​ដោយៈ​ប​.​ខុន​/​ភ្នំពេញ​៖​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​ថ្ងៃទី​៣០​ខែកញ្ញា​បាន​ឡើង​ថែម​កម្ពស់​១,២៧​ម៉ែត្រ​និង​នៅ​ខេត្តក្រចេះ​បាន​ឡើង​ថែម​១,៣១​ម៉ែត្រ​តែ​ឡើង​មិនទាន់​ដល់​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​ទេ​ខណៈពេល​ទឹក​បឹង​ទន្លេសាប​បាន​ឡើងដល់​កម្ពស់​៧,០៤​ម៉ែត្រ​។​

​តាម​ព្រឹត្តិ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹក​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សម្រាប់​ថ្ងៃទី​៣០​ខែកញ្ញា​បានបង្ហាញ​ឱ្យឃើញថា​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​មាន​កម្ពស់​៩,៨២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​១,២៧​ម៉ែត្រ​,​នៅ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​១៩,៧៨​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​១,៣១​ម៉ែត្រ​,​នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១២,៨២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,៣៩​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៨,៥៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,១១​ម៉ែត្រ​,​នៅ​អ្នក​លឿង​ទឹក​មាន​កម្ពស់​៦,១២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៤​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៧,២៦​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៣​ម៉ែត្រ​,​នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៧,៧០​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៦​ម៉ែត្រ​,​នៅ​បឹង​ទន្លេសាប​ក្រគរ​កំពង់ហ្លួង​ទឹកបាន​ឡើងដល់​កម្ពស់​៧,០៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៩​ខែកញ្ញា​០,០៣ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​សម្រាប់​ថ្ងៃទី​២​ខែតុលា​ថា​ទឹកទន្លេ​មេគង្គ​នៅ​ខេត្ត ស្ទឹងត្រែង​អាច​ឡើងដល់​កម្ពស់​១០,០៣​ម៉ែត្រ​,​នៅ​ខេត្តក្រចេះ​ទឹក​អាច​ឡើងដល់​កម្ពស់​២១​ម៉ែត្រ​,​នៅ​ថ្ងៃទី​៣​ខែតុលា​,​នៅ​ខេត្តកំពង់ចាម​ទឹក​អាច​ឡើងដល់​កម្ពស់​១៤,៣២​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​ចតុមុខ​ទឹក​អាច​ឡើងដល់​កម្ពស់​៩,៣៥​ម៉ែត្រ​,​នៅ​អ្នក​លឿង​ទឹក​អាច​ឡើងដល់​កម្ពស់​៦,៧២​ម៉ែត្រ​,​នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក​អាច​ឡើងដល់​កម្ពស់​៧,៨៣​ម៉ែត្រ​,​នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​អាច​ឡើងដល់​កម្ពស់​៨,២៨​ម៉ែត្រ​។​
​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅ​ស្ទឹងត្រែង​នៅ​កម្ពស់​១០,៧០​ម៉ែត្រ​,​ខេត្តក្រចេះ​នៅ​កម្ពស់​២២​ម៉ែត្រ​,​ខេត្តកំពង់ចាម​នៅ​១៥,២០​ម៉ែត្រ​,​ភ្នំពេញ​នៅ​កម្ពស់​១០,៥០​ម៉ែត្រ​,​អ្នក​លឿង​នៅ​កម្ពស់​៧,៥០​ម៉ែត្រ​,​ទន្លេបាសាក់​កោះ​ខែល​នៅ​កម្ពស់​៧,៩០​ម៉ែត្រ​,​ទន្លេសាប​ព្រែក​ក្តាម​នៅ​កម្ពស់​៩,៥០​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ដែល​នឹង​ហក់​ឡើង​ខ្លាំង​នៅពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦​ឈ្មោះ​ណូ​រុ (NORU) ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​មកលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម​និង​ប្រទេស​
​កម្ពុជា​។​

នៅក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​អាកាសធាតុ​បាន​នឹង​កំពុងមាន​ការប្រែប្រួល​ដែល​កើតឡើង ដោយសារ​ឥទ្ធិពល​របស់​ព្យុះ​ទី​១៦​ឈ្មោះ​ណូ​រុ មកលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម​និង​កម្ពុជា​ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅក្នុង​អាង​ទន្លេមេគង្គ​ដែលមាន​ទឹក​ច្រើន​ស្រាប់ ។
​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​ស្ថានភាព​បែប​ខាងលើនេះ​នឹងធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ក្នុង​រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ​ខាងមុខ​ជាពិសេស​នៅ​ភាគ​ខាងលើ​នៃ​ប្រទេស​កម្ពុជា​មានដូចជា​ខេត្តស្ទឹងត្រែង ទឹកនឹង​អាច​ឡើងដល់​កម្ពស់​១០,០០​ម៉ែត្រ​,​នៅ​ខេត្តក្រចេះ​ទឹកនឹង​អាច​ឡើងដល់​កម្ពស់​២១,០០​ម៉ែត្រ​និង​នៅ​ខេត្តកំពង់ចាម​ទឹកនឹង​អាច​ឡើងដល់​កម្ពស់​១៤,៣០​ម៉ែត្រ​,​នៅ​ស្ថានីយ​ជល​សាស្ត្រ​ភ្នំពេញ​-​ចតុមុខ ទឹក​អាច​ឡើងដល់​កម្ពស់​៩,៤០​ម៉ែត្រ ។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ទឹកទន្លេ​ដែល​បាន​ហក់​ឡើង​នាពេលនេះ​នៅ​មិនទាន់​ដល់ កម្រិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ​តែ​ទឹក​អាច​នឹង​ហូរ​ចូល​លិច​តំបន់​ទំនាប​មួយចំនួន​អម​តាម​ដង​ទន្លេ​និង​បន្ត​ហូរ​ចូល​តាម​បណ្តា​ព្រែក​បន្ថែមទៀត ។ នៅ​ភាគ​ឦសាន​ទឹកទន្លេ​សេកុង​កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​។​

​ក្រសួង​បាន​រំលឹកថា សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន​និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​៕​សរន​​ / N