ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ខ្សែក្រវាត់ ពាន​​រង្វាន់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ទម្ងន់ ៦០ គីឡូក្រាម លើស​ង្វៀន​នៃ​ស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍​លេខ​៥ (TV5) នា​ថ្ងៃទី​២ ខែតុលា​ខាងមុខនេះ មានការ​ប្រកួត​ចំនួន​២​គូ​។

​អ្នក​ប្រដាល់​ជើង​ខ្លាំង សូត្រ វាសនា នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​​សេរី​វង្ស​។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ សុទ្ធតែ​ខ្លាំងៗ​ដូចគ្នា ពិសេស វាសនា កំពស់​របស់គេ​មានប្រៀប​លើ សំបូរ ជាមួយគ្នានេះដែរ ជង្គង់ និង កែង​របស់​វាសនា តែងតែ​ធ្វើ​ឲ្យ​គូប្រកួត​មាន​របួស ពុំ​សូវ​ខាន​នោះទេ​។

​ចំពោះ​សំបូរ​វិញ ក៏​មិនមែនជា​សាច់​លើ​ជ្រុ​ញ​ដែល​ស្រួល​ទំពា​រដែរ​។ ជាមួយនឹង​កណ្ដាប់ដៃ​ធ្ងន់​នោះ គេ​មាន​យុទ្ធវិធី​ការពារ​ល្អ និង​ទាត់​ចេញ​បាន​រហ័ស​។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ទាំង​អ្នកឈ្នះ ទាំង​អ្នកចាញ់​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា មិនខានឡើយ ។​នរណា នឹង​រកបាន ៣ ពិន្ទុ​ពី​ការប្រកួត​នេះ​។

​ជំនួប​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​ជើង​រន្ទះ គង់ ហ៊ូ​វ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង ឃុន បូរ៉ា ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ​។

​បើ​និយាយ​ពី​ឋានានុក្រម បូរ៉ា ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង​។ ជាមួយ​​នឹង​ជ​អង្គ​ង់​ដ៏​អស្ចារ្យ​នោះ កណ្ដាប់ដៃ និង​កែង​របស់គេ​រហ័ស ទាត់​ចេញ​បាន​លឿន និង​ការពារ​​បានល្អ មិនតែប៉ុណ្ណោះ ស្បែក​មុខ​របស់គេ ស្វិត​ទៀតផង ។

​គង់ ហ៊ូ​វ មិនសូវ​ពូកែ​កណ្ដាប់ដៃ​ឡើយ តែ​កែង​របស់គេ និង​ស្នៀត​ទាត់​របស់គេ ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់ បូរ៉ា បានដែរ​។ មាន​អ្នក​ប្រដាល់​មិនតិច​នាក់​ទេ ដែល​ត្រូវ គង់ ហ៊ូ​វ​ទាត់​ក​ញ្ចឹ​ង ក ឲ្យ​សន្លប់ ក្រោក​លែងរួច​នោះ ។​ជំនួប​នេះ នរណា ជា​អ្នកឈ្នះ​នោះ មិនមាន​នរណា ហ៊ាន​ទស្សន៍ទាយ​ទុកជាមុន​ឡើយ ។

​សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការន៍​នេះ មាន​អ្នក​ប្រដាល់ ២​រូប​ហើយ ដែល​ចាញ់​ក្នុងការ​ប្រកួត​ដំបូង ហើយក៏​មាន​អ្នក​ប្រដាល់ ២​រូប​ដែរ ដែល​ឈ្នះ​ក្នុងការ​ប្រកួត​ដំបូង​។ អ្នកឈ្នះ​និង​អ្នកចាញ់ ក្នុងការ​ប្រកួត​ដំបូង​នោះ​គឺ សៀវ ង៉ុ​យ ក្លិប​អភិវឌ្ឍន៍​គុន​ខ្មែរ​រុងរឿង ចាញ់​ពិន្ទុ​អ្នក​ប្រដាល់ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា និង​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា ប្រើ​កណ្ដាប់ដៃ​ផ្ដួល រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ នៅ​ទឹក​ទី​១ ៕ V / N