​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ យន្តហោះ​ចម្បាំង J-15 របស់​ចិន ដែល​ទំនង​ធ្វើ​ប្រតិបត្តិការ​ពី​នាវា​ផ្ទុក​យន្តហោះ Liaoning​ត្រូវបាន​គេ​មើលឃើញ​កំពុង​ហោះ​រំលង​ពី​លើ​នាវា​​ពិឃាដ​ក្នុង​ប្រភេទ​ថ្នាក់ Arleigh Burke របស់​កងទ័ពជើងទឹក​អាម៉េរិក​មួយគ្រឿង នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហាញ​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន CCTV កាលពី​ពេល​ថ្មីៗ​នេះ​។

​វីដេអូ​នេះ​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​រូបភាព​មួយ​បាន​បង្ហាញ​យន្តហោះ J-15 ចំនួន ២៤ គ្រឿង​តម្រៀបជួរ​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​តែមួយ និង​ខណៈ​គេ​មិន​ច្បាស់​ថា​កាលបរិច្ឆេទ​ទាំងនេះ​ចេញ​​មក​ពី​ពេល​ណា ការបង្ហាញ​រូបភាព​នេះ​ឥឡូវ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ ដោយសារ​តែ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នាពេល​បច្ចុប្បន្ន​រវាង​ចិន​និង​អាម៉េរិក​ជុំវិញ​កោះ​តៃវ៉ាន់​ក៏ដូចជា​ការឆ្លុះបញ្ចាំង​​ពី​ចរិត​នៃ​ការ​ពើបប្រទះ​គ្នា​ញឹកញាប់​ឡើង​រវាង​កងកម្លាំង​អាម៉េរិក​និង​ចិន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​គេ​ក៏​មិន​ច្បាស់​ដែរ​ថា​តើ​វីដេអូ​នៃ​យន្តហោះ J-15 ហោះ​រំលង​ពី​លើ​នាវា​ពិឃាដ​របស់​កងទ័ពជើងទឹក​អាម៉េរិក​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​នោះ ត្រូវ​បាន​ថត​នៅទីណា​ប៉ុន្តែ​មាន​ការសន្និដ្ឋាន​ថា​ឧបទ្ទវហេតុ​​នេះ​បាន​កើតឡើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​បំបែក​តៃវ៉ាន់​ចេញពី​ចិន​ដីគោក​។ ប្រសិនបើ​វីដេអូ​នោះ​គឺ​ថត​ចេញពី​ច្រក​សមុទ្រ​តៃវ៉ាន់ នោះ​វា​ទំនង​ជា​ការឆ្លើយតប​ទៅនឹង “​ការ​សម្ញែង​កម្លាំង​”​ដែល​នាវា​​ចម្បាំង​អាម៉េរិក​បានធ្វើ​នៅ​ទីនោះ​កាលពី​ពេល​ថ្មីៗ​ក៏​ដូច​ជា​កន្លែង​ផ្សេង​ទៀត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ជា​ការពិត​ណាស់ ច្រក​សមុទ្រ​តៃវ៉ាន់​គឺជា​កន្លែង​នៃ​សកម្មភាព​យោធា​ដ៏​ខ្លាំងក្លា​នា​ពេល​ថ្មីៗ​នេះ​ដោយ​ប្រទេស​ចិន​និង​សហរដ្ឋ​អាម៉េរិក​ព្រមទាំង​សម្ពន្ធមិត្ត​របស់ខ្លួន​។ ជាពិសេស​ដំណើរ​ទស្សនកិច្ច​ទៅ​​កាន់​កោះ​តៃវ៉ាន់​របស់​ប្រធាន​សភា​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី នៅ​ដើម​ខែ​សីហា បាន​បង្ក​ឱ្យ​មាន​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​បាន​បន្ត​ពេញ​មួយ​ខែ​។​

​ជាមួយគ្នានេះដែរ កាលពី​សប្តាហ៍​មុន នាវា​ពិឃាដ​ក្នុង​ប្រភេទ​ថ្នាក់ Arleigh Burke ឈ្មោះ USS Higgins (DDG-76) និង​នាវាចម្បាំង​ក្នុង​ប្រភេទ​ថ្នាក់ Halifax ឈ្មោះ HMCS Vancouver របស់​កងទ័ពជើងទឹក​កាណាដា បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​គ្រាន់តែ​ជា​ការឆ្លងកាត់​ច្រក​សមុទ្រ​ថ្មីៗ​បំផុត​ដោយ​នាវាចម្បាំង​របស់​កងទ័ព​ជើង​ទឹក​អាម៉េរិក ហើយ​យន្តហោះ J-15 មិន​បាន​ហោះ​រំលង​លើ​នាវាចម្បាំង​នេះ​ទេ​។ ទោះយ៉ាងណា នាវា​ពិឃាដ​របស់​អាម៉េរិក​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​តំបន់​នេះ​ជា​ប្រចាំ រួម​ទាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ទី​ដែល​ពួក​វា​ក៏​អាច​​ពើបប្រទះ​នឹង​យន្តហោះ J-15 ពី​នាវា​ផ្ទុក​យន្តហោះ Liaoning ផងដែរ​៕

ទូរទស្សន៍ CCTV បង្ហាញ​វីដេអូ​នៃ​យន្តហោះ​ចម្បាំង J-15 របស់​ចិន​ហោះ​រំលង​លើ​នាវា​ពិឃាដ​មិន​ស្គាល់​ឈ្មោះ​មួយ​របស់​អាម៉េរិក