​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តុលាការ​ធម្មនុញ្ញ​របស់​ថៃ​គ្រោង​នឹង​ប្រកាស​សាលក្រម​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​នេះ​លើ​សំណុំរឿង​ដែល​កំណត់​ថា​តើ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​លើស​ឬ​មិន​ទាន់​គ្រប់​ដែន​កំណត់​រយៈពេល​ប្រាំបី​ឆ្នាំ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឬ​យ៉ាងណា​។​

​លោក​ប្រា​យុទ្ធ ដែល​បាន​ដណ្ដើម​អំណាច​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤ មុនពេល​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​ភ្លាមៗ​នោះ ត្រូវបាន​ព្យួរ​ការងារ​កាលពី​ប្រាំ​សប្តាហ៍​មុន​ខណៈ​តុលាការ​បាន​ពិចារណា​លើ​​សំណុំរឿង​ដែល​ប្តឹង​ដោយ​គណបក្ស​ភឿ​ថៃ ដែល​អះអាង​ថា លោក​គួរតែ​ចាក​ចេញពី​តំណែង​កាលពី​ខែ​មុន​។​

​តុលាការ​ត្រូវ​តែ​សម្រេច​ថា​តើ​រយៈពេល​ប្រាំបី​ឆ្នាំ​នោះ​គួរតែ​រួមបញ្ចូល​ពេលវេលា​របស់​លោក​ប្រា​យុទ្ធ​ជា​មេដឹកនាំ​របប​យោធា​ឬ​យ៉ាងណា បន្ទាប់​ពី​ការផ្តួលរំលំ​រដ្ឋាភិបាល​បក្ស​ភឿ​ថៃ​។​អ្នកគាំទ្រ​របស់​គាត់​ខ្លះ​​និយាយថា រយៈពេល​ប្រាំបី​ឆ្នាំ​នោះ​គួរតែ​ត្រូវ​រាប់​បន្ទាប់​ពី​ឆ្នាំ ២០១៧ នៅពេល​ដែល​រដ្ឋធម្មនុញ្ញ​ថ្មី​ចូល​ជា​ធរមាន ឬ សូម្បី​ចាប់ពី​ឆ្នាំ ២០១៩ នៅពេល​ដែល​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​ហើយ​សភា​ថ្មី​បាន​​ជ្រើសរើស​គាត់​ឱ្យ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​។​

​បញ្ហា​អាណត្តិ​គឺជា​កិច្ចប្រឹងប្រែង​មួយ​ក្នុងចំណោម​កិច្ច​ប្រឹងប្រែង​របស់​បក្ស​ប្រឆាំង​ជា​ច្រើន​ដើម្បី​ដក​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​រូបនេះ រួម​ទាំង​ញ្ញត្តិបន្ទោស​ចំនួន​បួន​ករណី​ជម្លោះ​ផលប្រយោជន៍​ជុំវិញ​​ការប្រើប្រាស់​លំនៅដ្ឋាន​យោធា​ជា​បន្ត​របស់​គាត់ និង​ការតវ៉ា​ជា​ច្រើន​ខែ​ដែល​ប្រឆាំង​នឹង​ការដឹកនាំ​របស់​គាត់​និង​របបរាជានិយម​។​

​យ៉ាងហោចណាស់​ក្រុមប្រឆាំង​រដ្ឋាភិបាល​ចំនួន​ពីរ​គ្រោង​នឹង​ប្រមូលផ្តុំ​នៅ​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង​បាងកក​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ពេល​តុលាការ​ត្រៀម​អាន​សាលក្រម​របស់​ខ្លួន ខណៈ​ប៉ូលិស​និយាយថា ប៉ូលិស ៣០០ នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​ជុំវិញ​តុលាការ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អា​នូ​ចា ប៊ូ​រ៉ា​ផា​ឆៃ​ស្រី (Anucha Burapachaisri) បាន​ជំរុញ​ឱ្យ​សាធារណជន​គោរព​សាលក្រម ដែល​លោក​និយាយ​ថា​នឹង​ជម្រះ​ភាព​មិន​ច្បាស់លាស់​ទាំងឡាយ​។​

​លោក​អា​នូ​ចា​និយាយថា “​នាយករដ្ឋមន្ត្រី​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួលយក​សាល​ក្រម​ពី​តុលាការ​ធម្មនុញ្ញ​ទោះ​ចេញ​មក​បែបណាក៏ដោយ​”​។​

​ការបោះឆ្នោត​អាច​នឹង​ធ្វើ​នៅ​ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំក្រោយ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ហើយ​ការសម្រេច​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​កំណត់​ថា​តើ​លោក​ប្រា​យុទ្ធ អាយុ ៦៨ ឆ្នាំ​នឹង​អាច​​ស្វែងរក​តំណែង​នាយក​រដ្ឋមន្ត្រី​ម្តងទៀត​ឬ​អត់​។​

​ប្រសិន​បើ​តុលាការ​សម្រេច​ថា​លោក​ប្រា​យុទ្ធ​បាន​ឈាន​ដល់​កាលកំណត់​ប្រាំបី​ឆ្នាំ​កាល​ពី​ខែ​មុន សភា​ត្រូវតែ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​ពី​បេក្ខជន​ដែល​ចាញ់​ចំនួន​ប្រាំ​នាក់​ពី​ការបោះឆ្នោត​សភា​ឆ្នាំ ២០១៩​។​

​លោក ទី​ទី​ប៉ូល ភក្តី​វ៉ា​និច (Titipol Phakdeewanich) ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​អ៊ូ​បុន​រាជាធានី (Ubon Ratchathani) បាន​និយាយថា “​សាលក្រម​របស់​តុលាការ​នឹង​កំណត់​អនាគត​របស់​ប្រា​យុទ្ធ​។​គណបក្សនយោបាយ​ដែល​ត្រៀម​ចូលរួម​ការបោះឆ្នោត​ចង់ដឹងថា​តើ​ប្រា​យុទ្ធ​នឹង​អាច​ឈរ​ឈ្មោះ​បាន​ទៀត​ឬ​អត់​”៕

​សាលក្រម​របស់​តុលាការ​នឹង​កំណត់​អនាគត​របស់​ប្រា​យុទ្ធ​នៅ​ថ្ងៃ​សុក្រ​នេះ​