​ដោយៈ បាយ័ន / សៀមរាបៈ ក្នុងស្ថានភាព​អាកាសធាតុ​ទូទៅ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​ស្ថិតក្នុងរ​ដូ​វ​វស្សា ដែលមាន​ភ្លៀង​ធ្លាក់ ជាប្រចាំ​ច្រើន ព្រមទាំង​សម្ពាធ​ទាប ដែល​រង​ឥទ្ធិពល​ពី​ខ្យល់ព្យុះ​ផ្សេងៗ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​លើសពី​ធម្មតា និង​មាន​ខ្យល់​ដែលមាន​កម្លាំង​ល្បឿនខ្លាំង ធ្វើឱ្យ​ដី​ជ្រាយ ភ្លៀងខ្យល់​ខ្លាំង ដើមឈើ​ដួលរលំ នៅក្នុង​តំបន់​ប្រាសាទ​បូរាណ ខេត្តសៀមរាប ហេតុនេះ អាជ្ញាធរ​អប្សរា អំពាវនាវ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ។​

​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃត្រង់ ទី​២៩ ខែកញ្ញា​នេះ បាន​និយាយថាៈ ចំពោះ​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ក៏​ទទួលបាន​ទឹកភ្លៀង ក្នុង​កំរិត​ខ្ពស់ បណ្តាលឱ្យ​ដី មាន​ភាព​ទន់ជ្រាយ និង រង​ទទួល​នូវ​ខ្យល់​កន្ត្រាក់ បក់បោក​យ៉ាងខ្លាំង បណ្តាលឱ្យមាន​ដើមឈើ​មួយចំនួន បាន​ដួលរលំ​ជា​បន្តបន្ទាប់ ព្រមទាំង​បង្ក​ផលប៉ះពាល់ ដល់​ប្រាង្គ​ប្រាសាទ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងឡាយ ដែល​ឆ្លងកាត់ និង​ចូលទៅ​ទស្សនា ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ស្ថិតក្នុង​ស្ថានភាព​ប្រឈម អាជ្ញាធរ​ជាតិ​អប្សរា សូម​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ដំណើរ​ចូលទៅ​កម្សាន្ត ក្នុង​រមណីយដ្ឋាន​អង្គរ ជាពិសេស ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី ដើមឈើ​ធំៗ កុំ​ជ្រក ឬ​ចត​យានយន្ត ក្រោម​ដើមឈើ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់ ជាយថាហេតុ​ណាមួយ​៕/V​.mara