ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹក​បឹង​ទន្លេសាប​បាន​ឡើងដល់​កម្ពស់ ៧,០១​ម៉ែត្រ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ខណៈពេល​ទឹកទន្លេ​មេគង្គ​នៅ​ទន្លេបាសាក់ ចតុមុខ បាន​ឡើងដល់​៨,៤៤​ម៉ែត្រ ហើយ​អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់​៩,៧០​ម៉ែត្រ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ដល់​ថ្ងៃនោះ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម និង​ទឹកទន្លេ​បាសាក់​នៅ​កោះ​ខែល អាច​នឹង​ឡើង​លើសពី​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅ​ថ្ងៃទី​៤ ខែតុលា​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សម្រាប់​ថ្ងៃទី​២៩ ខែកញ្ញា​បានបង្ហាញ​ឱ្យឃើញថា ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​៨,៥៥​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៨​ខែកញ្ញា​០,៥១​ម៉ែត្រ នៅ​ខេត្ត ក្រចេះ​មាន​កម្ពស់​១៨,៤៧​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,០៣​ម៉ែត្រ នៅ​ខេត្ត កំពង់ចាម​ទឹក​មាន​កម្ពស់​១២,៤៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,០៥​ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ​ទឹក​មាន​កម្ពស់​៨,៤៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,០៥​ម៉ែត្រ នៅ​អ្នក​លឿង​ទឹក​មាន​កម្ពស់​៦,០៨​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,០៦​ម៉ែត្រ នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៧,២៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,០៤​ម៉ែត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៧,៦៤​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,០៥​ម៉ែត្រ នៅ​បឹង​ទន្លេសាប​ក្រគរ កំពង់​លួង ទឹកបាន​ឡើងដល់​កម្ពស់​៧,០១​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៨ ខែកញ្ញា​០,១០​ម៉ែត្រ​។​

​យោងតាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន​មេគង្គ​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២២ បង្ហាញឱ្យឃើញថា​ទឹកទន្លេ​មេគង្គ​នៅ​ភ្នំពេញ​អាច​នឹង​ឡើងដល់​កម្ពស់​៩,៧០​ម៉ែត្រ នៅ​ថ្ងៃទី​៤ ខែតុលា នៅ​ខេត្តកំពង់ចាម​ទឹក​អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់​១៥,៤៥​ម៉ែត្រ គឺ​ឡើង​ហួស​ពី​កម្រិត​ត្រូវ​ប្រកាស​ឱ្យ​មានការ​ប្រយ័ត្ន​០,២៥​ម៉ែត្រ នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​អាច​នឹង​ឡើង ៨,០៣​ម៉ែត្រ គឺ​ឡើង​លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,៥៣​ម៉ែត្រ ខណៈពេល​ទឹកទន្លេ​មេគង្គ​នៅ​ប៉ាក់​សេ ប្រទេស​ឡាវ​ឡើងដល់​កម្រិត​កម្ពស់ ១១,១២​ម៉ែត្រ នៅ​ថ្ងៃទី​៣ ខែតុលា គឺ​ឡើង​លើស​កម្រិត​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,១២​ម៉ែត្រ​។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ ដែល​នឹង​ហក់​ឡើង​ខ្លាំង​នៅពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦ ឈ្មោះ​ណូ​រុ (NORU) ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​មកលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​អាកាសធាតុ​បាន​នឹង​កំពុងមាន​ការប្រែប្រួល ដែល​កើតឡើង​ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦ ឈ្មោះ​ណូ​រុ មកលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅក្នុង​អាង​ទន្លេមេគង្គ​ដែលមាន​ទឹក​ច្រើន​ស្រាប់ ។

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​ស្ថានភាព​បែប​ខាងលើនេះ​នឹង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ក្នុង​រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ​ខាងមុខ ជាពិសេស​នៅ​ភាគ​ខាងលើ​នៃ​ប្រទេស​កម្ពុជា មានដូចជា​ខេត្តស្ទឹងត្រែង ទឹកនឹង​អាច​ឡើងដល់​កម្ពស់​១០,០០​ម៉ែត្រ នៅ​ខេត្តក្រចេះ​ទឹកនឹង​អាច​ឡើងដល់​កម្ពស់​២១,០០​ម៉ែត្រ​និង​នៅ​ខេត្តកំពង់ចាម​ទឹកនឹង​អាច​ឡើងដល់​កម្ពស់​១៤,៣០​ម៉ែត្រ នៅ​ស្ថានីយ​ជល​សាស្ត្រ​ភ្នំពេញ​-​ចតុមុខ ទឹក​អាច​ឡើងដល់​កម្ពស់​៩,៤០​ម៉ែត្រ ។

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ទឹកទន្លេ​ដែល​បាន​ហក់​ឡើង​នាពេលនេះ នៅ​មិនទាន់​ដល់​កម្រិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ តែ​ទឹក​អាច​នឹង​ហូរ​ចូល​លិច​តំបន់​ទំនាប​មួយចំនួន​អម​តា​មដង​ទន្លេ និង​បន្ត​ហូរ​ចូល​តាម​បណ្តា​ព្រែក​បន្ថែមទៀត ។ នៅ​ភាគ​ឦសាន​ទឹកទន្លេ​សេកុង​កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕​