ដោយៈមីន សាណាស់ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ៖ខ្ញុំឈ្មោះ ទូទ័ល សារ៉ស់ ភេទស្រី អាយុ៧៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

កាលជំនាន់ដើមខ្ញុំប្រកបរបរត្បាញសំពត់សូត្រ និងក្រមា។ ចំណែកឪពុកខ្ញុំឈ្មោះ ទូទ័លគឺជាអ្នកធ្វើកន្ទេលនិងមាន ចំណេះដឹងផ្នែកសាសនាក្នុងភូមិមួយរូប ហើយម្តាយខ្ញុំឈ្មោះ សុះ ភាស គឺជាអ្នកបង្កើតគោមសំពត់សូត្រ ត្បាញ ដែលជារបរបន្ទាប់បន្សំជួយជីវភាពក្នុងគ្រួសារ។ឪពុកម្តាយខ្ញុំមានកូនចំនួន១០នាក់គឺប្រុសប្រាំនាក់និងស្រីចំនួនប្រាំនាក់។ បងៗប្រុសខ្ញុំសុទ្ធតែជាទាហាន លន់ នល់។ ក្រោយរបបខ្មែរក្រហមគឺបងប្អូនខ្ញុំនៅសល់តែពីរនាក់ប៉ុណ្ណោះ គឺខ្ញុំ និងបងប្រុសខ្ញុំម្នាក់ដែលបានរត់ចេញទៅប្រទេសវៀតណាម។

ទូទ័ល សារ៉ស រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅផ្ទះរបស់គាត់កាលពីខែកក្កដា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

កាលពីតូច ឪពុកម្តាយខ្ញុំជំរុញខ្ញុំឲ្យសិក្សាពីក្បួនច្បាប់ផ្នែកសាសនាដល់អាយុប្រហែលជា១៥ឆ្នាំខ្ញុំឈប់រៀនហើយ ងាកមករៀនសូត្ររបរប្រពៃណីតម្បាញសូត្រពីម្តាយខ្ញុំ។ មួយផ្នែកទៀត ខ្ញុំចង់ជួយសម្រាលការងារគាត់។

ដំបូងម្តាយខ្ញុំឱ្យរៀនត្បាញជាមុនសិន។បន្ទាប់ពីខ្ញុំចេះត្បាញហើយគាត់ចាប់ផ្ដើមបង្រៀនខ្ញុំឱ្យចងគោមហើយណែនាំ ខ្ញុំដាក់​ពណ៌អ្វីឲ្យត្រូវជាមួយគោមសំពត់នីមួយៗ។ ទម្រាំខ្ញុំចេះចាំ និងអាចចងគោមបានដោយខ្លួនឯងវាមិនមែន ជារឿងងាយស្រួលទេ គឺយូរណាស់ បានធ្វើចេញជាសំពត់មួយ។

កាលខ្ញុំនៅត្បាញសំពត់បានប្រវែងតែពីរម៉ែត្រគឺកាត់ចេញហើយ មិនដូចបច្ចុប្បន្នត្រូវត្បាញឲ្យបានបួនម៉ែត្ររួច ហៅថាមួយក្បិនទេ។ ប្រហែលនៅក្នុងកំឡុងឆ្នាំ១៩៦២ ឈ្មួញពេញនិយមទិញសំពត់គោមផ្ការំយោង ផ្កាម្លិះ ផ្ការាំង គោមភ្នែកគោ កូនហ៊ីង គោមផ្កាទទឹមតូចៗ គោមភ្នែកមាន់ និង គោមចំណិតសណ្ដាន់។

គោមទាំងនេះមានពណ៌ លឿង ក្រហម ខ្មៅ និងបៃតង ដោយប្រើលក្ខធម្មជាតិ ឬហៅម្យ៉ាងទៀតលក្ខខ្មែរ។ គោមដែលខ្ញុំបានរៀបរាប់នេះ គឺសុទ្ធតែជាគោមដែលខ្ញុំធ្លាប់ចងដោយផ្ទាល់ ហើយអតិថិជនចូលចិត្តប្រើប្រាស់។ ឈ្មួញកុម្មង់យកទៅលក់បន្តដោយកក់យកគោមទាំងនេះជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ១៩៦៧ ឪពុកម្តាយខ្ញុំបានរៀបចំពិធីរៀបការឱ្យខ្ញុំនិងប្តីខ្ញុំឈ្មោះ ស្មាស់ អេល។ខ្ញុំរៀបការហើយនៅតែ បន្តការងារតម្បាញរបស់ខ្ញុំដដែល។ ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនាឆ្នាំ១៩៧០មិនបានប៉ុន្មានផងស្រាប់តែឃើញមានព្រឹត្តិការណ៍ប្លែកៗនៅក្នុងភូមិគឺខ្ញុំឃើញមានកងកម្លាំងរំដោះខ្មែរក្រហមចូលមកគ្រប់គ្រងហើយចាត់តាំងប្តីរបស់ខ្ញុំកាន់តួនាទីខាងគ្រប់គ្រងឃ្លាំងឬហៅថាកាន់ខាងគមនាគមន៍។ក្រោយមកហាកឹមតួននិងអ្នកមានធនធានក្នុងភូមិត្រូវកងកម្លាំងរំដោះមកហៅឲ្យចុះពីលើផ្ទះនិងយកទៅរាល់យប់។ សូម្បីតែឪពុករបស់ខ្ញុំ និងបងប្រុសៗរបស់ខ្ញុំក៏កងកម្លាំងរំដោះខ្មែរក្រហមចាប់យកទៅដែរព្រោះបងប្រុស របស់ខ្ញុំធ្វើជាទាហានលន់នល់។ខ្ញុំខំស្រែកថាកុំយកគាត់ទៅអីគួរយោគយល់ប្ដីរបស់ខ្ញុំផងគាត់ក៏ជាអ្នកធ្វើការឲ្យកងកម្លាំងរំដោះដែរ។ ប៉ុន្តែសម្តីដែលកងកម្លាំងរំដោះតបមកខ្ញុំវិញឮតែ«ឯងឡើងលើផ្ទះវិញទៅគ្មានប្រយោជន៍ទេ»។ ក្រោយពីចាប់ឪពុកខ្ញុំនិងបងៗបានបីថ្ងៃព្រឹកឡើងពេលខ្ញុំចុះពីផ្ទះជាន់កាំជណ្ដើរស្រាប់តែឃើញខោអាវឪពុកនិងបងៗរបស់ខ្ញុំ។ ខ្ញុំដឹងក្នុងចិត្តរួចហើយថាពួកគាត់ត្រូវកងកម្លាំងរំដោះខ្មែរក្រហមយកទៅសម្លាប់។

នៅឆ្នាំ១៩៧៥ ក្រោយពីកងទ័ពខ្មែរក្រហមរំដោះទីក្រុងភ្នំពេញរួចខ្មែរក្រហមចាប់ផ្ដើមជម្លៀសជនជាតិចាមចេញ ពីភូមិ ដោយទុកតែប្រាំមួយគ្រួសារសម្រាប់ត្បាញក្រមា និងធ្វើនំពុម្ពបារាំង។

កីសម្រាប់ត្បាញក្រមារបស់ជនជាតិចាមនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំត្បាញក្រមាឱ្យកងទ័ពខ្មែរក្រហមរហូតដល់ចុងឆ្នាំ១៩៧៨។ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើជាមេក្រុមកីតម្បាញ ដឹកនាំជ្រលក់​ពណ៌ រវៃអំបោះ ហាលអំបោះ។ ក្រមាដែលខ្ញុំត្បាញគឺមានពណ៌ខ្មៅ លាយក្រហមគឺជាប្រភេទ ក្រមាបង់ក។ក្រមាដែលខ្ញុំត្បាញភាគច្រើនឃើញកម្មាភិបាលខ្មែរក្រហមជូនដល់កូនកម្លោះកូនក្រមុំដែលអង្គការបាន រៀនចំផ្សំផ្គុំ។ ទោះបីជាប្តីរបស់ខ្ញុំគឺជាប្រធានឃ្លាំង ប៉ុន្តែសម្ភារ ដូចជា ក្រណាត់ ក្រមា និង នំគឺខ្ញុំមិនដែលបានបរិភោគ ឬប្រើប្រាស់ឡើយ។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំរស់នៅក្នុងភូមិដដែលនិងរង់ចាំមើលផ្លូវ បងប្អូន កូនក្មួយត្រឡប់មកវិញ។ ប៉ុន្តែជាអកុសល​បងប្រុសបងស្រីរួមជាមួយបងថ្លៃប្រុសស្រីខ្ញុំមិនបានវិលត្រឡប់មកវិញទេរហូតមកដល់សព្វថ្ងៃនេះ។ខ្ញុំនិងប្តីប្រកបមុខរបរនេសាទត្រីលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនិងសន្សំលុយប្រាក់ខ្លះដើម្បីទុកចាយវាយសម្រាប់ថ្ងៃខាងមុខ។ ខ្ញុំនិងប្តី មិនមានកូនទេ។ ដូច្នេះខ្ញុំបានយកក្មួយពីរនាក់មកចិញ្ចឹម។

នៅឆ្នាំ១៩៨៤ខ្ញុំឃើញអំបោះសូត្រមានលក់នៅលើទីផ្សារហើយដោយសារខ្ញុំមានចំណេះជំនាញពីម្តាយរបស់ខ្ញុំស្រាប់។ដូច្នេះខ្ញុំក៏រៀបចំដំឡើងកីត្បាញសំពត់សូត្រឡើងវិញ។ខ្ញុំរកឈើថ្មីនិងស្វែងរកកីតម្បាញចាស់ៗមកផ្សំគ្នាដំឡើងទៅជាកី។ ខ្ញុំរៀបចំរវៃសូត្រ ស្វែងរកលក្ខជ្រលក់ ហាលសូត្រ ។ចំណែកប្ដីរបស់ខ្ញុំរៀបចំកី។

គោមដែលខ្ញុំធ្វើដំបូងបន្ទាប់ពីអាក់ខានធ្វើជាយូរឆ្នាំ គឺគោមក្ញោក បន្ទាប់មកគោមសំរោង គោមចំណិតសណ្ដាន់ និងគោមជាច្រើនទៀត។ចំណែកពណ៌ គឺមានពណ៌បៃតង ពណ៌ក្រហម ពណ៌លឿង និងពណ៌ស្វាយ។ សព្វថ្ងៃ ភូមិកំពង់ក្របី លែងមានកី​តម្បាញ​សំពត់សូត្រទៀតហើយ ព្រោះសំពត់សូត្រគ្មានទីផ្សារ។

នៅក្នុងភូមិមានតែកីត្បាញក្រមាហើយសល់តែបួនទៅប្រាំកីតែប៉ុណ្ណោះ។ខ្ញុំពិតជាសោកស្តាយស្នាដៃត្បាញដែលជាប្រពៃណីជីដូនជីតាបន្សល់ទុកឱ្យ ហើយប្រសិនបើគ្មានការចាប់អារម្មណ៍លើការត្បាញនេះទៀតទេនឹងធ្វើឱ្យ បាត់បង់នៅពេលខាងមុខ៕សរន