ដោយៈ​ទេព មង្គល / ភ្នំពេញៈ បើ​យោងតាម​ប្រភពព័ត៌មាន​ពី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹង​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថាៈ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​ថ្នាក់ដឹកនាំ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហ័ង ដាវ​គឿង (Hoang Dao Cuong) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ចុះហត្ថលេខា លើ​ផែនការ​សហប្រតិបត្តិកា​រ ស្តីពី​វប្បធម៌ និង​សិល្បៈ​រយៈពេល ៥ ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣-២០២៧ ក្នុងឱកាស​នៃ​ការរៀបចំ​សប្តាហ៍​វប្បធម៌​កម្ពុជា នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ដល់​ថ្ងៃទី ២ ខែតុលា ឆ្នាំ​២០២២ ។​

​នៅក្នុង​ឱកាស​នោះ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ បាន​ថ្លែងអំណរគុណ ចំពោះ​ការស្វាគមន៍ និង​បដិសណ្ឋារកិច្ច ដ៏​កក់ក្តៅ​របស់​ភាគី​វៀតណាម សម្រាប់​គណៈប្រតិភូ​ទាំងអស់​របស់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា នាពេលនេះ​។​

​ចំណែក​លោក ហ័ង ដាវ​គឿង ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ភាគី​កម្ពុជា ដែល​បានទទួល គណៈប្រតិភូ​វៀតណាម យ៉ាង​កក់ក្ដៅ​ផងដែរ នៅពេល​រៀបចំ​សប្ដាហ៍​វប្បធម៌​វៀតណាម នៅ​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០២២ កន្លងទៅ​។​

​ជាមួយគ្នានេះដែរ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​លើ​ការងារ​សំខាន់ៗ​មួយចំនួន ដែលជា​ទិសដៅ នៃ​កិច្ចសហប្រតិបត្តិការ​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ នាពេលខាងមុខ ដូចជា​ការចុះ​មរតក​វប្បធម៌ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​, ការបណ្ដុះបណ្ដាល លើ​ការគ្រប់គ្រង​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក និង​ផ្នែក សិល្បៈ​, ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​, ការផ្លាស់ ប្ដូរ​គណៈប្រតិភូ​ទៅវិញទៅមក ពិសេស​នៅក្នុង​កម្រិត​ជំនាញ​បច្ចេកទេស​…​។​ល​។​

​ក្នុងឱកាស​នេះដែរ ភាគី​ទាំងពីរ បាន​ព្រមព្រៀង​ចុះហត្ថលេខា​លើ​ផែនការ សហប្រតិបត្តិការ ស្តីពី​វប្បធម៌​និង​សិល្បៈ សម្រាប់​រយៈពេល ៥ ឆ្នាំ​បន្ទាប់ (២០២៣-២០២៧) ដើម្បី​បន្ត​រក្សា​ទំនាក់ទំនង​ល្អ ជា​ប្រពៃណី ការផ្លាស់ប្ដូរ​វប្បធម៌ ជា​ទៀងទាត់ ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ និង​ការបង្កើន​ការយល់ដឹង អំពី​គ្នា​ទៅវិញទៅមក ដោយ​ឈរលើ​ស្មារតី ” ភាពជា​អ្នកជិតខាង​ល្អ​, មិត្តភាព​រឹងមាំ ស្ថិតស្ថេរ​យូរអង្វែង​, និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ” ៕ V / N

​រូប​ថ​តៈ ( ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ )