ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គិត​មកទល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ជំនន់​ទឹកអូរ​ព្រំដែន ចាប់ផ្តើម​ជន់​ឡើង លិច​តំបន់​ទំនាប​មួយចំនួន តាម​អូរ​ព្រំដែន ភាគខាងត្បូង ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ ។​ស្ថានភាព​ប្រែប្រួល ពីមួយថ្ងៃ ទៅមួយ​ថ្ងៃនេះ មកពី​មាន​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់ ស្រុង​ចុះ ពី​សណ្ឋាន​ដី​ខ្ពស់ ខាង​ប្រទេស​ថៃ ហូរ​ចុះមក គួបផ្សំ​នឹងមាន​ភ្លៀង ក្នុងភូមិ​សាស្ត្រ​ដែលជា​ឥទ្ធិពល នៃ​ព្យុះ​មូសុង​ឈ្មោះ ណូ​រូ ។​

​លោក គាង ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២៩ ខែកញ្ញា បានឱ្យដឹងថាៈ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន តាម​មាត់​អូរ​ព្រំដែន​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត​ខ្ពស់ ព្រោះ​ទឹក​បាននិងកំពុង​កើន ឡើង​ខ្លាំង គួរ​ឲ្យ​ព្រួយបារម្ភ​ហើយ ។ ក្នុងករណី​មាន​គ្រោះអាសន្ន សូម​រាយការណ៍ មក​អាជ្ញាធរ​ពាក់ព័ន្ធ​ជាបន្ទាន់ ដើម្បី​អន្តរាគមន៍​ជម្លៀស មកកាន់​ទីទួល​សុ​វត្តិភាព ឲ្យ​បាន​ទាន់ពេលវេលា​។​

​សូម​រំលឹកថា ដោយ​ស្ថានភាព​ទឹកជំនន់ ប្រែប្រួល ឬ​លែង​ប្រក្រតី ទើប​កាលពី​យប់ ថ្ងៃទី​២៨ ខែកញ្ញា លោក​អភិបាលក្រុង​នេះ រួមជាមួយ​មន្ត្រី​អាជ្ញាធរ នាយ នាយរង ពល​នគរបាល វរ​:​ព្រំដែន​លេខ​៨៩១, អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត និង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​, យោធា​ផ្នែក​សឹក​រង​ក្រុង កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ពិនិត្យ វាយតម្លៃ​ស្ថានភាព​ទឹកជំនន់ នៅ​បណ្តោយ​អូរ​ព្រំដែន ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត ។​

​ចំណែក​លោក​វរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍​ព្រំដែន​ចំបក់ នៃ​នគរបាល​ការពារ​ព្រំដែន គោក វរៈ​សេនា​តូច​លេខ​៨១៥ បាន​ដឹកនាំ​កម្លាំង ចុះជួយ​រៀបចំ​ជញ្ជូន​សំភារៈ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង យកមក​កាន់​ទីទួល សុវត្ថិភាព កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃនេះ ។ នេះ​ជាការ​ណែនាំ​ពី​លោក​ឧ​ត្ត​ម សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់​របស់លោក​វរសេនីយ៍ឯក សៅ សួង មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨១៥ ។​

​លោក​បាន​បន្តថាៈ ទឹកជំនន់​នេះ ជា​ទឹក​ស្រុង​ចុះ​មកពី​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ទឹកធ្លាក់​មកពី​ទឹកដី​ថៃ ។​

​ចំណែក​មន្ត្រីនគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​តំបន់​ម៉ាឡៃ បានឱ្យដឹងថាៈ មកទល់​ថ្ងៃទី​២៩ ខែកញ្ញា នេះ ស្ថានភាព​ទឹកជំនន់ មិនមាន​ប្រែប្រួល​នៅឡើយ ពោលគឺ កម្រិត​ទឹក​នៅក្រោម​ធ្នឹម​ស្ពាន​ដដែល ។​

​ប៉ុន្តែ​នា​ព្រំដែន​កម្ពុជា ថៃ ភាគ​ខាងជើង​វិញ លោក យង់ យឺន អភិបាលរង​ស្រុក និង​លោក យ៉​ត រ៉ា​យុ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក បានឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា នេះ​ថាៈ ស្ថានភាព​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ តាម​អូរ​កំបុត នៅក្នុង​ថ្ងៃនេះ កើនឡើង ៤,៩០ ម៉ែត្រ គឺ​ខ្ពស់ជាង​ពី​ម្សិលមិញ​។ ទឹក​នេះ​ហូរ​ចុះមក ហើយ​ហៀរ​ខ្ជាក់​ចេញពី​េ​ពោះ​អូរ ហើយ​ហូរ​ទៅ​បំពេញបន្ថែម ក្នុង​ស្ទឹង​ថ្មពួក និង​ស្ទឹង​ស្វាយ ដែលមាន​ជំនន់​ទឹកភ្លៀង​ស្រាប់ បណ្តាល​ឱ្យទៅ​លិច​ទីធ្លា​ផ្ទះ​ពលរដ្ឋ​, ទីធ្លា​សាលារៀន​មួយចំនួន និង​លិច​ចម្ការ​ដំឡូង​មី រាយប៉ាយ​តាម​ឃុំ​នានា ចំនួន ៧១៩ ហិកតា ។​

​មន្ត្រី​ក៏​ព្រមាន​ដែរ​ថាៈ លំនៅឋាន​ពលរដ្ឋ​នៅ​ផ្នែក​ខាងជើង​ទីរួមស្រុក ជាប់​នឹង​ស្ទឹង​ថ្មពួក សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ទំនប់​ការពារ​ទឹក បាន​ពេញប្រៀប​ទឹក​ទៅហើយ ។​
​ឯ​ទឹក​ក្នុង​អាង​នានា ដូចជា អាង​តា​ឆាយ ក្នុង​ឃុំ​គំរូ អាង​តា​ម៉េង និង​អាង បី​ទៀត ក្នុង​ឃុំ​គោក​កឋិន , អាង​ជើង​គ្រូ​ស បារាយណ៍​ប្រាសាទ​មេបុណ្យ ក្នុង​ឃុំ​បន្ទាយឆ្មារ ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​ពេញប្រៀប​ដូចគ្នា​៕ V / N