ដោយៈប.ខុន / ភ្នំពេញៈ ខ្យល់បក់បោកក្នុងល្បឿនពី ២៥ ទៅ ២៧ ម៉ែត្រ ក្នុងមួយវិនាទី (ធម្មតាពី ៥ ទៅ ៧ ម៉ែត្រ) បាននាំយកខ្សាច់ ពីតាមឆ្នេរ មកដាក់លើផ្លូវឆ្នេរអូរត្រេះ មិនទាន់ត្រូវបានគេធ្វើការសម្អាតនៅឡើយទេ ដោយសារភ្លៀងមិនទាន់រាំង និងខ្យល់ នៅតែបក់បោកខ្លាំង ជាមួយនឹងរលកសមុទ្រខ្ពស់ៗ រហូតដល់ថ្ងៃទី១ ខែតុលា ទើបវិល មកសភាពធម្មតាវិញ។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី២៩ ខែកញ្ញាថាៈ ខ្យល់បក់បោកបានថយឥទ្ធិពលចុះបន្តិចវិញនៅ ពេលល្ងាចនេះ គឺមិនខ្លាំងដូចកាលពីពេលថ្ងៃ ដែលបានបក់បោកនាំយកខ្សាច់ ពីតាមឆ្នេរ មកដាក់លើផ្លូវឆ្នេរអូរត្រេះនោះទេ តែរលកសមុទ្រនៅខ្ពស់ៗ ជាមួយនឹងការធ្លាក់ភ្លៀង មិនដាច់។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៩ ខែកញ្ញាថាៈ ខ្សាច់ដែលផាត់តាមខ្យល់ ពីតាមឆ្នេរចាក់លើផ្លូវឆ្នេរអូរត្រេះ ពេលនេះ មិនទាន់បានសម្អាតទេ ព្រោះពេលនេះ ខ្យល់នៅតែខ្លាំង និងភ្លៀងមិនទាន់រាំង។ ក្រោយពេលភ្លៀងរាំង ខ្សាច់នៅលើផ្លូវ ត្រូវបានធ្វើការសម្អាតវិញហើយ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៩ ខែកញ្ញាថាៈ ខ្យល់នៅតំបន់មាត់សមុទ្រថ្ងៃនេះ មានល្បឿនជាមធ្យមពី ២៥ ទៅ ២៧ ម៉ែត្រ (ធម្មតាពី ៥ ទៅ ៧ ម៉ែត្រ) ក្នុងមួយវិនាទី ខ្យល់ខ្លាំងបែបនេះ មានបន្តរហូតដល់ថ្ងៃទី ១ ខែតុលា ទើបត្រឡប់មកធម្មតាវិញ ។ ភ្លៀងនៅបន្តធ្លាក់រាយប៉ាយរាល់ថ្ងៃ តែមិនគំហុកទេ។ នៅថ្ងៃទី ២ ខែតុលា មានភ្លៀងខ្លាំង៕/V