​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បានឱ្យដឹង នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នេះ​ថាៈ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ជិត ២០ គ្រួសារ ក្នុងចំណោម​ជិត ៧០ គ្រួសារ នៅ​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ បាន​ត្រូវ​ជម្លៀស ចេញពី​លំនៅដ្ឋាន ទៅកាន់​ទីទួល​សុវត្ថិភាព ។​

​លោក​អភិបាលស្រុក​ម៉ាឡៃ បាន​រំលឹក​ឱ្យដឹងថាៈ កាលពី​ល្ងាចម្សិលមិញ លោក​បាន​ដឹក នាំ​កងកម្លាំង និង​ក្រុមការងារ ចុះ​ផ្ទាល់​តាម​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ ទឹកជំនន់​ទឹកភ្លៀង ចំនួន ៦៩ គ្រួសារ ក្នុងនោះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ជម្លៀស ពលរដ្ឋ​ចំនួន ១៧ គ្រួសារ ស្ថិតក្នុង​ឃុំ​បឹងបេង និង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅកាន់​ទីទួល​សុវត្ថិភាព ។​

​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ ៨១៥ ដឹកនាំ​កម្លាំង​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ ចេញ​ប្រតិបត្តិ​ការជួយ ជម្លៀស​ពលរដ្ឋ​ស្រុក​ម៉ាឡៃ តាម​ព្រំដែន​កម្ពុជា​-​ថៃ ចេញពី​ទឹកជំនន់ មកកាន់​ទីទួល សុវត្ថិភាព នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ​។ នេះ​ជាការ​អនុវត្តន៍​តាម​បទបញ្ជា និង​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ។​

​ឯ​លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ បាន​ដឹកនាំ​កម្លាំង​ចុះជួយ​ជម្លៀស​ប្រជាពលរដ្ឋ ជញ្ជូន​ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម នៅតាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា ថៃ ក្នុង​ឃុំ​បឹងបេង និង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅកាន់​ទីទួល​សុវត្ថិភាព​ដែរ ។​

​ចំណែក​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បំពេញការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ស្រុក​ម៉ាឡៃ នៅ​ថ្ងៃទី​៣០ ខែកញ្ញា បាន​ទៅពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​ឃុំ​បឹងបេង នោះដែរ ។​

​សូមបញ្ជាក់ថា លំនៅឋាន និង​ពលរដ្ឋ ដែល​រងគ្រោះ នៅ​ឃុំ​បឹងបេង និង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ នាពេលនេះ បង្ក​ពី​ជំនន់​ទឹកភ្លៀង ស្រុង​ចុះ​ពី​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​មួយ​ភាគ​ទៀត ជា​ទឹក​ហូរ​ធ្លាក់​មកពី​ប្រទេស​ថៃ​។​

​មន្ត្រី​បានឱ្យដឹងថាៈ លុះ​មកដល់​រសៀល ថ្ងៃទី​៣០ ខែកញ្ញា ស្ថានភាព​ទឹកជំនន់ ពាក់កណ្តាល​ផ្លេកបន្ទោរ​នេះ បាន​ស្រក​ខ្លះ​វិញ​បណ្តើរៗ​ហើយ​៕ V / N