​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ច្បាប់​ម្នាក់​បាន​និយាយថា តុលាការ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​បាន​ផ្តន្ទាទោស​អតីត​មេដឹកនាំ​លោកស្រី អ៊ុង​សាន សូ​ជី នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កញ្ញា ហើយ​បាន​កាត់ទោស​ទីប្រឹក្សា​សេដ្ឋកិច្ច​សញ្ជាតិ​អូស្ត្រាលី​របស់​លោកស្រី​គឺ លោក ស៊ីន ធឺ​នែ​ល (Sean Turnell) ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ពី​បទ​រំលោភ​លើ​ច្បាប់​ស្តីពី​ការសម្ងាត់​រដ្ឋ​របស់​មី​យ៉ាន់​ម៉ា​។​

​មន្ត្រី ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​គាត់​មិន​មាន​សិទ្ធិ​បញ្ចេញ​ព័ត៌មាន​អំពី​ករណី​នេះ បាន​និយាយថា លោកស្រី​ស៊ូ​ជី​បាន​ទទួល​ការកាត់ទោស​រយៈពេល​បី​ឆ្នាំ​បន្ទាប់ពី​ត្រូវ​បាន​​កាត់ទោស​និង​ផ្តន្ទាទោស​ជាមួយ​លោក​ធឺ​នែ​ល​ក្រោម​ច្បាប់​ស្តីពី​ការសម្ងាត់​។​

​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ស្រី​ចំនួន​បី​នាក់​ក៏​ត្រូវបាន​រកឃើញ​មានទោស​ដែរ ដោយ​ម្នាក់ៗ​ទទួលទោស​ជាប់គុក​បី​ឆ្នាំ​។​

​លោក​ធឺ​នែ​ល ជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ម៉ា​ក្វា​រី (Macquarie)​នៃ​ទីក្រុង​ស៊ីដ​នី បាន​បម្រើការ​ជា​ទីប្រឹក្សា​របស់​លោកស្រី​ស៊ូ​ជី ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​រដ្ឋធានី​ណៃ​ពិដោ នៅពេល​ដែល​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​ត្រូវ​បាន​បណ្តេញចេញ​ដោយ​កងទ័ព​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០២១​។​

​លោក​បាន​ត្រឡប់​មក​មី​យ៉ាន់​ម៉ា​វិញ​ពី​អូស្ត្រាលី​ដើម្បី​កាន់តំណែង​ថ្មី​ជា​ទីប្រឹក្សា​ពិសេស​របស់​លោកស្រី​ស៊ូ​ជី ពោល​មិន​ដល់​មួយ​ខែ​ផង​មុន​ពេល​លោក​ត្រូវបាន​ឃុំខ្លួន​។ ក្នុងនាម​ជា​នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា គាត់​បាន​រស់នៅ​ក្នុង​ទីក្រុង​ណៃ​ពិដោ​ជាច្រើន​ឆ្នាំ​រួចមកហើយ​៕

លោកស្រី​ស៊ូ​ជី​និង​លោក​ធឺ​នែ​ល​ជាប់គុក​ម្នាក់ៗ​៣​ឆ្នាំ​