​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​មក​ដល់​កូរ៉េខាងត្បូង​ក្នុង​ដំណើរ​មួយ​ដែល​មាន​បំណង​បញ្ជាក់​អំពី​កំលាំង​របស់​សម្ពន្ធមិត្ត​​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល នៅ​មួយថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​កាំជ្រួច​ផ្លោង​។​

​លោកស្រី​ហារី​ស​បាន​ចុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស​អូ​សាន​(Osan)​ក្រោយ​ចេញពី​ទីក្រុង​តូ​ក្យូ កន្លែង​ដែល​លោកស្រី​ចូលរួម​បុណ្យសព​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ​។​

​លោកស្រី​គ្រោង​ជួប​ប្រធានាធិបតី យូ​ន ស៊ុក​-​យ៉ូល និង​ទៅ​ទស្សនា​តំបន់​គ្មាន​កងទ័ព​ដែល​ខណ្ឌ​ចែក​កូរ៉េ​ខាង​ជើង​និង​ខាងត្បូង​។​

​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ពីរ​ដើម​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។​ការបាញ់​សាកល្បង​នេះ​កើតឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េខាងត្បូង​និង​អាម៉េរិក​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ដោយ​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​អាម៉េរិក​មួយ​ផង​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​ក៏បាន​បាញ់​កាំជ្រួច​ផ្លោង​ដូចគ្នា​មួយ​គ្រាប់​ឆ្ពោះទៅ​កាន់​សមុទ្រ​នៅ​ឯនាយ​ឆ្នេរ​ខាងកើត​របស់ខ្លួន​៕

​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​ទៅ​ដល់​មូលដ្ឋាន​ទ័ពអាកាស​អូ​សាន របស់​កូរ៉េ​ខាងត្បូង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​

មុនធ្វើដំណើរទៅកាន់តំបន់គ្មានកងទ័ព លោកស្រីហារីសបានជួបប្រធានាធិបតីកូរ៉េខាងត្បូងនៅក្រុងសេអ៊ូលនិងបានសរសើរសម្ពន្ធភាពរវាងប្រទេសទាំងពីរ ដោយចាត់ទុកជា«ផ្នែកខំខាន់មួយនៃសន្តិសុខនិងវិបុលភាព» ខណៈលោកយូនបានហៅដំណើរទស្សនកិច្ចនេះថាជា«របត់មួយទៀត»នៅក្នុងការពង្រឹងទំនាក់ទំនង