ដោយៈសុក្ខារិន/ពោធិសាត់:កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នៅសាលាខេត្តពោធិ៍សាត់មានរៀបចំកិច្ចប្រជុំវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក ចេង ឡៃ អភិបាលរង តំណាងលោក ជាវ តាយ អភិបាលខេត្តនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ខេត្ត, ប្រធានមន្ទីរអប់រំយុវជននិងកីឡា,ប្រធានមន្ទីរ សុខាភិបាលខេត្ត និងអភិបាលក្រុងស្រុកសរុប៣៧នាក់។

លោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលខេត្តបានឲ្យដឹងថាគណៈកម្មការវាយ តម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលក្នុងខេត្តពោធិ៍សាត់ប្រចាំឆ្នាំ២០២២នេះផ្នែកវិស័យអប់រំមានចំនួន២៤អង្គភាពនិងផ្នែកវិស័យសុខាភិបាលមានចំនួន១២អង្គភាពក្នុងនោះសាលាបឋមសិក្សាមានចំនួន១២អង្គភាព អនុវិទ្យាល័យ១២អង្គភាព និងមណ្ឌលសុខភាព១២អង្គភាព។

លោក ចេង ឡៃ បានថ្លែងថារាជរដ្ឋាភិបាលធ្លាប់បានប្រលងប្រណាំងលើការបម្រើសេវាសាធារណៈគំរូនៅ ឆ្នាំ២០១៨ម្ដងហើយ ហើយជាលទ្ធផលការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាកានទទួលបានចំណាត់ថ្នាក់ លេខ១ទូទាំងប្រទេស ប៉ុន្តែវិស័យអប់រំមិនជាប់ចំណាត់ថ្នាក់ទេ។

លោកបន្តថា ការបម្រើសេវាសាធារណៈគំរូនៅឆ្នាំ២០២២នេះគឺតម្រូវឱ្យធ្វើការប្រលងប្រណាំងក្នុងនោះវិស័យអប់រំ យកសាលាបឋមសិក្សានិងអនុវិទ្យាល័យ។ រីឯវិស័យសុខាភិបាលយកតែមណ្ឌលសុខភាពប៉ុណ្ណោះ។

រង្វាន់ជ័យលាភីមានទឹកប្រាក់២០០លានរៀល,១០០លានរៀលនិង៥០លានរៀល។ការប្រកួតប្រជែងនេះមិនមែនប្រកួតប្រជែងតែក្នុងខេត្តទេ គឺប្រកួតប្រជែងនៅថ្នាក់ជាតិទូទាំងប្រទេស ហើយមន្ទីរអប់រំយុវជននិងកីឡានិងមន្ទីរ សុខាភិបាលខេត្តត្រូវទទួលបន្ទុកការងារវាយតម្លៃជំនួសមុខឱ្យបច្ចេកទេសរបស់ក្រុមការងារគណៈកម្មការថ្នាក់ខេត្ត។ លោកចេងឡៃមានប្រសាសន៍ថាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលគឺកែទម្រង់សេវាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋមានការគាំទ្រកាន់តែខ្លាំងឡើងជាពិសេសក្រសួងអប់រំនិងក្រសួងសុខាភិបាលជាក្រសួងធំបំផុតបម្រើប្រជាពលរដ្ឋផ្ទាល់។

លោកអភិបាលរងខេត្តសង្ឃឹមថាសាលាបឋមសិក្សា,អនុវិទ្យាល័យនិងមណ្ឌលសុខភាពនីមួយៗដែលបានដាក់ពាក្យចូលរួមខាងលើនេះនឹងខិតខំប្រឹងប្រែងប្រកួតប្រជែងគ្នាដើម្បីដណ្ដើមជ័យលាភីជូនអង្គភាពនិងខេត្តរបស់ខ្លួន៕ សរន