ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្រាប់​ពេលបច្ចុប្បន្ន និង​បន្ត​ទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង បង្កើត​លក្ខខណ្ឌ​អំណោយផល​បន្ថែមទៀត សម្រាប់​ការនាំចេញ និង​ការទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ជាពិសេស​មកកាន់ តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​ដាក់ចេញ​នូវ​វិធាន​ការសំខាន់ៗ មួយចំនួន រួមមាន ការអនុម័ត​ច្បាប់​វិនិយោគ​ថ្មី សំដៅ​លើកកម្ពស់​ការប្រកួត​ប្រជែង និង​លើកទឹកចិត្ត​ដល់ វិនិយោគិន​ឱ្យ​បណ្តាក់ទុន និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ ការលើកទឹកចិត្ត​ជាច្រើន ជាពិសេស​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ និង​ការពង្រឹង​ភាព​ធន់ នៃ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើន​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​របស់ កម្លាំង​ពលកម្ម ក៏ដូចជា​សហគ្រាស​ក្នុងស្រុក ដើម្បីឱ្យ​ក្លាយជា​សសរទ្រូង និង​មូលដ្ឋាន គ្រឹះ​ដ៏​រឹងមាំ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ហើយ​កិច្ចការ​ទាំងនេះ ពិតជា​ត្រូវការ​ជា​ចាំបាច់ នូវ​ការចូលរួម​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​, ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ រួមទាំង​បងប្អូន កម្មករ​-​និយោជិត ដែល​សុទ្ធសឹង​ជា​ដៃគូ​ដ៏​សំខាន់ បម្រើឱ្យ​គោលដៅ​នេះ​។​​នេះ​ជាការ​បញ្ជាក់​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​សម្ពោធ​រោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅ​ទីក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។​

រូបភាព ( លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត )

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​បណ្តាក់ទុន យ៉ាង​មោះមុត​ពី​សំណាក់​ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការ​សាងសង់​រោង​ចក្រ​ផលិត​ស្រោមដៃ​ពេទ្យ បែប​ទំនើប​ខ្នាត​ធំ នៅក្នុង​ទីក្រុង​បាវិត ដោយ​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០២១ គឺ​អំឡុង​ពេលដែល​ប្រទេស​កម្ពុជា កំពុង​ទទួលរង នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ទ្រង់ទ្រាយ​ធំ និង​មិនទាន់បាន​ងើប​ចេញពី​វិបត្តិ នៃ​ជំងឺ​នេះ​នៅឡើយ​។ ទង្វើ​នេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ក្រុមហ៊ុន ពិតជា​មានការ​ជឿជាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​រួមសុខ​រួមទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ មួយវិញទៀត ការបណ្តាក់ទុន​នេះ ក៏​ជាការ​ចូលរួមចំណែក​យ៉ាង សំខាន់ របស់​ក្រុមហ៊ុន នៅក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​នៅក្នុង ការជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថាៈ ទីក្រុង​បាវិត ជា​មជ្ឈមណ្ឌល ផលិតកម្ម ដែល​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​គ្រប់ផ្នែក គ្រប់​វិស័យ ហើយក៏​អាច​ត្រូវបាន​ចាត់ទុកជា​និមិត្តរូប នៃ​ការអភិវឌ្ឍ​រីកចម្រើន​នៅក្នុង ប្រទេស​កម្ពុជា​ផងដែរ​។ ជាក់ស្តែង ក្រុង​បាវិត មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន ដោយ​ក្នុងនេះ មាន​រោងចក្រ​សរុប​ចំនួន ១៧៨ និង​បានផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ ប្រមាណ​ជាង ៩ ម៉ឺន​នាក់ ដែល​ពិតជា​ខុសស្រឡះ​ពី​ការភ័ន្តច្រឡំ​មួយចំនួន​ដែល​យល់ថា ទីក្រុង​បាវិត​ជាទី​ក្រុង​នៃ​សេវាកម្ម​កាស៊ីណូ​។​

​លោក​បណ្ឌិត បានលើកឡើង​ថាៈ ក្នុង​រយៈពេល​ប្រមាណ​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បានក្លាយ​ជា​គោលដៅ​សំខាន់​មួយ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ដែលជា​កត្តា​នាំឱ្យ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច លឿន​ជាងគេ នៅក្នុង​សកលលោក ជាមួយនឹង​អត្រាកំណើន ជា​មធ្យម​ប្រមាណ​ជាង ៧% ក្នុង​មួយឆ្នាំ​។ អត្រាកំណើន​ដ៏​ខ្ពស់​នេះ បានធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​ឋានៈ ពី​ប្រទេស ចំណូល​ទាប ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ចាប់តាំងពី​ឆ្នាំ​២០១៥ និង​បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា បាន​ងើប​ចេញពី​ភាពក្រីក្រ ដោយ​អត្រា​ភាពក្រីក្រ នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​ប្រមាណ ៥៣% ក្នុង​ឆ្នាំ​២០០៤ មក​ត្រឹម ១៧,៨ % ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២០​។ ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ គឺ​មិនមែន​បានមក​ដោយ​ចៃដន្យ​នោះទេ ប៉ុន្តែ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ជាពិសេស ការដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ភាពប្រាកដនិយម របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​និង​សម្រេចបាន​នូវ​សន្តិភាព ពេញលេញ​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​៕V / N