ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានបញ្ជាក់ថារាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនតាមរយៈកត្តារួមផ្សំជាច្រើន រួមមាន៖ ១. កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ២. សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សាសាកលភាវូបនីយកម្ម ៣. ការកាត់បន្ថយឆាប់រហ័សនៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និង ៤.ភាពឯករាជ្យម្ចាស់ការ។ដូចនេះទាមទារនូវការជំរុញឱ្យធនធានមនុស្សយើងមានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅ, ជំនាញវិជ្ជាជីវៈ, កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុងដែលរួមទាំងគុណធម៌និងសីលធម៌ផងដែរ។

ការបញ្ជាក់នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រនិង បរិញ្ញាបត្ររង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)សាខាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទចំពោះនិស្សិតទាំង ១.៥០០ នាក់ ។លោកថានេះជាមោទនភាពសម្រាប់និស្សិតខ្លួនឯងបន្ទាប់ពីការតាំងចិត្តខិតខំប្រឹងប្រែងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងការដុសខាត់នូវសមត្ថភាពរហូតទទួលបាននូវភាពជោគជ័យ ដូចក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុកម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួម ប្រកបដោយទឹកចិត្តសប្បាយរីករាយ។នេះជាការឆ្លុះបញ្ចាំងអំពីបំណងរបស់គ្រប់ក្រុមគ្រួសារដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួនទទួលបាននូវការអប់រំខ្ពង់ខ្ពស់មានចំណេះដឹងជ្រៅជ្រះនិងជាមូលធនប្រកបដោយគុណប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ ក៏សូមអរគុណដល់គណៈគ្រប់គ្រងនិងសាស្រ្តាចារ្យនៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME)ខេត្តកំពង់ចាមទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលគាំទ្រនិងចែករំលែកនូវចំណេះដឹងជូនដល់និសិ្សត រហូតបានបញ្ចប់ការសិក្សា ប្រកបដោយមោទនភាពទោះបីជាត្រូវឆ្លងកាត់នូវការលំបាកគ្រប់យ៉ាង ជាពិសេសក្នុងដំណាក់រីករាលដាលនៃជំងឺកូវីដ១៩។លើសពីនេះក៏សូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យគ្រប់គ្រប់និងសេដ្ឋកិច្ច(UME)ចំពោះការវិវឌ្ឍពង្រីកខ្លួនដើម្បីសាបព្រោះបណ្តុះធនធានចំណេះដឹងដល់និស្សិតកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សាការងារ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជាប្រកបដោយសមត្ថភាព, គុណភាព និងវិជ្ជាជីវៈ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទទួលសញ្ញាបត្រនេះ មានន័យថានិសិ្សតជ័យលាភីទាំងអស់ បានបញ្ចប់ដំណើរជំហានមួយទៀតក្នុងជីវិត។មេរៀនដ៏សំខាន់សម្រាប់ជំហានបន្ទាប់ទៀតទាំងក្នុងការប្រកបការងារ និងជីវិតរស់នៅ មានជាអាទិ៍៖ ទី១. ជោគជ័យធំកើតពីការបូករួមផ្សំចូលគ្នានៃជោគជ័យតូចៗជាច្រើន។ ក្នុងន័យនេះភាពជោគជ័យដែលនិស្សិតសម្រេចបាននាពេលនេះគឺកើតចេញពីភាពជោគជ័យជាជំហានៗជាច្រើនរួមផ្សំគ្នារាប់ចាប់តាំងពីថ្ងៃសិក្សាដំបូងមកដល់មានសមត្ថភាពពេញលេញ។ទី២.ការតស៊ូខិតខំប្រឹងប្រែងជាកត្តាកំណត់នូវភាពជោគជ័យព្រោះភាពជោគជ័យត្រូវការពេលវេលាទាំងក្នុងការសិក្សារៀនសូត្រនិងការអនុវត្តការងារជាក់ស្តែងនិងទី៣.ការកំណត់គោលដៅច្បាស់លាស់នៅក្នុងរាល់សកម្មភាពការងារនិងក្នុងជីវិតដែលនេះអាចជួយទម្លុះទម្លាយនូវរាល់បញ្ហាប្រឈមនានា និងរក្សានូវគោលគំនិតបន្តសម្លឹងមើលទៅលទ្ធផលនាថ្ងៃអនាគត៕សរន