ដោយៈ សុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ច បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថាៈ ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់ ដោយ​ដាក់​ខ្នោះដៃ កាលពី​ជាង ១០ ថ្ងៃមុន​នោះ ឃាត់ខ្លួន​បាន​ជនសង្ស័យ ជា​បន្តបន្ទាប់ កើន​ដល់ ប្រាំ​នាក់​ហើយ​។ ក្នុងចំណោម ប្រាំ​នាក់​នោះ មាន​ម្នាក់ គឺជា​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ​។​

​សមត្ថកិច្ច បាន​រំលឹក​ឲ្យ​ដឹងថាៈ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី​ឃាតកម្ម សម្លាប់​យុវជន​ម្នាក់ ឈ្មោះ ថេ​ន សុ​មិត្ត អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ ដោយ​ដាក់​ខ្នោះដៃ ហើយ​ត្រូវគេ​ប្រទះឃើញ នៅក្បែរ​បង្គោល​សេវា​ទូរ​សព្ទ ស្ថិតក្នុង​ភូមិ​ឫទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ សែន​ជ័យ​។​

​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​បើក​ការស៊ើបអង្កេត ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ចំនួន​ពីរ​នាក់​ដំបូង កាលពី​ថ្ងៃទី​២៥ កញ្ញា នឹង​បាន​បញ្ជូនទៅ​តុលាការ ឃុំខ្លួន​ដាក់ ពន្ធនាគារ​។ ទី​១-​ឈ្មោះ ជាតិ សារ៉ូ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ និង​២-​ឈ្មោះ គង់ សំអឿន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ។ ជនសង្ស័យ​ទាំងពីរ​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ ដូចគ្នា រស់នៅ​ភូមិ​ឫទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​

​ករណី​ឃាតកម្ម ខាងលើនេះ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា គឺ​ផ្ដើមចេញពី​ការ​ជួញ ដូរ​គ្រឿងញៀន ជាមួយ​ជនរងគ្រោះ យកទៅ​ប្រើប្រាស់ មិនមាន​សារធាតុ​សុទ្ធ​។​

​ចម្លើយសារភាព​ពី​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន មិនទាន់​បញ្ចប់​ទេ​។ លុះ​មកដល់​ថ្ងៃទី​២៧ កញ្ញា សមត្ថកិច្ច​កងរាជអាវុធហត្ថ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​ពីរ​នាក់​បន្ថែមទៀត គឺ​ទី​១ ឈ្មោះ ពៅ វាសនា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មានមុខ​របរ ជា​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ និង​ទី​២ ឈ្មោះ ឈិ​ត ថា ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​វាល​ព្រីង ឃុំ​អូ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​។​

​ចម្លើយសារភាព​ជនសង្ស័យ បន្ត​នៅ​ថ្ងៃទី ២៨ កញ្ញា មន្ត្រី​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត គឺ​ឈ្មោះ អេង ជុំ​សុខឿន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ វត្ថុតាង​បទល្មើស​ដកហូត​បាន រួមមាន មេ​តំ​ហ្វេ​តា​មីន ចំនួន​១១ កញ្ចប់ ទម្ងន់ ៨៤,៤៤ ក្រាម កាំភ្លើង​កែច្នៃ ពីរ​ដើម​, កាំបិត​ស្នៀត​បី​ដើម​, ទូរ​សព្ទ​ដៃ​មួយគ្រឿង​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១ ឧបករណ៍​ជក់​មួយចំនួន​គ្រាប់កាំភ្លើង AK47 ចំនួន ២៣ គ្រាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណំ​រឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ V / N