​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ ហុកសិប​ប្រាំមួយ​លាន​ឆ្នាំមុន អាចម៍ផ្កាយ​យក្ស​មួយ​បាន​ធ្លាក់​មក​លើ​ផែនដី​ដែល​នាំ​ទៅដល់​ការ​ផុត​ពូជ​ដាយ​ណូ​ស័រនិង​បី​ភាគ​បួន​នៃ​ប្រភេទ​សត្វ​ទាំងអស់​​នៅក្នុង​ព្រឹត្តិការណ៍​មួយ ដែល​គេ​ស្គាល់​ថា ការ​ផុត​ពូជ​ដ៏​ធំ​របស់ K-T​។ សំណាក​ថ្មីៗ​ដែល​ប្រមូលបាន​ពី​ព្រះ​ចន្ទ​បានបង្ហាញ​តម្រុយ​អំពី​សក្ដានុពល​នៃ​ប្រព័ន្ធ​សុរិយគតិ​រួមទាំង​លទ្ធភាព​នៃ​អាចម៍ផ្កាយ​​ដែល​តម្រង់​ទិស​មករ​ក​ផែនដី​នាពេល​អនាគត​។​

​បន្ថែម​ពីលើ​ការរកឃើញ​ថា​ផលប៉ះពាល់​អាចម៍ផ្កាយ​សំខាន់ៗ​បាន​កើត​ឡើង​ជា​ចង្កោម ការរកឃើញ​ថ្មីៗ​បានបង្ហាញ​ថា​ឥទ្ធិពល​អាចម៍ផ្កាយ​លើ​ផ្ទៃ​ព្រះ​ចន្ទ​គឺ​ស្របគ្នា​ជាមួយនឹង​អាចម៍ផ្កាយ​ធំៗ​មួយចំនួន​​នៅ​លើ​ផែនដី រួម​ទាំង​អាចម៍ផ្កាយ ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការសម្លាប់​ដាយ​ណូ​ស័រ​ផុតពូ​ជផងដែរ​។​

​ការសិក្សា​នេះ​បាន​ប្រើប្រាស់​អង្កាំ​កញ្ចក់​មីក្រូ​ទស្សន៍​នៅក្នុង​សំណាក​ដី​ព្រះ​ចន្ទ ដែល​ប្រមូលបាន​ដោយ​យាន​បេសកកម្ម​ឋាន​ព្រះ​ចន្ទ Chang’e-5 របស់​ចិន​ឆ្នាំ ២០២០​។ អង្កាំ​កញ្ចក់​ដែល​ជា​លទ្ធផល​​នៃ​កំដៅ​ខ្ពស់​និង​សម្ពាធ​ដែល​បង្កើត​ដោយ​ការវាយប្រហារ​ដោយ​អាចម៍ផ្កាយ ត្រូវបាន​រៀបចំ​ឡើង​តាម​អាយុ ដើម្បី​បង្កើត​ឡើង​វិញ​នូវ​ពេលវេលា​ប្រហាក់ប្រហែល​នៃ “​ការបំបុ​កឋាន​ព្រះចន្ទ​”​ដែល​ត្រូវ​គ្នា​​នឹង​ការវាយប្រហារ​ស្រដៀង​គ្នា​នៅ​លើ​ផែនដី​។​

​អ្នកដឹកនាំ​ការនិពន្ធ សាស្ត្រាចារ្យ អា​ឡិច​សាន់​ឌឺ នឹម​ឈិន (Alexander Nemchin) មក​ពី​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​អវកាស​នៃ​សាកលវិទ្យាល័យ​ឃួ​ធី​ន (Curtin) ឬ SSTC នៅក្នុង​សាលា​ជំនាញ​វិទ្យាសាស្ត្រ​ផែនដី​និង​ភព បាន​និយាយថា ការរកឃើញ​ដែល​បង្ហាញ​ពី​ពេលវេលា​និង​ភាព​ញឹកញាប់​នៃ​ផលប៉ះពាល់​របស់​អាចម៍​ផ្កាយ​លើ​ព្រះ​ចន្ទ អាច​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅ​លើ​ផែនដី ដោយ​ប្រាប់​យើង​បន្ថែមទៀត​អំពី​ប្រវត្តិ​នៃ​ការវិវត្ត​នៃ​ភពផែនដី​របស់​យើង​។​

​លោក អា​ឡិច​សាន់​ឌឺ នឹម​ឈិន ជា​សហ​អ្នកនិពន្ធ​នៃ​ការសិក្សា​នេះ និង​ជា​សាស្ត្រាចារ្យ​នៅ SSTC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​យើង​បាន​រួម​បញ្ចូល​គ្នា​នូវ​បច្ចេកទេស​វិភាគ​មីក្រូ​ទស្សន៍​​ដ៏​ធំ​ទូលាយ គំរូ​លេខ និង​ការ​ស្ទង់​ភូមិសាស្ត្រ ដើម្បី​កំណត់​ពី​របៀប​ដែល​អង្កាំ​កញ្ចក់​មីក្រូ​ទស្សន៍​ពី​ព្រះ​ចន្ទ​ត្រូវបាន​បង្កើតឡើង​និង​កកើត​នៅពេលណា​”​។

​អាយុកាល​នៃ​អង្កាំ​កញ្ចក់​មួយចំនួន​បានបង្ហាញ​ថា ពួក​វា​បានកកើតឡើង​ប្រហែល ៦៦ លាន​ឆ្នាំមុន ឬ ប្រហែល​ពេល​ដូចគ្នា​ដែល​អាចម៍ផ្កាយ Chicxulub បុក​ផែនដី ដែល​បង្ក​ជា​រលក​យក្ស​ស៊ូ​ណា​មី ព្យុះ​ភ្លើង និង ពពក​កម្ទេចកម្ទី​ក្រាស់​ល្មម​អាច​បាំង​ពន្លឺព្រះអាទិត្យ​បាន​។​

​អ្នកវិទ្យាសាស្ត្រ ដែល​ពាក់ព័ន្ធ​នឹង​ការសិក្សា​នេះ សង្ឃឹមថា ការស្រាវជ្រាវ​ជា​បន្ត​នេះ​អាច​ផ្តល់​ការយល់ដឹង​បន្ថែមទៀត​អំពី​បន្ទុះ “Big Bang” និង​ថា​តើ​វា​ពិត​ជា​បន្ទុះ Big Bang ដែល​តាម​ពីក្រោយ​ដោយ​បន្ទុះ​តូចៗ​មួយ​ចំនួន​ឬ​យ៉ាងណា​។​

​លោក​នឹម​ឈិន​និយាយថា “​ប្រសិនបើ​វា​ត្រឹមត្រូវ វា​បង្ហាញ​ថា​ការ​ចែកចាយ​ប្រេកង់​អាយុ​នៃ​ផល​ប៉ះពាល់​លើ​ព្រះ​ចន្ទ​អាច​ផ្តល់​ព័ត៌មាន​ដ៏​មានតម្លៃ​អំពី​ផលប៉ះពាល់​លើ​ផែនដី​ឬ​ប្រព័ន្ធ​សុរិយគតិ​ខាងក្នុង​។​

​ឥឡូវ​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​គ្រោង​នឹង​ប្រៀបធៀប​ទិន្នន័យ​ទាំងពី​សំណាក​ដី​ព្រះ​ចន្ទ​និង​សំណាក​ដី​ផ្សេង​ទៀត​ជាមួយនឹង​អាយុកាល​នៃ​រណ្ដៅ​នៅ​ទូទាំង​ផ្ទៃ​ព្រះ​ចន្ទ ដោយ​សង្ឃឹម​ថា​វា​អាច​បង្ហាញ​តម្រុយ​អំពី​ផលប៉ះពាល់​ដែល​ត្រូវ​គ្នា​នៅលើ​ផែនដី ដែល​អាច​មាន​ផល​ប៉ះពាល់​ដល់​អាយុជីវិត​។​

​បោះពុម្ភផ្សាយ​ក្នុង​ទស្សនាវដ្ដី Science Advances ដែល​ត្រូវបាន​ពិនិត្យ​ដោយ​អ្នកវិទ្យាសាស្ត្រ​គ្នាឯង​រួចរាល់ ការសិក្សា​នេះ​ត្រូវបាន​គេ​ហៅថា “​ការទាញយក​និង​ការដឹកជញ្ជូន​អង្កាំ​កញ្ចក់​ពី​ផ្ទៃ​ព្រះ​ចន្ទ ដោយ​ប្រើ​អាយុ​និង​សមាសធាតុ​គីមី​នៃ​អង្កាំ​កញ្ចក់​របស់​យាន Chang’e-5″៕