ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការវាយតម្លៃលើស្ថានការណ៍ខ្លះក្នុងក្របខណ្ឌរួមនិងក្របខណ្ឌដោយឡែកសម្រាប់ប្រទេសកម្ពុជាពាក់ព័ន្ធការជួញដូរមនុស្ស ។ សម្តេចតេជោបញ្ជាក់ថាបើគ្មានការបកស្រាយច្បាស់លាស់ទេប្រ ទេសយើងក៏គេអាចចាត់ទុកថាជាប្រទេសអាក្រក់បំផុតនៅលើលោក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុង«វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»ក្រោមប្រធានបទ“សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្ត អំពើជួញដូរមនុស្ស”នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«បើគ្មានការបកស្រាយច្បាស់លាស់ទេប្រទេសយើងក៏គេអាចចាត់ទុកថាជាប្រទេសអាក្រក់បំផុតនៅលើលោក។និយាយយ៉ាងដូច្នេះខ្ញុំព្រះករុណាខ្ញុំមិនចាត់ទុកថាកម្ពុជាជាប្រទេសល្អឯកនោះទេ ។ តែសូមឲ្យអ្នកដទៃទៀតកុំឆ្លៀតប្រកាសថាកម្ពុជាជាប្រទេសដ៏អាក្រក់បំផុតនៅលើលោក»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងអំពីសភាពការណ៍រួមទាក់ទងនៅលើពិភពលោកទាក់ទងជាមួយនឹងការជួញដូរមនុស្សឬការធ្វើចំណាកស្រុក ។ សម្តេចបានបញ្ជាក់ ថា មិនមែនតែកម្ពុជាមួយទេដែលបានកើតបញ្ហាទាំងនេះ យើងក្រឡេកមើលទៅលើសហរដ្ឋអាមេរិកនិងតំបន់អាមេរិករហូតដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ធ្វើ របងរវាងសហរដ្ឋអាមេរិកនិងមិចស៊ិក សំដៅដោះស្រាយកុំឲ្យមានមនុស្សរត់ពីបណ្ដាប្រទេសនៅអាមេរិកខាងជើងនិងប្រទេសដ៏ទៃនៅតំបន់នោះទៅកាន់សហរដ្ឋអាមេរិក ។

សម្តេចបន្តថាការរត់លូនរបស់ប្រជាជនមួយចំនួនដែលត្រូវឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយវាក្លាយទៅជារឿងដ៏អកុសលសម្រាប់ប្រជាជនក្រីក្រក៏ប៉ុន្តែវាជាឱកាសនៃពួកទុច្ចរិតដែលបានធ្វើកិច្ចការងារនេះសំដៅបម្រើផលប្រយោជន៍របស់ពួកគេ ។
សម្តេចតេជោបន្តថា៖រឿងរបស់កម្ពុជានេះបើប្រៀបធៀបជាមួយនឹងប្រទេសនៅលើលោកវាមិនទាន់ធំហួសទេ។ ប៉ុន្តែបើយើងមិនទប់ស្កាត់ពីពេលនេះទេវាក៏ក្លាយទៅជាគោលដៅ សុវត្ថិភាពនៃឧក្រិដ្ឋជនដែលរត់ពន្ធមនុស្សចូលមកក្នុងកម្ពុជាវិញម្ដងនិងរត់ពន្ធមនុស្សពីកម្ពុជាចេញទៅក្រៅប្រទេស។ដូច្នេះបានជាយើងត្រូវប្រញ៉ាប់ប្រញ៉ាលធ្វើកិច្ចការរួមគ្នាធ្វើសកម្មភាពប្រឆាំងនឹងការជួញដូរមនុស្ស ។

សម្តេចក៏បានលើកឡើងផងដែរអំពីវិបត្តជនភៀសខ្លួនដែលបានកំពុងកើតមាននៅតំបន់អឺរ៉ុប ។ ក្នុងពេលវិបត្តិជនភៀសខ្លួនពីរមជ្ឈឹមបូព៌ាមាន ស៊េរី លីប៊ី អ៊ីរ៉ាក់ យេមែន និងប្រទេសជ្សេងទៀតមិនទាន់បញ្ចប់ផងជនភៀសខ្លួនពីអ៊ុយក្រែនចូលមកអឺរ៉ុប ៥ ទៅ ៦ លាននាក់ ។ពេលនោះចាប់ផ្ដើមកើតឡើងនូវអ្វីទៅដែលដាក់ទម្ងន់ទៅលើអឺរ៉ុបជន ភៀសខ្លួនដែលមានដើមកំណើតមកពីមជ្ឈិមបូព៌ាដែលកាន់សាសនាអ៊ីស្លាមភាគច្រើនមិនត្រូវបានស្វាគមន៍ទេហើយត្រូវឋិតនៅក្នុងជំរុំជនភៀសខ្លួន។ប្រៀបជាមួយនឹងការស្វាគមន៍ចំពោះជនជាតិអ៊ុយក្រេនដែលទើបរត់ចេញពីប្រទេសដោយសារសង្គ្រាម អញ្ចឹងបានជាមានប្រតិកម្មពីមេដឹកនាំនៅអាហ្វ្រិកខ្លះចំពោះអឺរ៉ុប។
សម្តេចតេជោបន្តថាយើងក៏បានមើលឃើញនិងតាមដានអំពីបញ្ហានេះសម្រាប់យើងៗគ្មានលទ្ធភាពដើម្បីដៅស្រាយបញ្ហានៅទីនោះទេ។ពិតមែនហើយកាលពីប៉ុន្មានឆ្នាំមុននោះដើម្បីជួយដល់អូស្រ្តាលីក្នុងការទប់ស្កាត់ការរត់ពន្ធមនុស្សចូលទៅក្នុងទឹកដីរបស់អូស្រា្តលីកម្ពុជាបានចុះអនុស្សាណៈយោគយល់ជាមួយប្រទេសអូស្ត្រាលីដើម្បី ទទួលយកជនភៀស ខ្លួនដែលប៉ុនប៉ងរត់ទៅអូស្ត្រាលីយកមករស់នៅកម្ពុជា ឥឡូវនេះអនុស្សរណៈនេះអនុវត្តបានមួយចំនួនតិចតួច ប៉ុន្តែវានៅមានសុពលភាពនៅឡើយ។ប៉ុន្តែគ្រាន់តែគ្មានមនុស្ស ដាក់ពាក្យមករស់នៅកម្ពុជាព្រោះមនុស្សជាច្រើនមានគោលដៅចង់ទៅរស់នៅអូស្ត្រាលី ដល់យកមករស់នៅកម្ពុជាគេនាំគ្នាត្រឡប់ទៅវិញ ។ អញ្ចឹងនៅតំបន់អាមេរិកក៏កើតឡើង នៅបញ្ហាជនភៀសខ្លួនដ៏ធំនៅតំបន់អឺរ៉ុបក៏កំពុងតែមានចរាចរមនុស្សដ៏ធំនៅតំបន់អាស៊ីរបស់យើងបញ្ហាជនភៀស រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាខាន់ ឬ ហៅថាកំពុងជាផលវិបាកធ្ងន់ធ្ងរ ហើយក៏ជាឱកាសនៃពួកគេងចំណេញដូចជាការការនាំក្រុមជនភៀសខ្លួននេះរត់តាមទូកឆ្លងកាត់ចូលមកប្រទេសម៉ាឡេស៊ីឬឥណ្ឌូនេស៊ីហើយត្រូវប្រទេសទាំងនេះមិនអនុញ្ញាតឲ្យចូលមកប្រទេសថៃត្រូវប្រទេសនេះមិនអនុញ្ញាតឲ្យចូល។ដែលអ្នកទាំងនោះត្រូវនៅលើទឹករហូតដល់ដាច់បាយដាច់ទឹកលិចទូកស្លាប់កណ្ដាលសមុទ្រនេះជាស្ថានភាពដែលវាបាននិងកំពុងកើតនៅលើពិភពលោកបច្ចុប្បន្ន ។ ហើយការជួញដូរមនុស្សវាក៏បានកើតក្នុងក្នុងកាលៈទេសៈហ្នឹងដែរ វាមិនមែនកើតតែនៅតំបន់អាស៊ី គឺវាកើតនៅតំគ្រប់តំបន់ទាំង អស់ក្នុងពិភពលោកវាក្លាយទៅជាបញ្ហាសាកលដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរួមពីប្រទេសមួយទៅកាន់ប្រទេសមួយ,ហើយក៏ស្ថិតនៅក្នុងក្របខណ្ឌនៃយុទ្ធនាការកិច្ចសហប្រតិបត្តិការទូលំទូលាយក្រុមឆ័ត្រអង្គការសហប្រជាជាតិផង,ក្រុមឆ័ត្រនៃអង្គការតំបន់ផងនិងអង្គការក្រៅរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីកម្ពុជាថា មុននេះកម្ពុជាគឺជាកន្លែងដែលប្រជាជនរបស់ខ្លួនរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ចំណុចនេះដោយសារសង្គ្រាមផ្ទុះឡើងនៅ ឆ្នាំ ១៩៧០ ក៏បានធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមួយចំនួនភៀសខ្លួនទៅក្រៅប្រទេស។ ក្នុងរយៈពេលនៃរបបប៉ុលពតប្រជាជនយើងក៏បានភៀសខ្លួនមួយចំនួនទៅក្រៅប្រទេស ។ ក្រោយរបបប៉ុលពតនៅក្នុងដំណាក់កាលដែលកម្ពុជាមានសន្តិភាពផងសង្គ្រាមផងប្រជាជនកម្ពុជាមួយចំនួនក៏បានរត់ចេញទៅក្រៅប្រទេសរហូតទៅដល់យើងដឹងច្បាស់អំពីការធ្វើដំណើរតាមទូករបស់ពលរដ្ឋកម្ពុជាយើងតម្រង់ទៅប្រទេសអូស្ត្រាលីតាមរយៈការហៅថារត់ពន្ធមនុស្សហើយក៏មានប្រជាពលរដ្ឋកម្ពុជាមួយចំនួនក៏បានលិចទូកស្លាប់ក៏មាន។ រយៈពេលក្រោយមកទៀតប្រជាជនកម្ពុជាយើងត្រូវគេបោកប្រាស់យកទៅធ្វើការនៅក្រៅប្រទេស។

សម្តេចតេជោបន្តថាពិតហើយភាគច្រើនដែលទៅធ្វើការនៅក្រៅប្រទេសទៅក្រោមរូបភាពស្របច្បាប់ដែលរាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើការជាមួយដៃគូដូចជាកូរ៉េខាងត្បូងដូចជាជប៉ុន ថៃ ម៉ាឡេស៊ី ជាដើមភាគច្រើនទៅតាមភ្នាក់ងារដោះស្រាយការងារ ។ប៉ុន្តែមានមួយចំនួនក៏ទៅដោយសារតែការជួញដូរមនុស្សប្រភេទជាការជួញដូរមនុស្សបងប្អូន យើងមួយចំនួនចាញ់បោកមេខ្លោងជួញដូរមនុស្សដោយគេប្រាប់ថាទទួលបានប្រាក់ខែប៉ុណ្ណេះប៉ុណ្ណេះហើយអ្នកខ្លះបានខ្ចីបុលគេដើម្បីបានទៅធ្វើការនៅក្រៅប្រទេសហើយទៅក៏បាត់ឈឹងលែងឮដំណឹងជួនកាលយើងបានរកឃើញពលរដ្ឋរបស់យើងនៅតាមប្រទេសនានាដោយពលរដ្ឋរបស់យើងគេប្រើប្រាស់ជាកម្លាំងនេសាទដែលថិតនៅលើទូករហូតមិនអាចឡើងគោកបានហើយបាត់ដំណឹងឈឹងពីក្រុមគ្រួសារ។បងប្អូនយើងមួយចំនួនទៀតទៅធ្វើការនៅក្រៅប្រទេសដូចជាកូរ៉េខាងត្បូងជាដើមផុតការកំណត់ការងារតែបន្តស្នាក់នៅខុសច្បាប់នៅទីនោះបង្កើតជាបញ្ហាសម្រាប់ប្រទេសគេ ។ មានអ្នកខ្លះត្រូវបានជួញដូររហូតដល់ទៅដល់មជ្ឈិមបូព៌ា ។
ត្រង់ចំណូចនេះសម្តេចតេជោបានលើកចំឈ្មោះលោក អាម៉ាត់ យ៉ះយ៉ា ដែលជាមូស្លីម ហើយជាអតីតរដ្ឋលេខាធិការនិងជាសមាជិកសភាក៏ត្រូវបានចាប់ខ្លួនដើម្បីផ្ដន្ទាទោសដោ យសារតែបាននាំក្មួយៗជាស្ត្រីដែលជាសាសនិកអ៊ីស្លាមទៅធ្វើការនៅមជ្ឈិមបូព៌ាដោយខុសច្បាប់ ហើយមិនអាចមកប្រទេសវិញបាន តែជាសំណាងពួកគេបានទាក់ទងសុំអន្តរា គមន៍មកឲ្យរាជរដ្ឋាភិបាលជួយទើបយើងអាចជួយពួកគេបាន។ត្រង់ចំណុចនេះបង្ហាញឲ្យឃើញថាយើងត្រូវការធ្វើការរួមគ្នាទោះបីជាតិសាសន៍,សាសនាណាក៏ដោយក៏ត្រូវរួមគ្នា ទប់ស្កាត់ការជួញដូរមនុស្ស។

ជាការកត់សម្គាល់ចុងក្រោយសម្តេចតេជោបានលើកឡើងថាគឺនៅត្រង់ថាហេតុអ្វីបានជាកម្ពុជាពីការដែលពលរដ្ឋខ្លួនរត់ចេញទៅក្រៅប្រទេសពីការដែលពលរដ្ឋខ្លួនត្រូវគេបោកប្រាស់ទៅធ្វើការនៅក្រៅប្រទេសរហូតទៅដល់រឿងដែលគួរអកុសលរៀបការទៅក្រៅប្រទេសក៏មិនតិចដែររៀបការខ្លះក៏បានល្អ ខ្លះទៅក៏ត្រូវគេយកទៅលក់ដូរទៀត។ឥឡូវសភា ពការណ៍បានដើរខុសពីមុនគឺចាប់ផ្ដើមពីកម្ពុជាទៅរកការងារធ្វើនៅក្រៅប្រទេសដោយការជួញដូរឥឡូវបែរជាមានជនបរទេសត្រូវគេជួញដូរមកស្រុកខ្មែរវិញម្ដង។នេះជាភាពដែលយើងត្រូវមើលឃើញពីស្ថានភាពនេះ។មុននេះមានតែខ្មែរទេដែលត្រូវបានគេជួញដូរទៅធ្វើការនៅក្រៅប្រទេសឥឡូវនេះមានគេជួញដូរជនជាតិបរទេសមកស្រុកខ្មែរវិញម្ដង។តើផ្ដើមចេញពីអ្វីផ្ដើមចេញពីទាក់ទិនជាមួយនឹងបញ្ហាដែលកម្ពុជាមានសន្តិភាពបើមិនមានសន្តិភាពទេគឺមិនមានអ្នកណាមកកម្ពុជាទេ ។តែមួយទៀតក៏ផ្ដើមចេញអំពីចំណុច ខ្សោយណាមួយដែលបង្កើតឲ្យមានបញ្ហាដែលគេជ្រៀតចូលមកធ្វើអាជីវកម្មនៅក្នុងប្រទេសរបស់យើង។អញ្ចឹងយើងឃើញថាវត្តមាននៃជនបរទេសមួយចំនួនដែលត្រូវបានគេ ជួញដូរមកក្នុងប្រទេសរបស់យើងវាផ្ទុយស្រឡះពីអ្វីដែលមានពីមុន ។

ជាមួយនេះសម្តេចក៏បានធ្វើការក្រើនរំលឹកទៅដល់សមាជិករាជរដ្ឋាភិបាលនិង អ្នកវិនិយោគិនទាំងឡាយដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសូមធ្វើឱ្យបានត្រឹមត្រូវ ។ ដោយ សម្តេចបញ្ជាក់ថាការជួញដូរនេះទៀតសោតខ្លះធ្វើឲ្យខូចគេឈ្មោះប្រទេសជាតិ ឧទាហរណ៍ចេញទៅសហអាមេរិកមានគណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយដែលមនុស្សទាំង នោះទៅដល់ហើយមិនព្រមត្រឡប់មកវិញទេ គឺគេចខ្លួនបាត់ «សុំរំលឹកដែលតឿនចំពោះមន្ត្រីរាជរដ្ឋាភិបាលទាំងអស់អ្នកវិនិយោគិនទាំងឡាយដែលធ្វើដំណើរទៅកាន់សហរដ្ឋអា មេរិកសូមធ្វើឱ្យបានត្រឹមត្រូវខ្លះថាសុំទៅជាមួយទៅហើយមិនត្រឡប់មកវិញដល់អញ្ចឹងអាមេរិកមិនមែនដាក់ទណ្ឌកម្មត្រឹមតែអ្នកទៅហើយមិនត្រឡប់មកវិញនោះទេ។ដាក់ទណ្ឌ កម្មទាំងប្រធានគណៈប្រតិភូនោះតែម្ដង ។ ហើយថ្ងៃក្រោយគឺមិនអាចទៅអាមេរិកបាន ។ នេះគ្រាន់តែផ្ដាំទេដើម្បីរក្សាភាពថ្លៃថ្នូររបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសដទៃ មិនមែនទៅតែអាមេរិកទេជួនកាលទៅបារាំងទៅអឺរ៉ុបក៏មានដាក់មនុស្សទៅដែរ។ »

សម្ដេចតេជោក៏បានកោតសរសើរសម្ដេចក្រឡាហោមសខេងដែលបានខិតខំធ្វើកិច្ចការងារនេះហើយចុងក្រោយបានបង្កើតនូវបណ្ដាញសង្គម facebook មួយដែលអាចឲ្យជន រងគ្រោះដែលជាជនបរទេសត្រូវគេជួញដូរអាចធ្វើទំនាក់ទំនងមកកាន់ facebookនេះដើម្បីឲ្យបានអាចជួយសង្គ្រោះពួកគេបាន។

សម្ដេចតេជោបានមានប្រសាសន៍ថាក្នុងប៉ុន្មានខែចុងក្រោយនេះនៅពេលដែលយើងបើកប្រទេសឡើងវិញយើងបានឃើញនូវស្ថានភាពនៃការជួញដូរមនុស្សជួញដូរគ្រឿងញៀន។និងអំពើខុសច្បាប់ដ៏ទៃផ្សេងទៀត។មានការកើនឡើងគួរអាចារ្យបារម្ភៃស៊ីសង កើតឡើងច្រើនណាស់ ។

គួរបញ្ចាក់ថាឆ្នាំនេះវេទិកាអន្តរសាសនាកម្ពុជា បានលើកយកប្រធានបទរួមមួយគឺ “សូមកុំយកកម្ពុជាជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស!»ដែលជាការអំពាវនាវផងនិងប្រឆាំងផងចំពោះរាល់សកម្មភាពទុច្ចរិតដែលប្រព្រឹត្តក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាទៅលើប្រជាជនកម្ពុជាក៏ដូចជាជនបរទេ សដែលអំពើដ៏ឃោរឃៅនេះបានបំផ្លាញទាំង ធនធានមនុស្ស ទាំងកិត្តិយស ទាំងភាពសុខដុមរមនារបស់សង្គមជាតិ ។ កន្លងមកមានប្រជាជនកម្ពុជាជាច្រើនដែលបានធ្វើទេសន្តរប្រវេសន៍ ស្វែងរកការងារនៅក្រៅប្រទេស ដោយប្រថុយប្រថានក្នុងនោះមួយចំនួនត្រូវបានរងទុក្ខវេទនាក្នុងទម្រង់ជាការងារបង្ខំ និងលំបាកយ៉ាប់យ៉ឺន មិនបាន ទទួលកម្រៃប្រាក់ឈ្នួលតាមសន្យាហើយក៏ត្រូវបានគេជួញ ដូរកេងប្រវ័ញ្ចនិងប្រើប្រាស់ដោយបង្ខំ ។ ខ្លះបានបាត់បង់ជីវិតឬបាត់ដំណឹងមិនបានវិលត្រឡប់មកជួបក្រុមគ្រួសារឬធ្លាក់ខ្លួនពិការ បាត់បង់កាយសម្បទា ឬ បញ្ញាស្មារតីនិងកំ ពុងស្ថិតនៅក្នុងស្ថានភាពជាជនទេសន្តរប្រវេសន៍ដែលគ្មានឯកសារច្បាប់ត្រឹមត្រូវ ធ្វើឲ្យជន ល្មើសងាយស្រួលធ្វើសកម្មភាពប្រើប្រាស់ដោយកេងប្រវ័ញ្ចនិងរំលោភបំពាន ។រាជរដ្ឋា ភិបាលកម្ពុជាបាននិងកំពុងដោះស្រាយករណីជាច្រើននិងនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ ហើយក៏បានបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសជាច្រើនដែលនាំដល់ ការជួញដូរមនុស្សរួមទាំងការនាំមនុស្សចេញឆ្លងដែនដោយខុសច្បាប់ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីភាពរងគ្រោះ និងបញ្ជូនជនប្រព្រឹត្តបទល្មើសទៅផ្តន្ទាទោសតាមច្បាប់កំណត់។

សកម្មភាពបង្ក្រាបបានកើនឡើងទ្វេដងក្នុងឆ្នាំ២០២១បើប្រៀបធៀបនឹងឆ្នាំ២០២០ បើទោះបីជាក្នុងអំឡុងពេលនោះកម្ពុជាកំពុងសិ្ថតក្នុងការញាំញីដោ យការរាតត្បាតនៃជំងឺ កូវីដ-១៩ក៏ដោយ ។ ក្នុងពេលជាមួយគ្នានេះពលករកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់ពីអាជ្ញាធរបរទេសឬវិលត្រឡប់ក្នុងអំឡុងពេលនៃការប្រកាសបិទព្រំដែនដោយសារគោល ការណ៍នៃការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ ក៏ត្រូវបានកើនឡើង ។មកដល់បច្ចុប្បន្ននេះមានប្រជាពល រដ្ឋកម្ពុជាប្រមាណ ៣០ម៉ឺននាក់បានវិលត្រឡប់ឬត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញដោយអាជ្ញាធរបរទេសហើយត្រូវទទួលបាននូវការគាំពារយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ មកដល់ដើមឆ្នាំ ២០២២ សភាពការណ៍កូវីដ-១៩នៅកម្ពុជាបានធូរស្រាលដែលជាហេតុនាំឲ្យរាជរដ្ឋាភិបាលត្រូវចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មឡើងវិញយ៉ាងសកម្មនៅទូទាំងប្រទេសក្នុងគន្លងប្រក្រតីភាពថ្មី ។

ទន្ទឹមនឹងស្ថានភាពដ៏ប្រសើរនេះបែរជាមានរឿងដែលគួរឲ្យសោកស្តាយគឺនៅក្នុងពេលថ្មីៗនេះក៏មានលេចចេញនូវបទល្មើសថ្មីៗដែលកើតឡើងក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជានោះគឺជនល្មើសបានលាក់បំពួនធ្វើសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍យ៉ាងគគ្រឹកគគ្រេងព្រមជាមួយ នឹងការប្រើប្រាស់មនុស្សដោយបង្ខំកេងប្រវ័ញ្ច ប្រាក់ឈ្នួលបិទសិទ្ធិសេរីភាពនិងប្រើប្រាស់ជនរងគ្រោះជាឧបករណ៍សម្រាប់បម្រើការបោកប្រាស់អ្នកដទៃទៀតនិងធ្វើឲ្យកម្ពុជារងផលប៉ះពាល់ជាអវិជ្ជមានដោយទទួលបានការ វាយតម្លៃពីសហរដ្ឋអាមេរិកក្នុងចំណាត់ថ្នាក់លេខ ៣ ដែលមានន័យថាជាប្រទេសដែលមានកិច្ចខិតខំប្រឹងប្រែងតិចតួចក្នុងសកម្មភាពប្រឆាំងការជួញដូរមនុស្ស ៕