ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​មជ្ឈមណ្ឌល​អប់រំ​មួយ​ក្នុង​រដ្ឋធានី​របស់​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​បាន​សម្លាប់​មនុស្ស​១៩​នាក់​នៅ​ពេល​សិស្ស​ត្រៀម​​ប្រឡង​ចូលរៀន​សកល​វិទ្យាល័យ​។​

​ប៉ូលិស​បាន​និយាយថា ការផ្ទុះ​បាន​កើតឡើង​នៅ​សង្កាត់​ខាងលិច​ក្រុង​កា​ប៊ុល ដែល​ជា​តំបន់​សំបូរ​ពួក​អ៊ីស្លាម​ហាហ្សា​រ៉ាស​(Hazaras)​និកាយ​ស៊ី​អាយ​រស់នៅ​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោក ខា​លី​ត ហ្សា​ដ្រា​ន​(Khalid Zadran)​បាន​និយាយថា «​ពួក​សិស្ស​កំពុង​ត្រៀមប្រឡង​នៅពេល​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​វាយប្រហារ​មជ្ឈមណ្ឌល​អប់រំ​នេះ​។​មនុស្ស​១៩​នាក់​បាន​ស្លាប់​និង​២៧​នាក់​រងរបួស​»​។​

​សមាជិក​ក្រុមគ្រួសារ​សិស្ស​បាន​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ខណៈ​ឡានពេទ្យ​បាន​ដឹក​អ្នករងរបួស​ទៅដល់​បន្តបន្ទាប់ និង​ចេញ​បញ្ជីរ​ឈ្មោះ​អ្នក​ស្លាប់​និង​របួស​បិទ​ជាប់​ជញ្ជាំង​ពេទ្យ​។​តែ​កងកម្លាំង​តា​លី​បង់​​បាន​បង្ខំ​អោយ​សមាជិក​ក្រុមគ្រួសារ​ជនរងគ្រោះ​ចាកចេញ​ពី​មន្ទីរពេទ្យ​យ៉ាង​តិច​មួយ ដោយ​ខ្លាច​មាន​ការ​វាយប្រហារ​លើ​ហ្វូងមនុស្ស​។​

​សាច់ញាតិ​ជនរងគ្រោះ​ប្រញាប់​ទៅ​កាន់​កន្លែងកើតហេតុ​និង​ទៅ​មន្ទីរពេទ្យ​

​ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​ឡានពេទ្យ​ទៅកាន់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​សុក្រ​

​សូមបញ្ជាក់​ថា ក្រុម​តា​លី​បង់​បាន​វិល​មក​កាន់​អំណាច​នៅ​អា​ហ្វ​ហ្គានី​ស្ថានវិញ​កាលពី​ឆ្នាំមុន​ដោយ​បញ្ចប់សង្គ្រាម​ចំណាស់​ពីរ​ទសវត្សរ៍ និង​កាត់បន្ថយ​អំពើហិង្សា​ច្រើន តែ​សន្តិសុខ​ចាប់ផ្តើម​យ៉ាប់យ៉ឺន​ទៅ​​នៅ​ប៉ុន្មាន​ខែ​មកនេះ​។​

​ពួក​អ៊ីស្លាម​ហាហ្សា​រ៉ាស ប្រឈម​ការ​ធ្វើទុក្ខបុកម្នេញ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដោយ​ក្រុម​តា​លី​បង់​ក៏​ត្រូវបាន​គេ​ចោទប្រកាន់​ថា​បាន​រំលោភ​លើ​ក្រុម​ជនជាតិ​ភាគតិច​នេះ​ពេល​ខ្លួន​កាន់​អំណាច​ដំបូង​​រវាង​ឆ្នាំ​១៩៩៦ និង​២០០១​។​ការចោទប្រកាន់​បែប​នេះ​ក៏​កើត​មាន​ជា​ថ្មី​នៅ​ពេល​ក្រុម​នេះ​ចូល​កាន់​អំណាច​ឡើង​វិញ​។​

​ពួក​ហាហ្សា​រ៉ាស​ក៏​តែងតែង​ជា​គោលដៅ​វាយប្រហា​ររបស់​សត្រូវ​ពួក​តា​លី​បង់ គឺ​ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម​។​កាលពី​ឆ្នាំមុននៅមុន​ក្រុម​តា​លី​បង់​ចូល​កាន់​អំណាច មនុស្ស​៨៥​នាក់​ត្រូវបាន​សម្លាប់​និង​ប្រមាណ​៣០០​នាក់​រងរបួស​នៅ​ពេល​គ្រាប់បែក​បី​ផ្ទុះ​នៅ​ក្បែរ​សាលារៀន​របស់​គេ​។​មិន​មាន​ក្រុម​ណា​អះអាង​ទទួលខុសត្រូវ​ទេ តែ​មួយ​ឆ្នាំ​មុន ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហា​រលើ​​មជ្ឈមណ្ឌល​មួយ​ក្នុង​សង្កាត់​ដដែល ដោយ​បាន​សម្លាប់​មនុស្ស​២៤​នាក់​៕