ដោយ​: បូកគោ / កំពត​: នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់ពី​បន្ត​ស្វែងរក អស់​រយៈពេល​ពីរ​ថ្ងៃ សមត្ថកិច្ច​បាន​ប្រទះឃើញ​សព​បុរស បីនាក់ ដែល​បាត់​ខ្លួន ក្នុង​ហេតុការណ៍​បើករថយន្ត ជ្រុល​ធ្លាក់​ជ្រោះ ក្បែរ​ទំនប់​វា​រី​អគ្គិសនី កំចាយ​នោះ​។​

​មន្ត្រី​នគ​បាល នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​ប្រាប់​ឱ្យដឹងថាៈ នា​វេលា​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ សមត្ថកិច្ច បាន​បន្ត​រក និង​ប្រទះឃើញ សព​ជនរងគ្រោះ​បីនាក់ ក្នុង​ហេតុការណ៍​រថយន្ត ធ្លាក់​ជ្រោះ​ទឹកឈូ ក្បែរ​ទំនប់​វា​រី​អគ្គិសនី នោះ​។ សព​ស្ថិតនៅ​ទីតាំង​ផ្សេងគ្នា ដោ​យស​ពពីរ​នាក់ ស្ថិតនៅ​ឃា្ល​ត​ពី​ទី​កើតហេតុ ប្រហែល​បួន​គីឡូម៉ែត្រ និង​ម្នាក់ទៀត នៅ​ចម្ងាយ ៥ គីឡូម៉ែត្រ ផ្នែក​ខាងក្រោម កន្លែងកើតហេតុ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជនរងគ្រោះ​ទាំងបី​នាក់ រួមមាន ១. ឈ្មោះ សាយ ភ​ត្ត្រា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ជា​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្តកំពត​។ ២. ឈ្មោះ Li zhen ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន EJ1886446 ។ ៣. ឈ្មោះ Xiong Erpi ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន Ej274941 ។
​សមត្ថកិច្ច បានប្រគល់​សព​អ្នកបើកបរ​រថយន្ត ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​សព​ជន​ជាតិចិន​ទាំង ពីរ​នាក់ ត្រូវ​រង់ចាំ​ការសម្រេច​ពី ស្ថានទូត​សាមី​។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ មាន​រថយន្ត​មួយគ្រឿង បាន​បើក​សំដៅ​ឆ្ពោះទៅ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដែល​ក្នុងនោះ ធ្វើដំណើរ​ដោយ ជនជាតិ​ចិន ពីរ​នាក់ និង​អ្នកបើកបរ ជា​ជនជាតិខ្មែរ​។ លុះដល់​ចំណុច​ប្រហែល ១៥០ ម៉ែត្រ ពី​ទំនប់ ស្រាប់តែ​រថយន្ត បាន​ជ្រុល​ធ្លាក់ចូល​ក្នុង​ជ្រោះ​តែម្តង​។ ករណីនេះ អាច​បណ្តាលមកពី​អ្នកបើកបរ មើលផ្លូវ​មិនឃើញ ព្រោះ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​។ រថយន្ត​ដែល​ធ្លាក់ចូល​ជ្រោះ​នោះ ប្រភេទ​ទួរីស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AH.8437 ត្រូវបាន​ប្រទះឃើញ នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែកញ្ញា ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ ពី​ចំណុចកើតហេតុ​។ ប៉ុន្តែ​ជនរងគ្រោះ​ទាំងបី​នាក់ នៅ​បាត់​ខ្លួន ទើប​សមត្ថកិច្ច បន្ត​ស្វែងរក និង​ដាក់​កម្លាំង​ប្រចាំការ តាម​ដង​ជ្រោះ​ទឹកឈូ រហូត​ប្រទះឃើញ នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា​នេះ​៕ V / N