ដោយៈបូកគោ / កំពតៈ ក្រុមហ៊ុនប្រមូលសំរាមកំពតហ្រ្គីន ប្តេជ្ញាថា នឹងធ្វើឲ្យក្រុងកំពត កាន់តែមានសោភ័ណភាព តាមរយៈការបង្កើនកម្លាំងកម្មករ និងទិញរថយន្តដឹកសំរាម បន្ថែម ខណៈបច្ចុប្បន្ន មានកម្លាំងបម្រើការងារ ៥៥ នាក់ និងរថយន្តត្រឹមតែ ប្រាំបី គ្រឿងប៉ុណ្ណោះ។

លោក សួន សុភ័ក្តិ ប្រធានក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីន បានរៀបរាប់ថា បច្ចុប្បន្ន កំពតហ្គ្រីន មានអ្នកបម្រើការងារ ជាបុគ្គលិក កម្មករ ៥៥ នាក់។ ក្រុមហ៊ុនមានរថយន្ត ប្រមូលសំរាមចំនួនប្រាំបីគ្រឿង។ ការប្រមូលសំរាម ក្នុងក្រុងកំពត បានចែកជាពីរវេន គឺពេលថ្ងៃ ចាប់ពីម៉ោង ៥ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយសម្អាត និងប្រមូលតាមដង ផ្លូវនានា ដែលចរាចរមិនសូវមមាញឹក។ ចំណែកវេនទីពីរ ចាប់ពីម៉ោង ៧ ល្ងាច ដល់ម៉ោង ១២ យប់ ដោយប្រមូលតាមផ្លូវសំខាន់ៗ ដែលចរាចរណ៍រវល់ខ្លាំង នៅពេលថ្ងៃ។ លោកនាយកក្រុមហ៊ុន បានប្រាប់ឲ្យដឹងថាៈ បច្ចុប្បន្ន ក្រុមហ៊ុនមានផែនការពង្រីក សេវាកម្ម ទៅតាមបណ្តាស្រុកបន្ថែមទៀត។ ម្ល៉ោះហើយ ក្រុមហ៊ុន នឹងបង្កើនកម្លាំងកម្មករ ព្រមទាំងទិញរថយន្តដឹកសំរាមបន្ថែម ដើម្បីធ្វើឲ្យខេត្តកំពត កាន់តែមានសោភ័ណភាព ស្រស់បំព្រង ស័ក្តិសមជាគោលដៅទេសចរណ៍ពិតៗ។

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងផងដែរថាៈ សម្រាប់តម្លៃសេវាក្នុងក្រុងកំពត គឺផ្ទះពលរដ្ឋទូទៅ ចន្លោះពី ៧.០០០ រៀល ទៅ ៩.០០០ រៀល ក្នុងមួយខែ។ ដូច្នេះ លោកសូមសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រើប្រាស់សេវា និងគ្រប់គ្រង សំរាម ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់កម្លាំងកម្មករ ប្រមូលលើកដាក់រថយន្ត។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានមានប្រសាសន៍ថាៈ រដ្ឋបាលក្រុង តែងបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសំរាម។ ជាការអំពាវនាវ លោកសូមឲ្យបងប្អូន ប្រជាពលរដ្ឋ ក្នុងក្រុងកំពតទាំងមូល មេត្តាសហការក្នុងកិច្ចការងារនេះ ឲ្យបានល្អប្រសើរ ដ្បិតបច្ចុប្បន្ន ការចូលរួមទើបតែបានប្រមាណ ៨០ ភាគរយប៉ុណ្ណោះ។ ម្យ៉ាងទៀត ក្នុងនាមរដ្ឋបាលក្រុង លោកក៏សំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ បង្កើនការយកចិត្ត ទុកដាក់ និងបំផុសចលនាទីក្រុងបៃតង បរិស្ថានស្អាត អនាម័យល្អឲ្យបានទូលំទូលាយ បំផុត៕/V