ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ ​៖​ មហាសន្និបាត​OCA​ចាប់ពី​ថ្ងៃទី​១​ដល់​៥​ខែតុលា​ឆ្នាំ​២០២២​ខាងមុខ​នៅ​សណ្ឋាគារ​សុខា រ៉េស៊ីដង់ រាជធានី​ភ្នំពេញ​។​លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មការ​រៀប​ចំ​មហាសន្និបាត​ក្រុមប្រឹក្សា​​កីឡា​អូឡាំពិក​អាស៊ី លើក​ទី​៤១ (41st OCAGeneralAssembly)​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព ការងារ​ចុងក្រោយ​សម្រាប់​ការត្រៀម​រៀបចំ​មហាសន្និបាត​ដ៏​ធំ​នេះ​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​។​

រូបភាព ( លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មការ​រៀប​ចំ​មហាសន្និបាត​ក្រុមប្រឹក្សា​​កីឡា​អូឡាំពិក​អាស៊ី លើក​ទី​៤១ (41st OCAGeneralAssembly)​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព ការងារ​ចុងក្រោយ​សម្រាប់​ការត្រៀម​រៀបចំ​មហាសន្និបាត​ដ៏​ធំ​នេះ​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ )

​កិច្ចប្រជុំ​ចុងក្រោយ​កាល​ម្សិលមិញ​នេះ​មានការ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​គឺ លោក Tony Tarraf ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អត្ត​ព​លិ​ក និង​គម្រោង​ពិសេស​របស់ OCA​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​
​ត្រៀមលក្ខណៈ​សម្បត្តិ​ធ្វើ​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ដែល​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​រៀបចំ​មហាសន្និបាត OCA នា​ដើមខែ​តុលា​ខាងមុខ​។​

​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​របស់​គ្រប់​គណៈកម្មការ​ជំនាញ​ពិសេស​ពាក់ព័ន្ធ​ការទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ​ហូបចុក​និង​ដោះស្រាយ​គ្រប់​បញ្ហា​បន្ដិចបន្ដួច​ក្រោម​កិច្ចសហការ​រវាង​គណៈ​កម្ម​ការ​អន្ដរក្រសួង​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​ធានាបាន​ការរៀបចំ មហាសន្និបាត​នេះ ប្រកបដោយ​ភាពជោគជ័យ សុវត្ថិភាព និង​ភាពកក់ក្ដៅ ដល់​ភ្ញៀវ​ចូលរួម​ទាំងអស់​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC)​បញ្ជាក់ថា ការងារ​រៀបចំ​ការដឹកជញ្ជូន​ការទទួល​បដិសណ្ឋារកិច្ច​ពី​អាកាសយានដ្ឋាន​សម្រាប់​ភ្ញៀវ​ទាំងអស់​ទាំង​ភ្ញៀវ កម្រិត​VVIP,VIP​និង​ប្រតិភូ​ទាំងអស់​គឺ​បានរៀបចំ​រួចហើយ​។​

​មកទល់ពេលនេះ​គឺមាន​ប្រតិភូ​ចំនួន​៣០៦​នាក់​ហើយ​ដែលជា​ភ្ញៀវ​ផ្លូវការ​ត្រៀម​ចូលរួម​មហាសន្និបាត OCA នៅ​កម្ពុជា​ដែល​មកពី​បណ្ដា​ប្រទេស​សមាជិក និង​ចលនា​អូឡាំពិក​អាស៊ី​៤៥​ប្រទេស​បូករួម​ទាំង​ប្រទេស​ចូល រួម​សង្កេតការណ៍​១០​ប្រទេស​ទៀតហើយ​ក៏មាន​សែ​រាជវង្ស​ដែលជា​ព្រះអង្គម្ចាស់​នឹង​យាង​ចូលរួម​ទៀតផង​ដែល សុទ្ធ​តែមាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​ជួ​រាជរដ្ឋាភិបាល​ពិសេស​មកពី​បណ្ដា​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​ក្នុងនោះ​ក៏មាន​ព្រះអង្គម្ចាស់​រជ្ជទាយាទ​របស់​ប្រទេស​ប៊ូ​តាន់ ។ កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា បាន​ត្រៀមខ្លួន និង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការងារ​ទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​។​

​លោក​បាន​បន្ថែមថា នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​ស្វែងរក​ការគាំទ្រ​ពី​ចលនា​អូឡាំពិក​ក្នុង​ទ្វីបអាស៊ី​របស់​យើង​
​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​និង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា យុវជន​អាស៊ី​ឆ្នាំ​២០២៩​ឱ្យ​ទទួលបាន​ជោគជ័យ​។​អ្វីដែល​យើង​ចង់បាន​យើង​ដឹង​ហើយ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​បាន​យកចិត្តទុកដាក់​និង​ផ្ដល់នូវ​ភាព កក់ក្ដៅ ក្នុងការ​ចង្អុលបង្ហាញ និង​ការរៀបចំ​ការទទួល​ភ្ញៀវ​នេះ​ឲ្យ​បានល្អ ថ្លៃថ្នូរ​ក្នុងនាម​ម្ចាស់ផ្ទះ​ប្រកបដោយ កិត្តិយស​ជាតិ​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស​ឲ្យ​កេរ្ដិ៍ឈ្មោះ​កម្ពុជា​កាន់តែ​លេច​ត្រដែត និង​ជំរុញ​ការអភិវឌ្ឍន៍​ជាតិ សេដ្ឋកិច្ច សង្គម​របស់​យើង​ថែមទៀត​។​

​អ្វីដែល​ពិសេស​គឺ​ការផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ដែល​នឹង អញ្ជើញ​ថ្លែង​សន្ទរកថា​បើក​មហាសន្និបាត​នា​ថ្ងៃទី​៤​ខែតុលា​ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាង​ក៏ដូចជា​ជំរុញ​ចលនា​កីឡា​ជាតិ​និង​ចលនា​កីឡា​អូឡាំពិក​ហើយក៏​ជា​សន្ទរកថា​គន្លឹះ​បង្ហាញជូន​នូវ​សក្ដានុពល​របស់​រាជរ​ដ្ឋា​ភិ​បាល​ចំពោះ​នយោបាយ​កីឡា​ជាតិ​ជាមួយ​ចលនា​អូឡាំពិក​អន្ដរជាតិ​ដើម្បី​កសាង​សង់ ពិភពលោក​មួយ​ដ៏​ល្អប្រសើរ តាម​ពាក្យស្លោក​របស់​អូឡាំពិក “Sports Build Better World” ដែល​បានន័យថា កីឡា​គឺ​បាន​កសាង​ពិភពលោក​មួយ​ឲ្យ​មាន​សុខដុមរមនា​ផងដែរ​។​

​តាមរយៈ​នេះ កម្ពុជា​បាន​ត្រៀម​ធ្វើ​ការងារ​ជាច្រើន ទាំង​ការងារ​កីឡា នយោបាយ​កីឡា ការទូត​កីឡា​ក៏ដូចជា​ការ ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​របស់​ប្រតិភូ​និង​ភ្ញៀវ​ចូលរួម​ទាំងអស់​។​ជាក់ស្ដែង​ក្រៅពី​ដំណើរការ​នូវ​មហាសន្និបាត​ខាងលើ​ក៏​នឹងមាន​រៀបចំ​នូវ​ពិព័រណ៍​ទេសចរណ៍​និង​ដំណើរ​ទស្សនកិច្ច​ទស្សនា​ទេសចរណ៍​ទៅ​តំបន់​អង្គរ​ទៀតផង​៕​សរន​ / N