ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ ការអភិវឌ្ឍបៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃជំងឺកូវីដ១៩ នាព្រឹកថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធ ZOOM ។

នាឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់សហព័ន្ធនារីវៀតណាម ដែលបានផ្តួចផ្តើមគំនិតរៀបចំនូវវេទិកាដ៏សំខាន់នេះ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុង បរិបទជំងឺកូវីដ១៩។ លោកស្រី សង្ឃឹមថា វេទិកានេះ នឹងបានចែករំលែក នូវបទពិសោធន៍ និងការផ្លាស់ប្តូទស្សនៈ បង្កើតបាននូវផែនការសកម្មភាពរួមមួយ ដើម្បី សម្រេចបាននូវគោលដៅការអភិវឌ្ឍ បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ.១៩។ ក្នុងនោះផងដែរ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ត្រៀមខ្លួនសហការយ៉ាងជិត ស្និទ្ធជាមួយនារីប្រទេស វៀតណាម ឡាវ បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក និងអង្គការ សមាគមជាតិ អន្តរជាតិនានា និងអនុវត្តន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារអភិវឌ្ឍន៍បៃតង ការអភិរក្សធនធានធម្មជាតិ ការដាំដើមឈើនៅតំបន់រេចរឹល ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃថាមពលជីវចម្រុះ និងការបន្សាំទៅនឹងការ ប្រប្រួលអាកាសធាតុដើម្បីឱ្យស្ត្រីអាចទទួលបានផលជាវិជ្ជមាន ប្រកបដោយសមធ៌ម និងបរិយាបន្ន។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមមេដឹកនាំស្រ្តីទាំងបីប្រទេសក៏បានចែករំលែកនូវបទពិសោធន៍ដែលពាក់ព័ន្ធនឹងប្រធាន បទរួមមាន៖ ប្រទេសកម្ពុជា៖ ធ្វើបទបង្ហាញស្តីអំពី កសិកម្ម ទេសចរណ៍ និងបរិស្ថានស្អាត, ប្រទេសឡាវ ធ្វើបទបង្ហាញស្តីអំពីការងើបឡើងវិញក្រោយពីជំងឺកូវីដ-១៩ ការធានាសន្តិសុខ សង្គម សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី, ប្រទេសវៀតណាម៖ ធ្វើបទបង្ហាញស្តីអំពី កម្មវិធី COCP ឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងនិរន្តរភាពជាដើម ។