ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅថ្ងៃទី៧ ខែតុលា ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាល ក្រមផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់គ្មានមូលដ្ឋានថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាចោរលូចបន្លំសន្លឹកឆ្នោត ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយនៅក្នុងសវនាការ មានវត្តមានលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. តំណាងឲ្យភាគី គ.ជ.ប. ដែលជាដើមបណ្តឹង និងលោក សុន ឆ័យ ដែលជាចុងចោទ។

គ.ជ.ប. បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងចោទប្រកាន់ថា គ.ជ.ប. ជាចោរលូច បន្លំសន្លឹកឆ្នោត។

លោកសោម សូរីដា អគ្គលេខាធិការរង គ.ជ.ប (រូបថតៈឯកសារ)

អគ្គលេខាធិការរង គ.ជ.ប. លោក សោម សូរីដា បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែកញ្ញានេះថាៈ តាមអ្វីដែលតំណាងព្រះរាជអាជ្ញា ធ្វើការវាយតម្លៃ គ.ជ.ប. នឹងទទួលបាននៅការចាត់ចែង តាមនីតិវិធីតុលាការ ដើម្បីឲ្យបុគ្គល សុន ឆ័យ ធ្វើការសុំទោសជាសាធារណៈ ជាលិខិតជាលាយលក្ខអក្សរ ហើយផ្សព្វផ្សាយ ជាសាធារណៈ ហើយតុលាការ នឹងផ្តន្ទាទោស តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធទៅនឹងការបរិហាកេរ្តិ៍នេះ។

លោក សោម សូរីដា បានបញ្ជាក់ថាៈ “ បើមិនធ្វើបែបនេះទេ គ.ជ.ប. នឹងបាត់បង់ទំនុក ចិត្តពីប្រជាពលរដ្ឋ អ្នកបោះឆ្នោត រួមជាមួយនឹងគណបក្សនយោបាយផ្សេងទៀត ដែលមានបំណងចូលរួមការប្រកួតប្រជែង ការបោះឆ្នោតឆ្នាំ២០២៣ ដែលជាការបោះ ឆ្នោតជាតិ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ លោកជឿជាក់ថា តុលាការ នឹងយល់ពីបញ្ហារបស់ គ.ជ.ប. ពីព្រោះថា ការចោទប្រកាន់ គ.ជ.ប. ជាចោរលួចបន្លំ សន្លឹកឆ្នោត គឺជាការប្រមាថមួយដ៏ធ្ងន់ធ្ងរ ដល់ស្ថាប័នជាតិ។ បើសិនជាមិនមានវិធានការ ច្បាស់លាស់តាមយន្តការតុលាការទេ គឺស្ថាប័ន គ.ជ.ប. នឹងបាត់ទំនុកចិត្ត ពីប្រជាពលរដ្ឋ”។

គួរបញ្ជាក់ថា តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទ ប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហារកេរ្តិ៍ជា សាធារណៈ» តាមបណ្តឹង របស់​គ.ជ.ប. ។ នេះបើតាមដីកាបញ្ជូនរឿង ទៅជំនុំជម្រះផ្ទាល់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ នៅក្នុងដីកាបញ្ជូនរឿង ទៅជំនុំជម្រះផ្ទាល់ បានសម្រេចចោទប្រកាន់លើលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជា សាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនជនជាប់ចោទ (សុន ឆ័យ) ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២៩០៧ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ និងវត្ថុតាង ព្រមទាំងបញ្ជីរាយនាម ជនដែលទាក់ទិន ក្នុងសំណុំរឿងនេះ ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

លោកសុន ឆ័យ ផ្តល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅក្រៅរបងតុលាការ

តំណាងអយ្យការ យល់ឃើញថា ជនសង្ស័យឈ្មោះ សុន ឆ័យ ពិតជាបានទទួលស្គាល់ ថា ខ្លួនពិតជាបានធ្វើបទសម្ភាសន៍ និងទទួលស្គាល់នូវខ្លឹមសារនៃបទសម្ភាសន៍របស់ខ្លួន នៅក្នុងកម្មវិធី អាយឌាថក (IDEA TALK) ។ ខ្លឹមសារនៃបទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ពិតជាបានបង្ហាញឲ្យឃើញ នូវធាតុផ្សំនៃបទល្មើស ដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ដែលបង្ហាញ​តាមរយៈសម្តី របស់ ឈ្មោះ សុន ឆ័យ បានធ្វើការអះអាង ដោយបំផ្លើស និងជាការទម្លាក់កំហុស ដោយអសុទ្ធចិត្ត ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បានរៀបចំ ការបោះឆ្នោត ប្រកបដោយភាពមិនប្រក្រតី ទាំងមុនថ្ងៃបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោតថា មានការបំភ័យប្រជាពលរដ្ឋ មានការបំបាត់នូវឆន្ទៈរបស់ ប្រជាពលរដ្ឋ មានការលួចសន្លឹកឆ្នោត គ.ជ.ប. មិនឯករាជ្យ ។ល។ ដែលសម្តីទាំងនេះ ពុំមានភស្តុតាងណាមួយ ដែលយកមកបញ្ជាក់ ឲ្យបានឃើញច្បាស់ថា ការអះអាងរបស់ ខ្លួនជាការពិតឡើយ ។

តំណាងអយ្យការ បានបញ្ជាក់ថាៈ ភស្តុតាងដែលជនសង្ស័យ ក៏ដូចជា មេធាវីការពារសិទ្ធិ ឲ្យជនសង្ស័យ ឈ្មោះ សុន ឆ័យ បានដាក់ជូនមក ដើម្បីពិនិត្យនោះ តំណាងអយ្យការ បានពិនិត្យឃើញថា ជាភស្តុតាង ដែលត្រូវបានលើកឡើង ដោយឯកតោភាគី ជាការអះអាងរបស់ក្រុមមួយ ឬអង្គការសង្គមស៊ីវិលមួយចំនួន ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដែលមិនអាចឲ្យតំណាងអយ្យការធ្វើការថ្លឹងថ្លែង និងពិចារណាទទួលថា ជាភស្តុតាង ដែលអាចយកមកបញ្ជាក់ពីសម្តីរបស់ជនសង្ស័យ ឈ្មោះ សុន ឆ័យ ថាជាការពិត ពីព្រោះថាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២ ត្រូវបានធ្វើឡើងត្រឹមត្រូវតាមច្បាប់ និងស្ថិតនៅក្រោមការតាម ដាន ពីអ្នកសង្កេតការជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ ចំនួន ៧២ អ្នកសង្កេតការអន្តរជាតិ និងអង្គការអន្តរជាតិចំនួន ១៩ ប្រតិភូស្ថានទូត ឬស្ថានតំណាងបរទេស ប្រចាំនៅកម្ពុជា ចំនួន ៥ ស្ថាប័ន។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោស ជាសាធារណៈ៕/V

លោកសុន ឆ័យ ផ្តល់សម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅក្រៅរបងតុលាការ