​ដោយៈ សុ​ក្ខា​រិ​ន / ពោធិ៍សាត់ៈ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង អភិបាលរង​ខេត្ត​ថ្មី ទាំង​បួនរូប នៃ​រដ្ឋបាល​ខេត្តពោធិសាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ​២០២២ នៅ​សាល ប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង​។​

​នៅក្នុង​ការចាប់ផ្ដើម​ពិធី​នោះ លោក ជាវ តាវ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិសាត់ បាន​ថ្លែងថាៈ ក្នុងនាម​គណៈ​អភិបាលខេត្ត​ពោធិសាត់ លោក​សូម​ប្រកាស​គាំទ្រ និង​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ដែល​ផ្ដល់​ទំនុកចិត្ត​តែងតាំង​អភិបាលរង ខេត្តពោធិសាត់​ថ្មី ចំនួន​បួនរូប​។

​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក ជាវ តា​យ រួចមក លោក ប៉ាវ ហមផាន តំណាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​ពង្រឹង​នូវ​សមត្ថភាព​ក្នុងការ​ដឹកនាំ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​របស់ខ្លួន ដើម្បី​អភិវឌ្ឍន៍​ទឹកដី​ខេត្ដ​ពោ​សាត់ ឲ្យ​មាន​ការរីក ចម្រើន លើ​គ្រប់​វិស័យ ដោយ​យកចិត្តទុកដាក់​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទំនាស់​វិវាទ​នានា ដោះស្រាយ​រាល់​សំណូមពរ និង​សេវា​តម្រូវការ​នានា របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ ពេលវេលា និង​មាន​តម្លាភាព ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​របស់​ជាតិ ។

​សំដៅ​ទៅលើ​លោក​អភិបាលរង​ខេត្ត​ថ្មី ទាំង​បួនរូប ដែល​ត្រូវ​ប្រកាស​ឲ្យ​ចូលកាន់ មុខតំណែង នៅក្នុង​ពេលនេះ រួមមាន ១.​លោក ហៀ​ង ឃួន , ២. លោក ងួន ប៉ោ​សេង​ , ៣.​លោក ឡាយ វិសិដ្ឋ និង ៤. លោក រុន សារី នោះ លោក ប៉ាវ ហមផាន បាន​មាន ប្រសាសន៍​ផ្ដាំផ្ញើ​ថាៈ អស់លោក ត្រូវប្រកាន់យក​នូវ​ឥរិយាបថ ជា​មន្ត្រី​សាធារណៈ បម្រើប្រជាជន ស្មោះត្រង់​ជាមួយ​ជាតិ សាសនា​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ត្រូវ​ក្លាយខ្លួន​ពី​អ្នកគ្រប់គ្រង ទៅជា​អ្នកផ្ដល់​សេវា ជូន​ប្រជាពលរដ្ឋ ដោយ​ប្រសិទ្ធភាព និង​ដោយ​ការគោរព ក្នុង​ស្មារតី​សាមគ្គីភាព​ទូលំទូលាយ​មិន​រើសអើង មិន​ប្រកាន់​បក្ខពួក​។ ត្រូវ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ឱ្យមាន​ប្រសិទ្ធភាព ខ្ពស់​ ​ដោយ​ក្នុងនោះ ត្រូវ​ពង្រឹង​ការងារ​ស្នូល​ទាំង​៥ នៅ​គ្រប់​មូលដ្ឋាន គឺ​១.​មេឃុំ ចៅសង្កាត់ ២. ស្មៀនឃុំ និង​ស្មៀន​សង្កាត់ ៣.​នគរបាល​រដ្ឋបាល , ៤.​មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព និង​៥ គឺ​មេភូមិ ដែលជា​អ្នករស់នៅ​ផ្ទាល់ ដឹង​សុខទុក្ខ ដឹង​ការលំបាក​របស់ ប្រជាពលរដ្ឋ ត្រូវ​សហការគ្នា​ដោះស្រាយ​ទំនាស់ និង​សំណូមពរ​នានា​ដោយ​យុតិធម៌ ឈរលើ​មូលដ្ឋាន​ច្បាប់​ ​ទើប​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន បាន​សច​ក្តី​សុខ ក្រោម​ម្លប់​នៃ​សន្តិភាព ៕ V / N