ដោយៈភ្នំសន្ទុក/កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានប្រាប់ឱ្យដឹងថារសៀលថ្ងៃទី២៩ខែ កញ្ញាចាប់ពីម៉ោងជាង១១ ដល់ម៉ោង ៣រសៀល ស្ថានភាពទឹកនៅចំណុចឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលហូរ កាត់កំណាត់ផ្លូវជាតិបានកើនឡើងជាងម្សិលមិញជាថ្មីប្រមាណបីសង់ទីម៉ែត្រ។ដោយឡែកសម្រាប់ទីតាំងអាង បង្ហៀរទឹក៣០កញ្ញានៅរក្សាស្ថានភាពទឹកលំនឹងដដែលគ្មានអ្វីគួរឱ្យកត់សម្គាល់ទេ។ចំណែកផ្លូវលំនៅភូមិកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ប្រវែងជាង១.០០០ម៉ែត្របានរងការខូចខាតដោយសារទឹកជំនន់ដែរ។

លោកអភិបាលស្រុកស្ទោងបន្តឲ្យដឹងទៀតថា រដ្ឋបាលស្រុក ក៏ដូចជាថ្នាក់ខេត្ត និងថ្នាក់ជាតិតែងតែយកចិត្តទុក ដាក់តាមដាននិងចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនិងមានវិធានការត្រៀមរួចជាស្រេចនៅពេលមានគ្រោះមហន្តរាយមកដល់ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។រីឯស្ថានភាពទឹកបច្ចុប្បន្នបើយើងស្ដារឡើងវិញនូវដំណាំស្រូវវាពិតជាពិបាកបន្តិចរង់ចាំទឹកស្រកបានដឹង។នៅពេលនេះការសង្គ្រោះបឋមមានតែការចែកស្បៀងជូនដល់ពលរដ្ឋប៉ុណ្ណោះ។កន្លងមករដ្ឋបាលស្រុក រួមទាំងសប្បុរសជន ចែកស្បៀងជូនប្រជាពលរដ្ឋបានមួយចំនួន ១០០០គ្រួសាររួចហើយដែរ ក្នុងនោះមានឃុំបន្ទាយស្ទោង ឃុំរុងរឿង ឃុំសាប្រូច និងឃុំកំពុងចិនជើង ។

លោកសាយ គឹមឡម សូមជម្រាបជូនដល់ម្ចាស់រថយន្តដឹកទំនិញធន់ធ្ងន់ដែលធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ ៦ ជាពិសេសនៅភូមិសាស្ត្រ ស្រុកស្ទោងត្រូវផ្អាកចរាចរណ៍ដដែល លើកលែងតែរថយន្តដឹកទំនិញ ធុនតូច និងរថយន្តប្រភេទទេសចរណ៍ គឺអាចចរាចរណ៍ឆ្លងកាត់មកធម្មតា។

ម្យ៉ាងវិញទៀត អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលមានលំនៅឋានកំពុងលិច លង់ដោយសារជំនន់ទឹកភ្លៀង និងចេះតាមដានរាល់ព័ត៌មានដែលអាជ្ញាធរបានផ្សព្វផ្សាយពីស្ថានភាព ទឹកជំនន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដោយយថាហេតុណាមួយ ជាពិសេសយកចិត្តទុកដាក់ទៅលើកុមារតូចៗ។

ចំណែកនៅស្រុកប្រាសាទសំបូរឯណោះវិញលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានឱ្យដឹងថា ជំនន់ទឹកភ្លៀងដែលកំពុងលិចលង់ ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនៅភូមិកំពង់ឈើទាល ភូមិតាំងក្រង ឃុំតាំងក្រសៅ។ទឹកជំនន់កំពុងហូរកាត់នៅចំណុចពីភូមិកំពង់ឈើទាលទៅភូមិតាំងក្រងមានប្រវែង១.២០០ម៉ែត្រ៕សរន