​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ចេញពី​ឆ្នេរ​ខាងកើត​របស់ខ្លួន នៅ​ពេល​តែ​មួយ​ថ្ងៃមុន​ការអញ្ជើញ​មកដល់​កូរ៉េ​ខាងត្បូង​ពី​​សំណាក់​អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស​។​

​ការបាញ់​បង្ហោះ​នេះ​បាន​កើតឡើង​ពីរ​ថ្ងៃ​ក្រោយពី​កងកម្លាំង​កូរ៉េខាងត្បូង​និង​អាម៉េរិក​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅក្នុង​ដែន​ទឹក​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់​កូរ៉េខាងត្បូង​ដែល​មាន​ការចូលរួម​ពី​​នាវា​ដឹក​យន្តហោះ​មួយ​ផង​។​

​កាលពី​ថ្ងៃអាទិត្យ កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​មួយ​ឆ្ពោះ​ទៅកាន់​សមុទ្រ​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់ខ្លួន​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា កាំជ្រួច​កាលពី​ថ្ងៃ​ពុធ​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ស៊ូ​ណាន់​(Sunan)​នៃ​រដ្ឋធានី​ព្យុងយ៉ាង នៅ​ចន្លោះ​ម៉ោង​៦:១០ និង​៦:២០ ល្ងាច​។​ពួក​វា​បាន​​ហោះ​ចម្ងាយ​ប្រមាណ​៣៦០​គីឡូម៉ែត្រ​នៅ​កំពស់​៣០​គីឡូម៉ែត្រ​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​នាយសេនាធិកា​រ​កងទ័ព​កូរ៉េខាងត្បូង​បាន​និយាយថា « ការបង្ក​រឿង​របស់​កូរ៉េ​ខាងជើង​នឹង​កាន់តែ​ពង្រឹង​ការតាំង​ចិត្ត​របស់​កូរ៉េខាងត្បូងនិង​សមត្ថភាព​ឆ្លើយតប ហើយវា​​ក៏​កាន់តែ​ធ្វើអោយ​កូរ៉េខាងជើង​ឯកោ​ពី​សហគមន៍​អន្តរជាតិ​»​។​

​កង​ឆ្មាំ​សមុទ្រ​ជប៉ុន​ក៏​បាន​រាយការណ៍​អំពី​ការសាកល្បង​កាំជ្រួច​មួយ ដែល​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​នេះ​បាន​ថ្កោលទោស​និង​ចាត់ទុកថា​ជា​«​ទង្វើ​មិន​អាច​ទទួលយកបាន​»​។​

​ក្រោយ​ធ្វើ​ទស្សនកិច្ច​ជប៉ុន អនុ​ប្រធានាធិបតី​អាម៉េរិក​ត្រូវ​ទៅដល់​រដ្ឋធានី​សេ​អ៊ូ​ល​និង​ទៅ​ទស្សនា​តំបន់​គ្មាន​កងទ័ព​នៅ​ព្រំដែន​កូរ៉េ​ទាំង​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​មិនបាន​និយាយ​អំពី​ការបាញ់​កាំជ្រួច​នេះ​ទេ តែ​មេដឹកនាំ​របស់​ខ្លួន​លោក គីម ជុង​អ៊ុន ធ្លាប់បាន​និយាយ​ថា​កូរ៉េខាងជើង​អភិវឌ្ឍ​សព្វាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ក្នុង​គោល​​បំណង​ការពារ​ខ្លួន​ទល់នឹង​ការ​គំរាម​ពី​អាម៉េរិក​៕

​បុរស​ម្នាក់​ឈរ​មើល​អេក្រង​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​មួយ​បង្ហាញ​ការផ្សាយ​ព័ត៌មាន​ស្តីពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច​កាលពី​ថ្ងៃ​២៨​កញ្ញា​