ្រង​អតិផរណា​។​

​លោក យ៉ូ​សេប កាពួ​សូ (Joseph Capurso) ប្រធាន​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​និង​និរន្តរភាព​នៅ​ធនាគារ Commonwealth Bank of Australia បាន​ប្រាប់ BBC ថា​ភាពខុសគ្នា​បែប​​នេះ​គឺ​មិន​មាន​បញ្ហា​អ្វី​នោះទេ​។​

​លោក​បាន​និយាយថា ការធ្លាក់ចុះ​នៃ​តម្លៃ​រូបិយវត្ថុ​ពិតជា​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​នាំចេញ​នៅក្នុង​ប្រទេស​ចិន ដោយសារ​តែ​វា​នឹង​ធ្វើឱ្យ​ទំនិញ​របស់​ពួកគេ​មាន​តម្លៃថោក​ហើយ​ដូច្នេះ​អាច​​បង្កើន​តម្រូវការ​។​

​លោក​កាពួ​សូ​និយាយថា ដោយហេតុ​ថា ការនាំ​ចេញ​មាន​ត្រឹមតែ ២០ ភាគរយ​នៃ​សេដ្ឋកិច្ច​ចិន​នាពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​ប្រាក់​យ័ន​ទន់ខ្សោយ​នឹងមិន​ត្រឡប់​មក​រឹងមាំ​ក្នុងស្រុក​វិញ​ទេ​ដែល​ភាគច្រើន​គឺ​​បណ្តាល​មក​ពី​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វិបត្តិ​អចលនទ្រព្យ​។​

​រូបិយវត្ថុ​ខ្សោយ​ក៏​អាច​នាំឱ្យ​វិនិយោគិន​ទាញ​លុយ​របស់​ពួកគេ​ចេញពី​ប្រទេស​និង​បង្ក​ភាព​មិន​ច្បាស់លាស់​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ផងដែរ​ដែល​នេះ​ជា​អ្វី​ដែល​មន្ត្រី​ចិន​ចង់​បញ្ចៀស​ឱ្យ​បាន​ខណៈ​​សមាជ​បក្ស​កុម្មុយនីស្ត​នឹង​មកដល់​នៅ​ខែ​ក្រោយ នៅពេល​ប្រធានាធិបតី​របស់ខ្លួន លោក ស៊ី ជីន​ភីង ត្រូវ​គេ​រំពឹងថា​នឹង​ទទួលបាន​អាណត្តិ​ទី​បី​មិន​ធ្លាប់​មាន​ពីមុនមក​៕

លុយ​យ័ន​ធ្លាក់​ថ្លៃ​ខ្លាំង​មិន​ធ្លាប់​មាន​ធៀប​នឹង​ដុល្លារ