​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់ចុះ ៣,៩ ភាគរយ​នៅក្នុង​ការជួញដូ​រលើ​ទីផ្សារ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន​​បច្ចេកវិជ្ជា​យក្ស​នេះ​នឹង​កាត់បន្ថយ​ការផលិត iPhone 14 ថ្មី​របស់​ខ្លួន បន្ទាប់ពី​ឃើញ​តម្រូវការ​ខ្សោយ​ជាង​ការរំពឹងទុក​។​

​ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​បាន​ប្រាប់​វេបសាយ Bloomberg​ថា ក្រុមហ៊ុន Apple នឹង​បោះបង់​ចោល​ការផលិត​ទូរស័ព្ទ​ចំនួន ៦ លាន​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ ក្រៅពី​ទូរស័ព្ទ​ចំនួន ៩០​លាន​គ្រឿង​ដែល​​បាន​ផលិត​ក្នុង​ឆ្នាំ ២០២១​។​

​កង្វះ​ការ​សាទរ​ក្នុងចំណោម​អ្នកប្រើប្រាស់​ទំនងជា​ដោយសារ​តែ​ការកើនឡើង​តម្លៃ​សម្រាប់​ទីផ្សារ​នៅ​ក្រៅ​សហរដ្ឋ​អាម៉េរិក​និង​អតិផរណា ដែល​នាំ​ឱ្យ​អ្នកប្រើប្រាស់​បន្ត​ប្រើ iPhone​ចាស់ៗ​របស់​ពួកគេ​​ជំនួស​ឱ្យ​ការទិញ​ម៉ូ​ដែល​ចុងក្រោយ​បំផុត​។​

​អ្នកប្រើប្រាស់ ដែល​បាន​ទិញ iPhone 14 បាន​រាយការណ៍​ពី​បញ្ហា​ជាច្រើន​ជាមួយ​ទូរស័ព្ទ​នេះ ដូចជា​បញ្ហា​ការតភ្ជាប់​អ៊ីនធឺណិត Cellular កាមេរ៉ា​ញ័រ​និង​ឧបករណ៍​មិន​ព្រម​ចូល​ភ្លើង​ខណៈ​​ពេល​កំពុង​សាក​ថ្ម​។​

Apple បានដាក់​បង្ហាញ iPhone 14​កាលពី​ថ្ងៃទី ៧ ខែ​កញ្ញា ក្នុងអំឡុងពេល​ព្រឹត្តិការណ៍ “Far Out” របស់ខ្លួន ហើយ​ទោះបីជា​ផ្នែក​ខាងក្រៅ​មិន​មាន​ការផ្លាស់ប្តូរ​ក៏ដោយ​ក៏​វា​នៅតែ​រួម​​បញ្ចូល​នូវ​មុខងារ​ថ្មីៗ​ជាច្រើន ដែល​អាច​រក​ស្វែងរក​ឃើញ នៅពេល​ដែល​អ្នកមាន​គ្រោះថ្នាក់​ចរាចរណ៍ តាមដាន​ការបញ្ចេញ​អូវុល និង​ភ្ជាប់​អ៊ីនធឺណិត​តាម​ផ្កាយរណប​។​

​ឧបករណ៍​នេះ​ចាប់ផ្តើម​ពី​តម្លៃ ៧៩៩ ដុល្លារ​នៅ​សហរដ្ឋ​អាម៉េរិក ប្រហាក់ប្រហែល​នឹង iPhone មុនៗ​ដែរ ប៉ុន្តែ​នៅ​ប្រទេស​ផ្សេង ស្មា​ត​ហ្វូននេះ​មានតម្លៃ​ចាប់ពី ៩០០ ដុល្លារ​ឡើង​ទៅ​៕

Apple កំពុង​មើល​ឃើញ​តម្រូវការ​ទាប​សម្រាប់ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​