​​ដោយៈ ហ៊ាន ពិសី /ភ្នំពេញ៖ខ្ញុំ​ឈ្មោះ មាស វេន អាយុ​៦៨​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​​មានជ័យ។ខ្ញុំត្រូវខ្មែរក្រហម ជ្រើសរើស​ឲ្យ​ចូល​ធ្វើជា​ពេទ្យ​តាំងពី​ឆ្នាំ​១៩៧៣​។

ខ្ញុំ​រៀន​វិជ្ជាពេទ្យ​នៅ​មន្ទីរ​ពាមជីកង​ដោយមាន​ឈ្មោះ យ៉ា​ត គឺជា​អ្នក​បង្រៀន ហើយ​មានឈ្មោះ វេន និង សម គឺជា​ប្រធាន​ពេទ្យ​នៅ​ទីនោះ​។ ការរៀន​គឺ​ទៅតាម​ផ្នែក​ផ្សេងៗ​ពីគ្នា​ចំណែក​ខ្ញុំ​នៅ​ខាង​ផ្នែក​ផ្សំ​ថ្នាំ និង​ចាក់​ថ្នាំ​។ ការព្យាបាល​នៅ​អំឡុង​ពេលនោះ​យើង​មាន​ថ្នាំពេទ្យ គឺ​មិនមាន​ថ្នាំបុរាណ​ទេ ហើយ​អ្នកជំងឺ​ភាគច្រើន ឈឺ​គ្រុនផ្ដាសាយ ក្ដៅខ្លួន ឬ​របួស​តិចតួច​ពុំ​សូវ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​១៩៧៤ ខ្មែរក្រហម​បញ្ជូន​ក្រុម​ពេទ្យ​ឲ្យ​មក​ព្យាបាល​ខាង​ភ្នំ​បាសិត ព្រោះ​នៅ​ទីនោះ​កងទ័ព​របួស​ច្រើនណាស់​ដោយសារ​សង្គ្រាម​។ ក្រុមគ្រូពេទ្យ​ត្រូវធ្វើ​ការ​ឆ្លាស់គ្នា​ដើម្បី​សែង​អ្នករបួស​ដែល​បញ្ជូន​មកពី​សមរ​ភូមិ​មុខ​។ អ្នកខ្លះ​របួសស្រាល ខ្លះ​របួសធ្ងន់​រហូត​ដាច់​ដៃជើង​ក៏មាន​។

មាស វេន ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ហ៊ាន ពិសី បុគ្គលិកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​លុះដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពេល​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​នៅ​ទីក្រុង​ភ្នំពេញ ខ្ញុំ​ត្រូវបាន​ផ្លាស់​ឲ្យ​មក​ធ្វើការ​នៅ​ឃ្លាំង​រដ្ឋ​ជិត​ស្ពាន​ជ្រោយចង្វារ​វិញ​។ អំឡុងពេល​ខ្ញុំ​ចូល​ទៅដល់​ក្នុង​ទីក្រុង​ភ្នំពេញ​ដំបូង​គឺ​ស្ងប់ស្ងាត់​ណាស់ គឺ​មានតែ​ក្រុម​យោធា​ដែល​ឈរ​យាម​នៅតាម​ផ្លូវ​ប៉ុណ្ណោះ​។ ចំណែក​ប្រជាជន​ត្រូវ​ជម្លៀសចេញ​អស់​។ ពេលទៅដល់​ឃ្លាំង​រដ្ឋ ខ្មែរក្រហម​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើការ​បោសសម្អាត​ជាមុនសិន​។ បន្ទាប់មក​ទើប​ខ្ញុំ​ឃើញ​មាន​ឡាន​ដឹក​អំបិល ស្រូវ កៅស៊ូ យកមក​ដាក់​ក្នុង​ឃ្លាំង​។ ស្រូវ​ទាំងអស់​ត្រូវ​កិន​ទៅជា​អង្ករ ហើយ​ជ្រើសរើស​យកតែ​អង្ក​រណា​ដែល​ល្អ​លេខ​មួយ​ទុក​សម្រាប់​បញ្ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន តាមរយៈ​កប៉ាល់​ធំៗ​។

ចំណែក​ការងារ​នារីៗ​គឺ​មិនសូវ​លំបាក​ទេ​នៅពេលនោះ ភាគច្រើន​គឺ​ជួយ​ជួស​បាវ​ណា​ដែល​ដាច់​រហែក ប្រសិនបើ​ខ្វះ​កម្លាំង​លើក​ស្រូវ​អង្ករ នារី​ជួយ​សែង​ខ្លះៗ​ដែរ​។ ខ្ញុំ​រស់​និង​ធ្វើការ​នៅ​ឃ្លាំង​រដ្ឋ​រហូតដល់​ឆ្នាំ​១៩៧៨ ទើប​ខ្មែរក្រហម​រៀបចំ​ឲ្យ​ខ្ញុំ​មាន​ប្តី និង​ក្រោយមក​មានកូន​ចំនួន​ពីរ​នាក់​។

​នៅ​ដើមឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​ចាប់ផ្ដើម​វាយលុក​ចូលមក​ប្រទេស​កម្ពុជា ខ្ញុំ​និង​គ្រ​សារ បាន​ភៀសខ្លួន​មក​រស់នៅ​ភ្នំ​ដងរែក​ដែលមាន តា​ម៉ុក គឺជា​អ្នកគ្រប់គ្រង​និង​ផ្គត់ផ្គង់​ស្បៀងអាហារ​។ ចាប់ពីពេលនោះ​មក​ស្ត្រីៗ​ណា​ដែលមាន​គ្រួសារ និង​មានកូន​ត្រូវ​នៅ​សមរភូមិ​ក្រោយ​ដើម្បី​ថែទាំ​កូន​។ ចំណែក​អ្នក​នៅ​លីវ​គឺ​ជួយ​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់​ឲ្យ​កងទ័ព​នៅ​សមរភូមិ​មុខ​ទៅតាម​សមត្ថភាព​ដែល​ខ្លួន​អាចធ្វើ​បាន​ដោយ​ពុំមាន​ការបង្ខិតបង្ខំ​ឡើយ​។ នៅ​ឆ្នាំ​១៩៨៩ ទើប​ខ្ញុំ​និង​គ្រួសារ​ចុះមក​រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ​។ ចំណែក​ប្ដី​របស់ខ្ញុំ​ដែលជា​កងទ័ព​នៅ​តស៊ូ​ជាមួយ​ខ្មែរក្រហម​នៅ​អន្លង់វែង​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់មក​គាត់​ឈប់​ពី​កងទ័ព​មក​រស់នៅ​ជុំ​គ្រួសារ​វិញ​៕សរន


មាស វេន និងចៅស្រី នៅពេលចូលរួមវេទិកាប្រវត្តិសាស្រ្តគ្រួសារ នៅខែកញ្ញា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)