ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថា នៅចុងខែកញ្ញា ឆ្នាំ ២០២២ នេះ កម្ពុជាបានទាក់ទាញគម្រោង កសាងរោងចក្រសរុបចំនួន ៤ បន្ថែម ។

ប្រភពដដែលបានឲ្យដឹងថា រោងចក្រទី១ គឺ នឹងដំណើរការដោយក្រុមហ៊ុនឈ្មោះ YURA HARNESS (CAMBODIA) CO., លើគម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

ប្រភពដដែលបានបន្តថា រោងចក្រទី២ ស្នើរដោយក្រុមហ៊ុន RISE STEADY FOOTWEAR MATERIAL (CAMBODIA) CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៨កន្លែង។

ប្រភពដដែលបានបន្ថែមថា សម្រាប់គម្រោងទី ៣ គឺ ដំំណើរការដោយក្រុមហ៊ុន ដែលមានឈ្មោះថា TWHQ GARMENTS CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៨ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។

ប្រភពដដែលបានបន្ថែមថា សម្រាប់ក្រុមហ៊ុនចុងក្រោយ គឺ នឹងដំណើរការដោយក្រុមហ៊ុន COBEST (CAMBODIA) FIRST GARMENT CO., LTD” លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥០កន្លែង។ N