ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា បានជូនដំណឹងស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំង នៅពេលពី ៣​ ទៅ ៥ ថ្ងៃខាងមុខ ដោយសារឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ធ្វើឱ្យមានភ្លៀងធ្លាក់ មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និង ប្រទេសកម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ អាកាសធាតុ បាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះ ណូរុ (NORU) មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមាន​ភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ ដែលមានទឹកច្រើនស្រាប់ ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ ស្ថានភាពបែបខាងលើនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ហក់ឡើង ក្នុងរយៈពេលពី ៣​ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេស នៅភាគខាងលើនៃ ប្រទេសកម្ពុជា មានដូចជា ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ នៅខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងនៅខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ នៅស្ថានីយជលសាស្ត្រ ភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ​ ទឹកទន្លេដែលបានហក់ឡើង នាពេលនេះ នៅមិនទាន់ដល់កម្រិត ឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិច តំបន់ទំនាបមួយចំនួន អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត ។ នៅភាគឦសាន ទឹកទន្លេសេកុង កំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់។
អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕ V / N

 

រូបថត(​​ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)