រថយន្ដ​តោន​កន្លះ​កិន​ម៉ូតូ​មួយគ្រឿង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ម្នាក់​

1687
ចែករម្លែក

ភ្នំពេញ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរឱ្យ​រន្ធត់​កើតឡើង រវាង​រថយន្ត​ដឹកទំនិញ​ចំនុះ​១​តោន​កន្លះ បាន​កិន​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោ ១០​និង​៣០​នាទី ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ 3D-4918 បើកបរ​ពី​ជើង​ទៅ​ត្បូង​ពី​រង្វង់​មូល​ចោមចៅ​ទៅ​ស្ទឹងមានជ័យ​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2016 ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-4606 ដែល​កំពុងតែ​ឆ្លងកាត់​ផ្លូវ​ពី​លិចទៅ​កើត​ក្នុង​គោលបំណង​ដើម្បី​ទៅ​រៀន​គួរ​បន្ថែម បណ្តាលឱ្យ​បងប្អូន​ភ្លោះ​ពីរ​នាក់​ដួល​ស្លាប់​បង​ជាប់​នឹង​កង់​រថយន្ត​ខាងស្តាំ​ផ្នែក​ខាងមុខ និង​ម៉ូតូ​កល់​ជាប់​នឹង​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រីឯ​យុវជន​ជា​ប្អូន​បាន​រងរបួស ។ សេចក្តីរាយការណ៍​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ទាំងពីរ​ដែលជា​កូនភ្លោះ យុវជន​ទី​1-​ឈ្មោះ ហ៊ាង ម៉េង​ឆៀង អាយុ​15​ឆ្នាំ ត្រូវជា​បង​(​ស្លាប់​) និង​ទី​2-​ឈ្មោះ ហ៊ាង ម៉េង​ឆ៊​ង អាយុ​15​ឆ្នាំ ត្រូវជា​ប្អូន​(​រងរបួស​) រីឯ​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ។​

​ភ្លាមៗ​នោះដែរ អ្នកបើកបរ​រថយន្ត​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ រី​កូនភ្លោះ​ទាំងពីរ​ដែល​បើកបរ​ម៉ូតូ បង​ត្រូវស្លាប់ ប្អូន​ត្រូវ​រងរបួស បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម