ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមការងារស្រ្តី យុវជន យេនឌ័រ និងកុមារ នៃក្រសួងបរិស្ថានបាន រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣ ។

ថ្លែងទៅកាន់អង្គពិធីនាទីស្ដីការក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលមានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសយេនឌ័រ គណៈកម្មការសម្របសម្រួលបច្ចេកទេសកុមារតូចវិស័យបរិស្ថាន និងសហភាពសហព័ន្ធយុវជនវិស័យបរិស្ថាន ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលការងារល្អប្រសើរ ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក តាមរយៈកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារតាមជំនាញ។

ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់បន្ថែមថា ក្រុមការងារទាំងបួន (ស្រ្តី យុវជន យេនឌ័រ និងកុមារ) បានសហការគ្នាល្អក្នុងការអនុវត្តការងារ និងបានឱ្យតម្លៃគ្នាទៅវិញទៅមកដែលជាគុណប្រយោជន៍ដើម្បីសម្រេចគោលដៅរួម។

ទាក់ទិនក្នុងរឿងនេះដែរ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការ បានថ្លែងថា បញ្ហាយេនឌ័រមិនមែនគ្រាន់តែផ្ដោតលើវិសមភាពរវាងបុរស និងស្រ្ដី តែក៏គិតគូរផងដែរលើការគាំទ្រ និងបង្កឱកាសដល់កុមារា កុមារី យុវជន និងក្រុមងាយរងគ្រោះ ឱ្យទទួល បានសិទ្ធិ និងផលប្រយោជន៍គ្រប់ៗគ្នា។ ជាក់ស្ដែង ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ចំនួន៣លើក រួចមកហើយចាប់តាំងពីឆ្នាំ២០០៩មក៕/R