ដោយ:ដេប៉ូ/ភ្នំពេញ៖ តាមរយៈការប្រឡងប្រណាំង”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខខណ្ឌ សម្បត្តិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាមធ្វើឱ្យការរស់នៅ ប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ និងស៊ីវិល័យ ។នេះជាការថ្លែងបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី”ការប្រឡងប្រណាំងភូមិឃុំ សង្កាត់ មានសុវត្ថិភាព”ក្នុងក្របខ័ណ្ឌ លក្ខណៈសម្បត្តិទី៦ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២២ ។

តាមរយៈការអនុវត្តគោលនយោបាយ៖”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្ថិភាព”នឹងធ្វើឱ្យទីប្រជុំជន លំនៅឋានទីផ្សារនិងក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យបរិស្ថានល្អដែលជាទីទាក់ទាញវិស័យទេសចរណ៍។នេះបើតាមលោករដ្ឋមន្រ្តីបន្ថែម។

លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី”ការប្រឡងប្រណាំងភូមិឃុំ សង្កាត់ មានសុវត្ថិភាព”ក្នុងក្របខ័ណ្ឌ លក្ខណៈសម្បត្តិទី៦ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២២ (រូបថតៈក្រសួងបរិស្ថាន)

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា កន្លងមកក្រសួងបរិស្ថានបានធ្វើការ គ្រប់គ្រង សំរាមតាមភូមិឃុំស្រុកនៃបណ្តាខេត្ត ជាច្រើននៅកម្ពុជាសំដៅកាត់បន្ថយសំណល់រឹង និងតំបន់ស្រុកខ្លះបានបង្កើតទីលានចាក់សំរាមនិងផ្តល់ជាឡដុត សំរាមថែមទៀត។ជាមួយគ្នានេះដែរតាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹងនិងចូលរួមថែរក្សាធ្វើ អនាម័យ បានធ្វើឱ្យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តនូវគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” នោះ  លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ដល់ដៃគូក្នុងការបែងចែកតួនាទីភារកិច្ចការងារនិងក៏ដូចជាជំរុញឱ្យ មានការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល បន្ថែមទៀត។

លោក កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានបង្ហាញពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​ និង ប្រកបដោយប្រសិទ្ធភាពនោះ គេចាំបាច់ត្រូវមានការលើកទឹកចិត្តដូចជា ផ្តល់ជាប័ណ្ណសរសើរ ផ្តល់ជារង្វាន់ ដល់ភូមិ ឃុំសង្កាត់ណាដែលបានប្រតិបត្តិល្អ។លោកអគ្គនាយកបានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃភូមិ ឃុំសង្កាត់មានសុវត្តិភាពហើយនិងរួមទាំងនីតិវិធីនិងដំណើរការជ្រើសរើសបេក្ខភាព ជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ មន្រ្តីដែលអញ្ជើញមកពីអន្តរក្រសួងនានា បានចូលរួមពិភាក្សាយ៉ាងផុលផុសហើយ ដែលត្រូវបានលោករដ្ឋមន្រ្តី សាយ សំអាល់ វាយតម្លៃខ្ពស់សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយ”ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព”នេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕សរន

កិច្ចប្រជុំអន្តរក្រសួងស្តីពី”ការប្រឡងប្រណាំងភូមិឃុំ សង្កាត់ មានសុវត្ថិភាព”ក្នុងក្របខ័ណ្ឌ លក្ខណៈសម្បត្តិទី៦ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២២ (រូបថតៈក្រសួងបរិស្ថាន)