​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អាម៉េរិក​នឹង​ផ្តល់ជំនួយ​១,១​ពាន់​លាន​ដុល្លារ​បន្ថែម​ដល់​អ៊ុយ​ក្រែន​សំរាប់​ទិញ​ប្រព័ន្ធ​រ៉ុក្កែត​ទំនើប​១៨​ឈុត​ទៀត និង​សព្វាវុធ​ដទៃទៀត​ដើម្បី​ទប់ទល់​នឹង​ដ្រូ​ន​ដែល​រុស្ស៊ី​​កំពុង​ប្រើ​លើ​ទាហាន​អ៊ុ​យក្រែន នេះ​បើ​តាម​អ្វី​ដែល​រដ្ឋាភិបាល​របស់​លោកចូ បៃ​ដិន បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​។​

​ជំនួយ​មួយកញ្ចប់​ចុងក្រោយ​នេះ ត្រូវ​ផ្តល់​ក្រោម​គំរោង​«​គំនិត​ផ្តួច​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន​» ដែល​ចេញ​ការចំណាយ​លើ​កុងត្រា​ទិញ​សព្វាវុធ​និង​គ្រឿង​បរិក្ខារ​យោធា​។​វា​នាំ​អោយ​ជំនួយ​អាម៉េរិក​សំរាប់​​អ៊ុយ​ក្រែន​ឡើងដ​ល់​ជិត​១៧​ពាន់​លាន​ដុល្លារ ចាប់​តាំង​រដ្ឋាភិបាល​របស់​លោកបៃ​ដិន​ចូលកាន់​តំណែង​។​

​ការប្រកាស​ផ្តល់ជំនួយ​នេះ​កើតឡើង​នៅពេល​រុស្ស៊ី​ចាត់វិធានការ​កាត់​យក​ទឹកដី​អ៊ុ​យក្រែន​១៥​ភាគរយ​នៅក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ក្រោយ​ការបោះឆ្នោត​ប្រជាមតិ​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​​គៀវ​និង​លោកខាងលិច​ថ្កោលទោស​ថា​ខុស​ច្បាប់​។​

​លេខា​ព័ត៌មាន​ប្រចាំ​សេត​វិមាន​លោក ខា​រី​ន ហ្សន់​ព្យែរ​(Karine Jean-Pierre) បាន​និយាយថា​« យើង​នឹង​មិន​រា​ថយ​ទេ​ក្នុង​ការគាំទ្រ​អ៊ុ​យក្រែន​។​យើង​នឹង​បន្ត​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុ​យក្រែន​​និង​ផ្តល់​អោយ​គេ​នូវ​ជំនួយ​សន្តិសុខ​ដែល​ពួកគេ​ត្រូវការ​សំរាប់​ការពារ​ខ្លួន »​។​

​ការផ្តល់​មូលនិធិ​សំរាប់​កុងត្រា​ទិញ​សព្វាវុធ​និង​គ្រឿង​បរិក្ខារ​នេះ​ក្នុង​បំណង​ជួយ​ធានា​តំរូវការ​យោធា​អ៊ុយ​ក្រែន​រយៈពេល​វែង​។​វា​ត្រូវ​ចំណាយពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ដើម្បី​អ៊ុយ​ក្រែន​ទទួលបាន​ប្រព័ន្ធ​សព្វាវុធ​​ដូច្នេះ​។​

​ជំនួយ​មួយកញ្ចប់​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​ខ្ពស់​HIMARS​ចំនួន​១៨​ឈុត គ្រាប់​របស់​វា និង​ប្រព័ន្ធ​Titan​ចំនួន​១២ សំរាប់​ប្រឆាំង​ដ្រូ​ន​។​

​ពួក​មន្ត្រី​បាន​និយាយថា ប្រព័ន្ធ​រ៉ុក្កែត HIMARS​មាន​សារសំខាន់​ចំពោះ​ជោគជ័យ​របស់​កងកម្លាំង​អ៊ុយ​ក្រែន​នៅ​សមរភូមិ​នាពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ នៅពេល​រុស្ស៊ី​កំពុង​ប្រើ​ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់​ដើម្បី​​វាយប្រហារ​លើ​កងកម្លាំង​អ៊ុ​យក្រែន ដែល​វា​ទាមទារ​សព្វាវុធ​ថ្មី​ទៀត​សំរាប់​ទប់ទល់​ការ​គំរាម​នេះ​៕