ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ផ្លូវលំជនបទ ប្រវែងជាង ២២៣.៩០០ ម៉ែត្រ នៅខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់ ខែកញ្ញា ឆ្នាំ២០២២ នេះ។ នេះបើតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។

លោក ជា យុទ្ធារុណ បានបញ្ជាក់ថាៈ ក្នុងប្រវែងផ្លូវដែលរងផលប៉ះពាល់ និងខូចខាត ដោយសារទឹកជំនន់នោះ (ទឹកមិនទាន់ស្រក និងទឹកជ្រៅ មិនទាន់មើលឃើញដី) ហើយនៅល្អ ប្រវែង ១៥១.១០០ ម៉ែត្រ លិចទឹកប្រវែង ៦៩.៦០០ ម៉ែត្រ ហូរច្រោះជើង ទេរ ឬតួផ្លូវ ប្រវែង ៦៤.០៥០ ម៉ែត្រ ដាច់តួផ្លូវ ប្រវែង ២៤.៣៥០ ម៉ែត្រ និងលូមូល ១ ។

លោកបានបន្តថាៈ ផ្លូវលំជនបទទាំងនោះ ភាគច្រើន ក្រាលក្រួសក្រហម និងភាគតិច ក្រាលកៅស៊ូ និងចាក់បេតុង ហើយស្ថិតនៅឃុំទឹកជោរ រហាល ភ្នំលៀប ជប់វារី ក្នុងស្រុកព្រះនេតរព្រះ ឃុំប៉ោយចារ ស្ពានស្រែង ណាំតៅ ក្នុងស្រុកភ្នំស្រុក ឃុំគត្តសត ស្រុកអូរជ្រៅ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ឃុំភ្នំតូច ស្រុកមង្គលបូរី ។

ទោះបីជាយ៉ាងណា លោកបានបញ្ជាក់ថាៈ ទិន្នន័យប្រវែងផ្លូវលំជនបទទាំងនេះ មន្ត្រីជំនាញស្រង់តែផ្លូវលំ និងប្រវែងវែងៗ ។ ឯផ្លូវលំកំណាត់ខ្លីៗ ក្នុងភូមិ ឃុំ មិនបានស្រង់បញ្ចូល ដូចដែលអាជ្ញាធរភូមិ ឃុំ ស្រង់នោះទេ ។

សូមបញ្ជាក់ដែរថា ទឹកជំនន់ និងជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ​នាខែសីហា និងខែកញ្ញា ឆ្នាំ២០២២ នេះ ក៏បានបង្កឱ្យប៉ះពាល់ និងខូចខាតផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀត ដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រវែងជាង ១២.៥៥០ ម៉ែត្រ ផងដែរ។

រីឯអាជ្ញាធរដែនដី និងគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍ថាៈ តួលេខផ្លូវគោកគ្រប់ប្រភេទ ដែលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ មកទល់ពេលនេះ មានចំនួន ២៧៣ កន្លែង /​ ខ្សែ ស្មើនឹងប្រវែង ១៧២.២៣៣ ម៉ែត្រ ៕/V/N

ផ្លូវលំជនបទ ប្រវែងជាង ២២៣.០០០ ម៉ែត្រ នៅខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ និងខូចខាត ដោយទឹកជំនន់(រូបថតរដ្ឋបាលខេត្តបន្ទាយមានជ័យ)