ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ព្រឹត្តិការណ៍​សប្តាហ៍​វប្បធម៌​កម្ពុជា​នៅ​វៀតណាម​ឆ្នាំ ២០២២​កំពុងតែ​ដំណើរការ​នៅក្នុង​ប្រទេស​វៀតណាម ក្រោម​ការដឹកនាំ​ដោយ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ។

រូបភាពៈ( VNA )

​ព្រឹត្តិការណ៍​វប្បធម៌​នេះ គឺ​បានរ​ផ​ប​ចំ​ឡើង​នៅក្នុង​ទីក្រុង​ហូជីមិញ និង ខេត្ត​ត្រា​វិញ នៅ​ដែនដី​សណ្តរ​ទន្លេមេគង្គ ចាប់ពី​ថ្ងៃទី ២៧ ខែកញ្ញា ដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២២​។

​នៅក្នុង​ឱកាស​ស្នាក់នៅ​ទីក្រុង​ហូជីមិញ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ ក៏បាន​ទទួល​ជួបពិភាក្សា​ជាមួយនឹង លោក ឌឿ​ង អា​ញ់​ឌុ​ក (Duong Anh Duc) អភិបាលរង​នៃ​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហូជីមិញ​។

​លោក​បាន​អះអាងថា ព្រឹត្តិការណ៍​នេះ គឺ​រៀបចំឡើង​ដោយ​អនុលោម​ទៅតាម​ផែនការ សហប្រតិបត្តិការ​ស្តីពី​វប្បធម៌​និង​សិល្ប​:​ឆ្នាំ​២០១៨-២០២២​រវាង​ក្រសួង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ​ផង និង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទំនាក់ទំនង​ការទូត​លើក​ទី​៥៥​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​នៅក្នុង​ជំនួប​នេះដែរ ភាគី​ទាំង​ពីរបាន​រំលឹក​អំពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​កាលៈទេសៈ​ពិបាក​កាលពី​អតីតកាល និង​ក្នុង​កាលៈទេសៈ​សន្ដិភាព​នាពេល​បច្ចុប្បន្ន នៅលើ​វិស័យ​ជាច្រើន​។
​ទោះបី​ពិភពលោក​និង​ប្រទេស​ទាំងពីរ​ទទួលរង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ក៏ដោយ ប៉ុន្តែ​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​រក្សាបាន​នូវ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជា​ទៀងទាត់​ជាមួយគ្នា​។
​ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​បញ្ហា​ផ្សេងៗ​មួយចំនួន រួមមាន​ការអភិរក្ស​បេតិកភណ្ឌ​ទីក្រុង​, ការរៀបចំ​ស៊ី​ហ្គេម​(SEA Games) ដែល​ភាគី​វៀតណាម​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កន្លងមក និង​វេន​សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​, គម្រោង​បណ្តុះបណ្តាល​នៅ​សាលា​បេតិកភណ្ឌ រវាង​កម្ពុជា ឡាវ និង​វៀតណាម​(CLV), ការផ្លាស់ប្ដូរ​គណៈប្រតិភូ​ទៅវិញទៅមក​…​។​ N

រូបភាព ( ក្រសួងវប្បធម៌ )