ដោយៈសុផល/​ភ្នំពេញ​៖ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ បានសហការគ្នារៀបចំ​យុទ្ធនាការ​សុវត្ថិភាព ២០២២ក្នុង​គោល បំណង​ពង្រឹង​លើ​សុវត្ថិភាព​ការងារ និង​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈជាពិសេស​ពង្រឹង​ទៅលើ​ច្បាប់​ចរាចរណ៍និង​សុវត្ថិភាព​បើកបរ​របស់​បុគ្គលិកជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ទាំង​មូល​។​

យុទ្ធនាការ​សុវត្ថិភាពនេះ បានត្រូវធ្វើឡើងកាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​​នៅ​សាលប្រជុំ រោងចក្រ​ផលិត​ក្បឿង ជីប ម៉ុង របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ស្ថិតនៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លោក អាន ស៊ីដេត ប្រធានផ្នែកគ្រប់គ្រងសុវត្ថិភាពសុខភាព និងបរិស្ថាន បានថ្លែងថា៖យុទ្ធនាការនេះ គឺដើម្បី​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម រយៈ​ការធ្វើ​បទ​បង្ហាញ​ពី​គ្រួ​ឧទ្ទេស មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូន​ដល់​បុគ្គលិក និយោជិត និង​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ ទាំង​អស់​។​

យុទ្ធនាការ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ ដែលមាន​អ្នកចូលរួម​សរុប​ចំនួន ៤៤៨ នាក់ មកពី​បណ្តា​រោងចក្រ​ផលិត​បេតុង ផលិត​ក្បឿង ផលិត​ទុយោ និង​ជីប ម៉ុង​ត្រែ​ដ​ឌី​ង ហើយក៏​ជា​យុទ្ធនា​ការលើក​ទី ៣ ផងដែរ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍​។

​លោក គួច រតនៈ នាយក​គ្រប់គ្រង​ប្រតិបត្តិការ ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ បាន​បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ យុទ្ធនាការ​នេះ​គឺ​ដើម្បី​ចូលរួម​ពង្រឹង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​។​

​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការផលិត​បេតុង​លាយ​ស្រេច​និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ការទទួល​ស្គាល់​វិ​ញ្ញាប​ន​ប័ត្រ​គ្រប់គ្រង​គុណភាព​ស្ដង់ដារ ISO 9001-2015 ។ ផលិតផល​របស់​ក្រុមហ៊ុន ជីប ម៉ុង អ៊ី​ន​ដា​ស្ទ្រី​ស៍ មានដូចជា​បេតុង​លាយ​ស្រេច ក្បឿង​ជីបម៉ុង ទុយោ​ជីបម៉ុង និង​ផលិតផល​ថ្ម​ក្រា​វ៉ែត ដែល​សុទ្ធសឹង​ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​កម្រិត​អន្តរជាតិ សម្រាប់​គាំទ្រ​លើ​ឧស្សាហកម្ម​សំណង់​គ្រប់​ប្រភេទ ស័ក្តិសម​ទៅនឹង​គេហដ្ឋាន​ទំនើប និង​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕Ph