​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កងកម្លាំង​ជើង​ទឹក​របស់​កូរ៉េ​ខាងត្បូង អាម៉េរិក​និង​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​នេះ​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​រួមគ្នា​ជា​លើកដំបូង​ក្នុង​រយៈ​​ពេល​ប្រាំ​ឆ្នាំ​មកនេះ ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​ដែល​ទើប​បាញ់​កាំជ្រួច​ផ្លោង​ថ្មីៗ​។​

​សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុង​ដែនទឹក​អន្តរជាតិ​នៅ​ឯនាយ​ឆ្នេរ​ឧបទ្វីប​កូរ៉េ នៅ​ពេល​តែ​មួយ​ថ្ងៃក្រោយ​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ផ្លោង​ពីរ​គ្រាប់​ឆ្ពោះទៅ​កាន់​ឆ្នេរ​ខាងកើត​របស់ខ្លួន និង​បន្ទាប់ពីអន​ប្រធានាធិបតី​អា​ម៉េ​​រិក​ទៅធ្វើ​ទស្សនកិច្ច​កូរ៉េខាងត្បូ​ង រួម​ទាំង​តំបន់​គ្មាន​កងទ័ព​នៃ​ព្រំដែន​កូរ៉េ​ទាំង​ពីរ​ផង​។​

​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធ្វើអោយ​ប្រសើរ​សមត្ថភាព​របស់​ក​ង​ទ័ពជើងទឹក​នៃ​ប្រទេស​ទាំងបី​ក្នុង​ការឆ្លើយ​​តប​ទៅ​នឹង​ការ​គំរាម​របស់​នាវាមុជទឹក​កូរ៉េខាងជើង រួម​មាន​កាំជ្រួច​ផ្លោង​បាញ់​ចេញពី​នាវាមុជទឹក​កូរ៉េខាងជើង ចំពេល​មួយ​ដែល​ប្រទេស​នេះ​គំរាម​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​និង​កាំ​ជ្រួច​»​។​

​ការហ្វឹកហាត់​រយៈពេល​មួយ​ថ្ងៃនេះ​ជា​ផ្នែក​សំខាន់​នៃ​សមយុទ្ធ​ជើង​ទឹក​មួយ​ដែល​មិនបាន​ធ្វើ​ចាប់តាំងពី​ឆ្នាំ​២០១៧ ដោយសារតែ​រដ្ឋាភិបាល​កូរ៉េ​មុន​បាន​ស្វះស្វែង​ធ្វើអោយ​ប្រសើរឡើង​ទំនាក់ទំនង​រវាង​​កូរ៉េ និង​បង្ក​ភាពងាយស្រួល​សំរាប់​កិច្ច​ពិភាក្សា​ស្តីពី​ការរំសាយ​នុយក្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន ដែល​បាន​ជាប់គាំង​តាំងពី​ឆ្នាំ​២០១៩​មក​។​

​នៅ​ក្រោម​កម្មវិធី​នេះ កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​បី​នឹង​ហាត់​ធ្វើ​ដូច​ជា​តាម​រក​នាវាមុជទឹក​កូរ៉េខាងជើង​មួយ​ក្នុងពេល​ពួកគេ​ផ្លាស់ប្តូរ​ព័ត៌មាន​រវាង​គ្នា​។​

​សមយុទ្ធ​នេះ​ក៏​នឹង​នាំ​នាវា​ដឹក​យន្តហោះ​USS Ronald Reagan នាវា​គ្រូ​ស​សឺ​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​យូ​អេស​អេស ឆែ​ន​ឡស​វី​ល​(USS Chancellorsville)​នាវា​ពិឃាត​បំពាក់​ប្រព័ន្ធ​អ៊ី​ជី​ស​(Aegis)USS Barry នាវា​ពិឃាត​កូរ៉េខាងត្បូង​ម៉ាន់​នូ ដឹ ក្រេត​(Munmu the Great)​និង​នាវា​ដឹក​ប្រេង​ជប៉ុន​Asahi​ចូលរួម​ជាមួយ​នាវាចម្បាំង​ដទៃទៀត​។​

​សមយុទ្ធ​នេះ​កើត​ឡើង​ក្រោយ​ពី​ក្រុម​ទីប្រឹក្សា​អាម៉េរិក​មួយ​បាន​និយាយថា កូរ៉េខាងជើង​អាច​ត្រៀម​ដាក់​ដំណើរការ​នាវាមុជទឹក​ថ្មី​មួយ​ដែល​គេ​ជឿ​ថា​អាច​បាញ់​កាំជ្រួច​ផ្លោង​៕

​នាវា​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​និង​អាម៉េរិក រួម​មាន​នាវា​ដឹក​យន្តហោះ USS Ronald Reagan ក្នុង​សមយុទ្ធ​រួម​គ្នា​កាលពី​ថ្ងៃ​២៩​កញ្ញា​