​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ សាកសព​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​មនុស្ស​បីនាក់​ដែល​ត្រូវ​ទឹកជំនន់​ហូរ​នាំយក​ទៅ​នៅ​ក្នុង​ខេត្ត​ង៉េ​អាន​(Nghe An)​ភាគ​កណ្តាល​វៀតណាម​ត្រូវបាន​រកឃើញ​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ព្យុះ​ណូរុ​បក់​កាត់​បង្ក​ជា​ទឹកជំនន់​កាលពី​ថ្ងៃ​ពុធ​។​

​ផ្ទះ​ជាង​៧.៣០០​ខ្នង​នៅក្នុង​ខេត្ត​ង៉េ​អាន​ត្រូវ​ជន់​លិច​ដោយព្យុះណូរុ

​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍ ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​បន្ត​ស្វែងរក​ជនរងគ្រោះ​អាយុ​៥៨​ឆ្នាំ​ម្នាក់ ដែល​បាត់​ខ្លួន​ក្រោយ​លិច​ទូក​។​

​យ៉ាងហោច​ណាស់​មនុស្ស​៦២​នាក់​រងរបួស​ដោយ​ព្យុះ​ណូរុ នៅក្នុង​ខេត្ត ក្វាង​ទ្រី​(Quang Tri) ធួ ធៀន​-​វ៉េ​( Thua Thien-Hue)​និង​ក្វាង​ណា​ម​(Quang Nam) ។​ផ្ទះ​១៦០​បាន​ដួលរលំ​និង​ជាង​៣.៣០០​ទៀត​រង​ការខូចខាត​ដោយ​កម្លាំង​ខ្យល់ព្យុះ ខណៈ​ផ្ទះ​ជាង​៧.៣០០​ខ្នង​នៅក្នុង​ខេត្ត​ង៉េ​អាន​(Nghe An)​ត្រូវ​ជន់​លិច​។​

​ព្យុះ​ណូរុ ក៏​បាន​ពន្លិច​ដីស្រែ​ប្រមាណ​៥.៣០០​ហិច​តា និង​បំផ្លាញ​កន្លែង​ចិញ្ចឹម​ត្រី​៣.០០០​ហិច​តា ព្រមទាំង​រំលំ​ដើមឈើ​ជាង​៥.០០០​ដើម​។​សត្វពាហនៈ​រាប់ពាន់​ក្បាល​ត្រូវបាន​សម្លាប់​ក្នុង​ជំនន់​និង​ផ្លូវថ្នល់​ត្រូវទឹ​​ក​កាត់ផ្តាច់​ជា​កង់ៗ​។​

​ណូ​រុ បាន​ចូល​ទៅដល់​ទីក្រុង​ដា​ណាំង​និង​ខេត្ត​ក្វាង​ណា​ម​នៅ​រំលង​អធ្រាត​ថ្ងៃ​ពុធ ជាមួយនឹង​ល្បឿន​ខ្យល់​១៣៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ធ្វើអោយ​វា​ក្លាយជា​ព្យុះ​ខ្លាំង​បំផុត​ដែល​វាយប្រហារ​វៀតណាម​​នៅ​ពីរ​ទសវត្សរ៍​មក​នេះ​៕

​ផ្លូវថ្នល់​ក្នុង​ទីក្រុង​បុរាណ​ហូ​យ​អាវ​(Hoi An )​ស្ថិតក្រោម​ទឹក​ជិត​មួយ​ម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​ដោយសារ​ទឹកភ្លៀង​នាំ​មក​ដោយ​ព្យុះ​ណូរុ​