​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ស្ថាបនិក​ពីររូប​នៃ​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​របស់​រដ្ឋបាលបៃដិ​ន បាន​ប្រាប់​សមាជិកសភា​កាលពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​ថា​ការដាក់ទណ្ឌកម្ម​នាពេល​ខាង​មុខ​ចំពោះ​​ការ​លុកលុយ​របស់​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន លើ​អ៊ុ​យក្រែន ត្រូវតែ​ផ្តោត​លើ​ការដកហូត​ពី​លោកពូ​ទីន​នូវ​អ្វី​ដែល​គាត់​ត្រូវការ​ដើម្បី​ផ្តល់​មូលនិធិ​និង​ការប្រយុទ្ធ​ក្នុង​សង្គ្រាម ពោលគឺ​ប្រាក់​ចំណូល​ពី​ការ​​លក់​ប្រេង​និង​ឧស្ម័ន​របស់​រុស្ស៊ី និង​ការចូល​ទៅ​កាន់​បណ្តាញ​ផ្គត់ផ្គង់​សកល​ដើម្បី​បំពេញ​បន្ថែម​ដល់​យោធា​របស់​គាត់​។​

​ខណៈ​អំពាវនាវ​ឱ្យមាន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​រុស្ស៊ី មន្ត្រី​ក្រសួងការបរទេស​និង​ក្រសួង​រតនាគារ​បានបង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធសភា ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​ត្អូញត្អែរ​ទាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ ថា ការដាក់ទណ្ឌកម្ម​ជុំទីមួយ​មិន​បាន​វាយប្រហារ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ខ្លាំង ឬ​បាន​លឿន​ដូច​ដែល​​រដ្ឋបាល​បាន​ព្យាករណ៍​នោះទេ​។​

​ដោយ​រំលឹក​ឡើងវិញ​អំពី​ការព្យាករណ៍​មុនៗ​ពី​ក្រុម​មន្ត្រី​រដ្ឋបាល​ថា​ទណ្ឌកម្ម​នឹង​ធ្វើឱ្យ​រុស្ស៊ី​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ទាញ​តម្លៃ​ប្រាក់​រូប្លិ​ល៍​ឱ្យដាំ​ក្បាលចុះ​និង​បង្ក​ឱ្យ​មាន​ចលាចល​ក្នុងចំណោម​ប្រជា​​ជន​រុស្ស៊ី ព្រឹទ្ធ​សមាជិក​លោកស្រី ជីន សា​ហ៊ី​ន (Jeanne Shaheen) ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ញូ​វ​ហេម​សាយ​អឺ (New Hampshire) បាន​និយាយថា​”​អ្វី​ដែល​យើង​ត្រូវបាន​គេ​​ប្រាប់​នោះ​គឺថា ទាំងនេះ​នឹង​ក្លាយ​ជា​ទណ្ឌកម្ម​ដ៏​តឹងតែង​បំផុត​ដែល​មិន​ធ្លាប់​មាន​លើ​ប្រទេស​មួយ​។ គេ​ថា​ទណ្ឌកម្ម​នឹងមាន​ផលប៉ះពាល់​ជាក់លាក់​។ ហើយ​យើង​មិន​បាន​ឃើញ​ផលប៉ះពាល់​ពេញលេញ​ដែល​ត្រូវបាន​ពណ៌នា​ដល់​ពួក​យើង​ទេ​”​។​

ព្រឹទ្ធ​សមាជិក​លោកស្រី ជីន សា​ហ៊ី​ន

​លោកស្រី​សា​ហ៊ី​ន​បាន​បន្ថែមថា “​ការខកចិត្ត​គឺ យើង​ដឹង​ថា ខណៈ​យើង​កំពុង​លេង​ល្បែង​នេះ​រយៈពេល​យូរ អ៊ុយ​ក្រែន​កំពុង​ស្លាប់​”​។​

​លោកពូ​ទីន​បាន​ប្ដេជ្ញា​ដាក់​សម្ពាធ​លើ​ការវាយលុក​របស់គាត់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​បើ​ទោះបីជា​កំពុង​ចាញ់ក្នុង​សមរភូមិ​ក្រោម​ថ្វីដៃ​របស់​កងកម្លាំង​អ៊ុយ​ក្រែន​ដែល​មាន​ការជំរុញទឹ​ក​ចិត្ត​ដោយ​ការ​​ផ្គត់ផ្គង់​ពី​អង្គការ​ណា​តូ​ក៏ដោយ​។ ក្នុង​សប្តាហ៍​កន្លងទៅ​នេះ រុស្ស៊ី​បានចាប់ផ្តើម​កេណ្ឌ​បុរស​ស៊ីវិល​រាប់សែន​នាក់​ដើម្បី​បំពេញបន្ថែម​កងកម្លាំង​ដែល​បាត់បង់​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​និង​រៀបចំ​ការ​​បោះឆ្នោត​ប្រជាមតិ​លើ​ទឹកដី​ដែល​កាន់កាប់​ដោយ​រុស្ស៊ី ដើម្បី​បើកផ្លូវ​ជាមុន​ក្នុង​ការ​កាត់​បញ្ចូល​ទឹក​ដី​ទាំងនោះ​ទៅក្នុង​ប្រទេស​រុស្ស៊ី​៕