​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាសែត​ក្នុងស្រុក Sing Tao បាន​រាយការណ៍​នៅក្នុង​បទ​វិចារណកថា​មួយ​ដោយ​ដកស្រង់​សម្តី​ពី​មនុស្ស​ដែល​ខ្លួន​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា​ទីក្រុង​ហុងកុង​នឹង​​ផ្តល់​សំបុត្រ​យន្តហោះ​ចំនួន ៥០០.០០០​សន្លឹក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ត្រឡប់​មក​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​វិញ នៅពេល​ដែល​រដ្ឋាភិបាល​លុបចោល​ការ​រឹតបន្តឹង​កូវី​ដ​១៩ ទាំងអស់​លើ​អ្នកដំណើរ​មកដល់​។​

​របាយការណ៍​បាន​ស្រង់​សម្តី​ក្រុម​នយោបាយ​និង​ធុរកិច្ច​ថា នាយក​ប្រតិបត្តិ​ក្រុង​លោក ច​ន លី (John Lee)​អាច​នឹង​ប្រកាស​ពី​ផែនការ​ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​នៅក្នុង​សុន្ទរកថា​គោលនយោបាយ​​ខែតុលា​របស់គាត់ លុះត្រាតែ​ស្ថានភាព​កូវី​ដ​១៩​មិន​អាក្រក់​។​

​របាយការណ៍​លើកឡើង​ថា ការផ្តល់​សំបុត្រ ដែល​រដ្ឋាភិបាល​បាន​ទិញ​ក្នុង​ឆ្នាំ ២០២០ ដើម្បី​ទាក់ទាញ​អ្នកធ្វើដំណើរ គឺជា​វិធានការ​មួយ​ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍​។​

​យោង​តាម​កាសែត Sing Tao បានឱ្យដឹងថា រដ្ឋាភិបាល​បាន​ប៉ាន់ប្រមាណ​ថា វា​នឹង​ចំណាយ​ពេល​ពី​មួយ​ទៅ​ពីរ​ត្រីមាស​ដើម្បី​ភ្ញៀវទេសចរ​វិលត្រឡប់​មក​ទីក្រុង​វិញ​បើ​ទោះបីជា​ខ្លួន​បាន​លុបចោល​​ការទប់ស្កាត់​ដែល​នៅ​សេសសល់ រួម​ទាំង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​រយៈពេល​បី​ថ្ងៃ​ក៏ដោយ​។​

​មាន​ការរំពឹង​ទុក​ខ្លាំង​ឡើង​ថា​ទីក្រុង​ហុងកុង​នឹង​សម្លឹងមើល​ការលុបចោល​ការ​រឹតបន្តឹង​ដែល​នៅ​សេសសល់​លើ​អ្នកដំណើរ​ចូល​មក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទៅ​បារ​ឬ​ញ៉ាំ​អាហារ​នៅតាម​ភោជនីយ​​ដ្ឋា​ន​រយៈពេល​បី​ថ្ងៃ ហើយ​ត្រូវ​ធ្វើតេស្តិ៍​ជា​រៀងរាល់ថ្ងៃ​សម្រាប់រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​។ ច្បាប់​ទាំងនេះ​អាច​នឹង​ត្រូវ​លុបចោល​បន្ទាប់ពី​ការដកចេញ​នូវ​ចត្តា​ឡី​ស័កពី​សណ្ឋាគារជា​ចាំបាច់​នា​ពេល​ថ្មីៗ​នេះ​។​

​ច្បាប់​កូ​វីដ​របស់​ទីក្រុង​បាន​រក្សា​ក្រុង​នេះ​ឱ្យ​នៅ​ដាច់​ពី​គេ​សម្រាប់​មួយ​អំឡុង​ជំងឺ​រាតត្បាត​នេះ ដោយ​ធ្វើឱ្យ​ខូច​ដល់​ជំហរ​របស់​ខ្លួន​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​៕

​ការផ្តល់​សំបុត្រ​គឺជា​វិធានការ​មួយ​ក្នុង​គោលបំណង​ជំរុញ​វិស័យ​ទេសចរណ៍