ដោយៈ សុ​ផានី​តា / កោះកុង​៖ មន្ត្រី​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើក​ចិត្ត​ដល់ ក្រុម​អ្នក​ជាប់ពន្ធ ឬ​ប្រជាពលរដ្ឋ មាន​កាតព្វកិច្ច​បង់ពន្ធ​ទាំងឡាយ ដាក់ពាក្យ​បណ្តឹងតវ៉ា សុំ​រក​យុត្តិធម៌​បាន ករណី​ប្រសិនបើ​ពួកគាត់​យល់ថា ការកំណត់ ឬ​វិធានការ តម្រូវឱ្យ​បង់ពន្ធ មិន​ត្រឹមត្រូវ​។​

​លោក សេង ជា​សិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម គោលនយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដា​រ​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើង​ថាៈ អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​ច្បាប់​តម្រូវឱ្យ​លក្ខខណ្ឌ ដោយ​ទុកពេល​ឱ្យ ៣០ ថ្ងៃ សម្រាប់​ការទាមទារ​។ មិនអាច​ដាក់ពាក្យ​បណ្តឹង​តវ៉ា ជា​សមូហភាព​ឡើយ លើកលែងតែ​អ្នក​តវ៉ា ត្រូវបាន​កំណត់ដោយ​ពន្ធដារ​រួម​។​

​មន្ត្រី​ពន្ធដារ បាន​បន្ថែមថាៈ ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់ពន្ធ​ទាំងឡាយ ពុំ​ពេញ​ចិត្តនឹង​ការ កំណត់​ពន្ធ ឬ​វិធានការ​ផ្សេង របស់​មន្ត្រី​ពន្ធដារ គឺ​ពួកគាត់​ដាក់ពាក្យ​បណ្តឹងតវ៉ា ដោះស្រាយបាន នៅតាម​សាខា​ពន្ធដារ ឬ​តាម​ប្រព័ន្ធ​អន​ឡាញ ប្រសិន​ពួកគាត់ យល់ថា មិន​ត្រឹមត្រូវ អយុត្តិធម៌ ចំពោះ​កាតព្វកិច្ច​បង់ពន្ធ ណាមួយ​នោះ​។​

​លោក សេង ជា​សិទ្ធ បានបញ្ជាក់​ទៀតថាៈ ពាក្យបណ្តឹង ត្រូវ​ចុះ​ហត្ថ​លេខ​លើ​ពាក្យ​តវ៉ា ដោយ​អ្នក​តវ៉ា​ផ្ទាល់ ឬ​តំណាង​ស្របច្បាប់ ដោយមាន​លាយ​លាក់​ជា​អក្សរ ខ្លឹមសារ និង​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រាយ​។ ចំពោះ​នីតិវិធី​ការដោះស្រាយ​បណ្តឹងតវ៉ា​របស់​ពន្ធដា​រ គឺ​ចុះបញ្ជី និង​គ្រប់គ្រង​បណ្តឹងតវ៉ា ពិនិត្យ​របាយការណ៍​បំភ្លឺ ដែល​ធ្វើឡើង ដោយ​អង្គភាព ពាក់ព័ន្ធ និង​អង្គភាព​ប្រមូល​ពន្ធ អង្កេត​ដើមហេតុ​នៃ​បណ្តឹង ការសម្រេច​លើ​បណ្តឹងតវ៉ា និង​ជូនដំណឹង​ពី​សេចក្តីសម្រេច​ដោះស្រាយ​បណ្តឹង​។ ព្រោះតែ​ចង់បាន​មតិយោបល់ ធាតុ​ចូល​សំខាន់ៗ​របស់​អ្នក​ជាប់ពន្ធ ទើប​អគ្គនាយកដ្ឋាន​ពន្ធដារ បង្កើតឱ្យមាន​ជា សិក្ខាសាលា ស្តីពី​ពន្ធលើប្រាក់បៀវត្ស ការដោះស្រាយ​បណ្ដឹងតវ៉ា​ពន្ធដារ និង​ការអនុវត្ត កិច្ចព្រមព្រៀង ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​

​មន្ត្រី​ពន្ធដារ រំពឹងថា ផ្តល់​អត្ត​ប្រយោជន៍​ដល់​អ្នក​ជាប់ពន្ធ បង្កើន​ការគៀងគរ​ថវិកា​ចំណូល ពន្ធដារ​ជូន​រដ្ឋ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ធានាបាន ភាពច្បាស់លាស់ និង​ភាព​គ្រប់​ជ្រុង​ជ្រាយ សំដៅ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការ​គេចវេស មិន​បង់ពន្ធ ដោយ​អនុ​លោក​តាមច្បាប់​សារពើពន្ធ​។​

​លោកស្រី ឈី វ៉ា អភិបាល​ស្តីទី​ខេត្តកោះកុង ទទួលស្គាល់​ពី​សារៈសំខាន់ នៃ​ការធ្វើ បទ​បង្ហាញ​នីតិវិធី​ច្បាប់​ពន្ធដារ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ដើម្បី​ជា​ពុទ្ធិ​ថ្មី បន្ថែម​យកទៅអនុវត្ត ប្រក​ដោយ​ប្រសិទ្ធភាព​។​

​លោកស្រី សង្ឃឹមថាៈ ខ្លឹមសារ​នៃ​ច្បាប់​នីមួយៗ ផ្តល់​សារៈប្រយោជន៍ សម្រាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ និង​ពាណិជ្ជករ អាច​ទទួល​យកទៅអនុវត្ត​បន្ត ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​ជូន​រដ្ឋ​។​

​លោកស្រី អភិបាល​ស្តីទី​ខេត្តកោះកុង ស្នើ​ឱ្យមាន​ភាគី​ពាក់ព័ន្ធ បង្កើន​ការយកចិត្ត​ទុក ដាក់​ខ្ពស់ ហើយ​បន្ត​ពង្រឹង​កិច្ចសហការ ជាមួយ​សាខា​ពន្ធដារ​ខេត្តកោះកុង ដើម្បី​ជួយ​ជំរុញ​ម្ចាស់​សហគ្រាស ដែល​ប្រកប​អាជីវកម្ម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ទៅ​ចុះបញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ជូន​រដ្ឋ ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់ ជៀសវាង​ការទទួល​រង​នូវ​ទោសទណ្ឌ ដែលមាន​ចែង ក្នុង​ច្បាប់​ស្តីពី​សារពើពន្ធ​។​

​តាម​របា​យា​ការណ៍ លទ្ធផល​ប្រមូល​ពន្ធដារ ខេត្តកោះកុង បង្ហាញថា ក្នុង​រយៈពេល ៨​ខែ នៃ​ឆ្នាំ​២០២២ ខេត្ត​ទទួលបាន​ចំណូល ១២.៧៧៨ លាន​រៀល​។ ដោយឡែក នៅ​ឆ្នាំ​២០២១ ទទួល​ចំណូល​ប្រាក់​ពន្ធ ១៣.៨៦១ លាន​រៀល​៕ V / N