ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជា ឱ្យរដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីជូនដំណឹង ដោយត្រូវលុបបំបាត់ឱ្យអស់ ចំពោះទីតាំងដែលជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទ នៅតំបន់ឃ្លាំងរំសេវ ព្រោះវាជាដើមចម បង្កើតឱ្យមានបទល្មើសព្រហ្មទណ្ឌ ។

ការដាក់បទបញ្ជាបែបនេះរបស់លោក ជា ពិសី បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សា​ ខណ្ឌទួលគោក ។

លោក ជា ពិសី បានមានប្រសាសន៍ថាៈ ដើម្បីឱ្យនៅមុខគ្រឹះស្ថានសិក្សារបស់រដ្ឋនានា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានសោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ លោកស្នើឱ្យ លុបបំបាត់ឱ្យអស់ ចំពោះការលក់ដូរ នៅមុខសាលាទាំងនេះ ។ បន្ថែមពីនេះទៀត ចំពោះការបើកអាជីវកម្មជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទ នៅតំបន់ឃ្លាំងរំសេវ គឺមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មទៀតទេ ដោយហេតុថា ទីតាំងខ្លះ ជាទីតាំងកែច្នៃ ឈួសលេខតួ លេខម៉ាស៊ីនម៉ូតូ ដែលជាដើមចមបង្កើតឱ្យមានបទល្មើសព្រហ្មទណ្ឌ ។

លោក បានបញ្ជាក់ថាៈ ម៉ូតូដែលត្រូវចោរលួច ប្លន់ មានជីភីអេស មកបាត់សញ្ញា នៅតំបន់ឃ្លាំងរំសេវនេះ តែបើឃើញ ក៏ឃើញតែជីភីអេស ម៉ូតូត្រូវបានគេយកទៅបាត់។ ដូច្នេះយើងត្រូវលុបបំបាត់ការបើកអាជីវកម្ម ជួសជុល កែច្នៃម៉ូតូគ្រប់ប្រភេទ នៅតំបន់ឃ្លាំងរំសេវនេះ ដោយទី១ វាកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ លួច ប្លន់ម៉ូតូ ហើយទី២ ទៀត វាធ្វើឱ្យមូលដ្ឋានយើង មានសោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ ។

លោក ជា ពិសី បានបន្ថែមទៀតថាៈ សម្រាប់កុងស៊ីបញ្ចាំ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក មានចំនួន ៥៤ ទីតាំង ក្នុងចំនួននេះ សុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់ទីតាំង ពីអាជ្ញាធរនោះទេ។ កុងស៊ីបញ្ចាំខ្លះ យកការប្រាក់ស្រេចតែចិត្ត មិនបានអនុវត្តទៅតាមក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុឡើយ ពោលគឺ អារ ក ប្រជាពលរដ្ឋ តែម្តង ។ ដោយឡែក​សម្រាប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក យើងបានពិនិត្យ ចំនួន ១១៥ ទីតាំង បង្ក្រាបបានចំនួន ៤ ទីតាំង និងឃាត់ខ្លួនមនុស្ស បានចំនួន ១១ នាក់៕ V / N