ដោយៈ សុផានីតា / កោះកុង៖ បន្ទាប់ពីទទួលព័ត៌មាន ក្នុងគ្រុបព័ត៌មានក្រុមអ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ រដ្ឋបាលខេត្តកោះកុង លោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្ត បានដឹកនាំអភិបាល ស្រុកមណ្ឌលសីមា អង្គភាពការិយាល័យជំនាញ បានចុះពិនិត្យ ពីសភាពចាស់ ទ្រុឌទ្រោមខ្លាំង នៃប៉ាណូពាណិជ្ជម្ម នៅលើកំណាត់ផ្លូវជាតិលេខ៤៨ ទល់មុខវិទ្យាល័យចាំយាម ហើយនៅពេលនោះ ក្រុមមន្ត្រីទាំងនោះ​ បានសម្រេចកាត់ រុះរើទម្លាក់មកដី ដោយសារតែបារម្ភពីសុវត្ថិភាព ដល់អ្នកដំណើរនោះ​ ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថាៈ តាមការណែនាំរបស់រដ្ឋបាលខេត្តកោះកុង លោក និងអាជ្ញាធរមូលដ្ឋាន ជួលរថយន្តស្ទូច និងក្រុមជាង ដើម្បីកាត់ប៉ាណូផ្សាយពាណិជ្ជកម្មនេះ ចុះមកដីហើយ បញ្ចៀសការបារម្ភ ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកដំណើរ។

បើតាមលោកអភិបាលស្រុកមណ្ឌលសីមា កាលពីយប់មិ្សលមិញ ថ្ងៃទី២៨ កញ្ញា អាកាសធាតុ ខ្យល់ភ្លៀង បានបក់បោកទៅលើផ្ទាំងប៉ាណូនេះ ដែលបង្កឱ្យបាក់បែកគ្រិច ត្រង់ផ្នែកមួយចំនួន ចាស់ផុយ អាស្រ័យហេតុនេះ ទើបលោកស្រី អភិបាលស្តីទី ខេត្តកោះកុង សម្រេចចិត្តចាត់ឱ្យទីចាត់ការអន្តរវិស័យ អង្គភាពច្រកចេញតែមួយខេត្ត និងអាជ្ញាធរស្រុក កាត់ទម្លាក់មកដីជាបន្ទាន់។

ប្រជាពលរដ្ឋ អ្នកដំណើរ បានគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋបាលខេត្ត និងស្រុក មណ្ឌលសីមា លើការការពារសន្តិសុខ សុវត្ថិភាព ជូនដល់ពលរដ្ឋ។ ទន្ទឹមនេះដែរ ពួកគាត់ក៏ស្នើដល់អាជ្ញាធរ និងមន្ទីរអង្គភាពជុំវិញខេត្ត ជួយបន្តស្រាវជ្រាវពិនិត្យ ចំពោះផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដទៃទៀត ករណីមានជួបបញ្ហាបាក់ប្រេះ ដែលងាយនឹងបង្កគ្រោះដល់ប្រជាពលរដ្ឋ អ្នកដំណើរទូទៅ ឆ្លងកាត់ដងផ្លូវនានា។

លោក សុខ ភិរម្យ បានបន្ថែមថាៈ ក្រោយការកាត់ប៉ាណូនេះហើយ អាជ្ញាធរ នឹងអញ្ជើញ ម្ចាស់ក្រុមហ៊ុនផ្ទាំងប៉ាណូ មកពិភាក្សា ដើម្បីជួសជុលកែលម្អ ជាផ្ទាំងប៉ាណូថ្មីរឹងមាំ ទើបអនុញ្ញាតឱ្យតម្លើងផ្សាយជាថ្មីម្តងទៀត។

ប៉ាណូផ្សាយពាណិជ្ជកម្ម ដែលមានសភាពចាស់ទ្រុឌទ្រោម មានកម្ពស់ជាង ១០ ម៉ែត្រ និងទទឹងកាត់ផ្លូវជាតិលេខ៤៨ ជាង ៣០ ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ដោយអាជ្ញាធរ រក្សាទុកនៅទីតាំងដដែល ជាបណ្តោះអាសន្នសិន ដោយសាររដ្ឋបាល ស្រុក ឬអធិការដ្ឋានគរបាលស្រុក ពុំមានកន្លែងដាក់រក្សាទុកនោះទេ៕/V